ខេត្តស្ទឹងត្រែង ៖ ស្ពានបេតុងចំនួនពីរកន្លែង ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមជំនាញស្ថាបនាសម្រេចបាន៦០% ។ គេរំពឹងទុកថា ស្ពានបេតុងពីរកន្លែងខាងលើ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជំនួសស្ពានឈើដែលទ្រុឌទ្រោម នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួល។
បើតាមការឲ្យដឹងពីលោក សរ គឹមណាត ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានលើកឡើងថា ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការងារអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានក្រសួងសារធារណៈការ និងដឹកជញ្ជូនជាសេនាធិការឲ្យរាជរដ្ឋាភិបាល ទើបធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តស្ទឹងត្រែងបានរីកដុះដាលជាច្រើនពិសេសតាម ក្រុង ស្រុក និងតាមមូលដ្ឋាន ។
លោកបន្ថែមថា ចំពោះសមិទ្ធផលស្ពានបេតុងចំនួនពីរកន្លែងក្នុងស្រុកសេសាន ដែលបច្ចុប្បន្នកំពុងស្ថាបនាសម្រេចបានរហូតដល់៦០ភាគរយហើយនេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាលដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកសេសាន ។
ក្នុងការចុះពិនិត្យការដ្ឋានខាងលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់បន្ថែមទៀតនិងសម្រេចអោយបាន ១០០ភាគរយក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេក ទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាព្រោះស្ពានបេតុងដែលនឹងស្ថាប នាហើយត្រូវតែប្រើប្រាស់បានយូរ អង្វែងដល់ជំនាន់ក្រោយៗ។
បន្ថែមលើនេះលោកអភិបាលខេត្តបានស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅសង់ខាងផ្លូវមួយនេះ ធ្វើយ៉ាងណា ចេះជួយថែរក្សាផ្លូវនិងស្ពាន ដែលជាចំណងដៃថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឲ្យប្រជាជនកូនចៅ របស់សម្តេច ដែលអាស្រ័យផលលើផ្លូវនិងស្ពាននេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ