ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ត្រីស៊ាប មេងស៊ាង នាយរងការិយាល័យអភិវឌ្ឍន៍កងពលធំអន្តរាគមន៍លេខ២បានដកកាំភ្លើងខ្លីបាញ់ទៅលើបុរសម្នាក់បណ្តាលឱ្យបាក់ភ្លៅខាងឆ្វេង និងរបួសប្រអប់ជើងខាងឆ្វេង ដោយសារតែបុរសរូបនោះបានយកដំបងវាយមកលើរូបលោក។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៦ មេសា ២០១៤ ។ លោកវរសេនីយ៍ត្រី ស៊ាប មេងស៊ាង បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១១យប់ ថ្ងៃទី៥ មេសា ២០១៤ លោកឮសូរឆ្កែព្រូសក្បែរផ្ទះ បន្ទាប់មកលោកបានចេញមកមើលឃើញបុរសម្នាក់ដើរនៅក្បែរផ្ទះដោយដៃកាន់ដបទឹកបរិសុទ្ធមួយដប លុះព្រឹកឡើងស្រាប់តែរថយន្តរបស់លោកដែលចតនៅមុខផ្ទះបែកកញ្ចក់ទ្វារខាងឆ្វេង ហើយស្រោមកាំភ្លើងដែលទុកក្នុងរថយន្តឃើញចោលនៅមុខផ្ទះរបស់លោក ចំណែកបុរសនោះបានឈរនៅទីនោះដដែល។
លោកវរសេនីយ៍ត្រីបន្តថា ឃើញដូច្នេះលោកបានទៅប្តឹងប៉េអឹមស្រុកឱ្យចុះមកអន្តរាគមន៍ ស្រាប់តែបុរសនោះបានទាញដំបងជ្រុងប្រវែង១ម៉ែត្រស្ទុះមកវាយលោក លោកក៏បានទាញកាំភ្លើងខ្លីបាញ់គំរាមចំនួន៣គ្រាប់ បុរសនោះនៅតែស្ទុះមកវាយលោកទៀត ពេលនោះលោកក៏បាញ់ចំនួន២គ្រាប់ទៀតត្រូវចំភ្លៅខាងឆ្វេង និងប្រអប់ជើងខាងឆ្វេងរបួសធ្ងន់ ចំណែករូបលោករងរបួសស្រាល។
លោកអនុសេនីយ៍ទោ ហើុន សំបោន ទទួលផ្នែកព្រហ្មទណ្ឌប៉េអឹមស្រុកអន្លង់វែងបានឱ្យដឹងថា បុរសដែលត្រូវលោកវរសេនីយ៍ត្រីស៊ាប មេងស៊ាង បាញ់បាក់ភ្លៅនោះឈ្មោះស៊ឹម សល ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាបនាព្រឹកថ្ងៃដដែល។
សមត្ថកិច្ចពុំទាន់មានចំណាត់ការបែបណានៅឡើយទេ ជុំវិញហេតុការណ៍នេះ៕
ចែករំលែកព័តមាននេះ