ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណីតប្រភេទនាងនួនចំនួន៣០ដុំធំ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថប៉ុស្តិ៍សន្តិសុខលេខ៥០០ស្ទាក់ចាប់បាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ មីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិចំការស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខណៈដែលឈើទាំងនោះត្រូវបានជនល្មើសដឹកតាមរថយន្តហ៊ីយ៉ាន់ដាយពណ៌ស គ្មានស្លាកលេខមួយគ្រឿង បង្កប់ក្រោមបាវអង្កាម២០បាវបន្លំភ្នែកសមត្ថកិច្ច។
មន្ត្រីកងរាជអាវុធហត្ថប៉ុស្តិ៍សន្តិសុខលេខ៥០០បានឱ្យដឹងថា តាមផែនការរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងកិច្ចការពារសណ្តាប់ធ្នាប់ សន្តិសុខទប់ស្កាត់ការបះបោរធ្វើបាតុកម្ម កាលពីវេលាព្រឹកថ្ងៃទី០៣ មីនា មន្រ្តីកងរាជអាវុធហត្ថប៉ុស្តិ៍សន្តិសុខ៥០០ បានចេញល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏បានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស អត់ស្លាកលេខ បើកបរពីជើងទៅត្បូងគួរឱ្យសង្ស័យនិងបានរាយការណ៍ជូនលោកមេបញ្ជាការ និងលោកព្រះរាជអាជ្ញាខេត្ត សុំស្ទាក់ឃាត់ដើម្បីធ្វើការត្រួតពិនិត្យ ។ ពេលស្ទាក់ជាប់ អ្នកបើកបររថយន្តនិងព្រូបានឈប់ហើយចុះរត់គេចខ្លួនបាត់តែម្តង ហើយពេលសមត្ថកិច្ចឆែកឆេរនៅក្រោមបាវអង្កាម២០បាវរកឃើញឈើប្រណីតចំនួន៣០ដុំ។
ប្រភពឱ្យដឹងទៀតថា តាមបញ្ជារបស់ថ្នាក់លើ ឈើប្រណីតនិងរថយន្តល្មើសនេះត្រូវបានញ្ជូនប្រគល់ឱ្យនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ