ខេត្តបន្ទាយមានជ័យ ៖ មហន្តរាយនៃគ្រោះធម្មជាតិ ខណៈមានភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនត្រឹមតែលំនៅឋានពលរដ្ឋរាប់សិបខ្នងត្រូវដួលរលំបាក់ និងខ្លះប៉ើងដំបូលនោះទេ សូម្បីតែផ្ទាំងថ្មប្រាសាទបន្ទាយឆ្មារមួយចំនួន ក៏ត្រូវបាក់ដែរ ខណៈពេលមេឃមានភ្លៀងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ មេសា ។
តាមមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ខ្យល់បានកួចបោកបំបាក់ផ្ទាំងថ្មប្រាសាទបន្ទាយឆ្មារ អស់ចំនួន២៤៧ដុំ ស្មើនឹងប្រវែង១៥ម៉ែត្រ ។ លោកវរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក ឱ្យដឹងថា ផ្ទាំងថ្មប្រាសាទបន្ទាយឆ្មារ ដែលរងការខូចខាតបាក់ធ្លាក់រាយប៉ាយពេញដីអស់ចំនួន២៤៧ដុំ គឺស្ថិតនៅចំណុចខាងឦសាន ជាកន្លែងដំណាក់ស្តេចចិន ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ឱ្យខិតខំយកចិត្តទុកដាក់ថែរក្សាផ្ទាំងថ្មប្រាសាទបន្ទាយឆ្មារ ដែលរងនូវការខូចខាតទាំងអស់នោះ មិនឱ្យមានការបាត់បង់សូម្បី១ដុំឡើយ ។
លោកអធិការនគរបាលស្រុកថ្មពួក ឱ្យដឹងទៀតថា លោកបានចាត់ឱ្យកម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ជួយការពារជារៀងរាល់ថ្ងៃ មិនឱ្យមានការបាត់បង់សូម្បីតែ១ដុំណាឡើយ រង់ចាំមន្ត្រីជំនាញផ្នែកវប្បធម៌ មករៀបចំចាត់ចែងជួសជុលឡើងវិញ ។ ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ជិតព្រំដែនថៃ ។ ប្រាសាទនេះលាតសន្ធឹងលើបរិវេណដែលមានព្រៃដុះព័ទ្ធជុំវិញ ប៉ុន្តែមិនទាន់មានការអភិរក្ស និងជួសជុលឱ្យបានគត់មត់នៅឡើយទេ ។ ប៉មប្រាសាទ ស្ថិតនៅក្នុងព្រៃពិតជាធំធេង និងគួរឱ្យភ្ញាក់ផ្អើល ដែលបានថែរក្សាចម្លាក់យ៉ាងល្អ ។
ប្រាសាទបន្ទាយឆ្មារ ត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទិវង្គត ក្នុងចម្បាំងជាមួយចម្ប៉ា ។ សមរភូមិរវាងខ្មែរ និងចាម ត្រូវបានពណ៌នាដោយចម្លាក់ក្នុងប្រាសាទបន្ទាយឆ្មារ នេះ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល៧០គីឡូម៉ែត្រ ភាគខាងជើងក្រុងសិរីសោភ័ណ ។
ប្រាសាទបន្ទាយឆ្មារកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខាងជើងទីប្រជុំជនខេត្តជិត៦០គីឡូម៉ែត្រ ភាគពាយ័ព្យប្រទេសកម្ពុជា ។ គោលបំណងនៃការកសាង គឺដើម្បីឧទ្ទិសដល់វីរភាពនៃព្រះរាជបុត្រឆ្នើមរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី និងសញ្ជក (សេនាជំនិត) ៤រូបដែលបានបូជាជីវិតក្នុងចម្បាំងបង្ក្រាបការបះបោររបស់ពួកចាម ។ រូបចម្លាក់អវលោកិតិស្វរៈប្រាសាទនេះ នាបច្ចុប្បន្ន ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ យកជានិមិត្តរូបខេត្ត ។ រូបចម្លាក់នៅជញ្ជាំងខាងលិចជ្រុងខាងជើងនៃប្រាសាទនេះ គឺបង្ហាញពីព្រះរាជបុត្រស្រិន្ទ្រកុមារ ទ្រង់គង់បររាជរថឧសភរាជយ៉ាងលឿនឆ្ពោះទៅមុខ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ប្រាសាទបន្ទាយឆ្មារកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺឧទ្ទិសដល់ព្រះរាជបុត្រស្រិន្ទ្រកុមាររបស់ទ្រង់ និងមេទ័ព៤នាក់ទៀតដែលបូជាជីវិតក្នុងសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ា ។ ប្រាសាទបន្ទាយឆ្មារមានស្ថាបត្យកម្មក្នុងរចនាបថបាយ័ន ។ ប្រាសាទនេះមានផ្ទៃបរិវេណសរុបដល់ទៅ៩គីឡូម៉ែត្រការ៉េ មានកសិ្សណទទឹង៦៥ម៉ែត្រព័ទ្ធជុំវិញ មានផ្លូវចូលគ្រប់ទិសធំដូចក្រុមប្រាសាទអង្គរធំដែរ ដោយមានរូបចម្លាក់យក្ស និងទេវតាទាញព្រ័ត្រ ។ កំពែងព័ទ្ធជុំវិញមានប្រវែង៨០០ម៉ែត្រ (ពីកើតទៅលិច) និង៦០០ម៉ែត្រ (ពីជើងទៅត្បូង) ។ តួប្រាសាទមានទំហំ២៥០ម៉ែត្រ គុណ១៩០ម៉ែត្រ ក្រៅពីចម្លាក់ស្តីពីចម្បាំងជាមួយនឹងប្រទេសចម្ប៉ា សកម្មភាពគ្រប់វិស័យ ទំនាក់ទំនងការទូត ពាណិជ្ជកម្ម វប្បធម៌ ជាមួយនឹងប្រទេសក្រៅនោះ ចម្លាក់មាននិយាយពីសកម្មភាពខាងពុទ្ធសាសនាមហាយាន ។
កស្សិណទឹកព័ទ្ធជុំវិញប្រាសាទ ចាត់ជាបារាយណ៍ដ៏ធំមួយ ហើយនៅបរិវេណខាងក្រៅព័ទ្ធជុំវិញប្រាសាទនេះ មានប្រាសាទចំនួន៩ទៀត ។ នៅខាងកើតប្រាសាទ មានធម្មសាលាមួយដែលសិលាចារឹកថា ជាកន្លែងបូជាសព និងឆ្ងាយពីនោះមានបារាយណ៍មួយទំហំ១.៦០០ម៉ែត្រ គុណ៧៥០ម៉ែត្រ នៅទិសខាងកើត ដែលឥឡូវស្ងួតរីងទឹកអស់ និងមានប្រាសាទមួយឈ្មោះមេបុណ្យនៅកណ្តាល ។ ប្រាសាទមេបុណ្យ គេកសាងឡើងតាមព្រះតម្រិះព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះមាតាទ្រង់ ដែលបានសោយទិវង្គត ព្រោះតែកើតទុក្ខនឹងព្រះអង្គ និងចៅ (ព្រះស្រិន្ទ្រកុមារ) កាលនាំទ័ពទៅច្បាំងនឹងប្រទេសចម្ប៉ា ៕
ចែករំលែកព័តមាននេះ