ខេត្តបាត់ដំបង ៖ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង គឺជាតំបន់ឆ្នួនផ្ទុះនៃសង្គ្រាមក្នុងស្រុកកន្លងមក ហើយក៏មិនដែលមានផ្លូវថ្នល់ក្រាលកៅស៊ូបានទៅដល់ជាច្រើនសម័យកន្លងមក ទើបតែពេលនេះ ដោយសាររាជរដ្ឋាភិបាលបានអនុវត្តន៍តាមគោលនយោបាយឈ្នះ ឈ្នះ បង្រួបបង្រួមជាតិ ជំរុញការអភិវឌ្ឍ រៀបចំតាមមូលដ្ឋានឲ្យប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ទីកន្លែង មានសិទ្ធិរស់នៅ មានកម្មសិទ្ធិកាន់កាប់ដីធ្លីធ្វើស្រែចំការ មានសាលារៀន វត្តអារាម សំខាន់ផ្លូវថ្នល់បានទៅដល់ គឺជាក្តីសង្ឃឹមរបស់ប្រជាជនដែលធ្លាប់រស់នៅតាមព្រៃភ្នំ ទទួលបានជីវភាពសមរម្យមួយកម្រិត ។

ដោយឡែកវត្តអារាមនៅតំបន់នោះ នៅមិនទាន់មានការកសាងទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទ ដែលតែងតែមានជំនឿទៅតាមវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនៅឡើយ។

បើតាមលោកទុយ ប៊ុនលី អតីតកងទ័ពនៅតំបន់នោះតាំងពីសម័យមានសង្គ្រាមកន្លងមក បានបង្ហាញទឹកចិត្តដែលប្រជាជនចង់បាននោះ គឺការសប្បាយរីករាយពេលមានបុណ្យទានម្តងៗ គឺតែងតែទៅជួបជុំគ្នានៅវត្តឧត្តមនី គីរីជុំ ហៅវត្តអូរតាទៀក ស្ថិតនៅភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរទៅតាមផ្លូវកៅស៊ូថ្មីទៅដល់ទីរួមស្រុកសំឡូត ។

ប្រភពដដែលបន្តថា ហើយវត្តអារាមនេះ ត្រូវចេញពីសាលាស្រុកទៅប្រហែល៣០គីឡូម៉ែត្រ តាមផ្លូវក្រាលក្រួសក្រហមឆ្លងកាត់អូរ និងឡើងចុះជម្រាលភ្នំ ដែលមានទេសភាពគួរឲ្យទាក់ទាញស្រឡាញ់វិស័យធម្មជាតិពិតៗ តាមបែបទេសចរណ៍ ។
បើតាមព្រះតេជគុណចៅអធិការវត្ត អូរតាទៀក ព្រះនាម អន គឹមលាន បានមានសង្ឃដីកាថា វត្តនេះ បានករកើតឡើងនៅឆ្នាំ១៩៩៩ ពីពុទ្ធបរិស័ទ ដែលចង់បានគោរពតាមបែបព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃគង់នៅតែចំនួន៣អង្គតែប៉ុណ្ណោះ សម្រាប់ពុទ្ធបរិស័ទ មកគោរពបូជា ពេលមានបុណ្យទានម្តងៗ ហើយក៏ជាទីកន្លែងមួយបានប្រមូលផ្តុំដល់ប្រជាជាតិ ដែលមានអ្នកនៅជិតបានមកដល់ អ្នកឆ្ងាយបានមកស្គាល់ តែងតែបានចូលជាបច្ច័យសម្រាម់ជួយទ្រទ្រង់វត្តនេះបានតិចតួចបំផុត សម្រាប់ចង្ហាន់ និងប្រើការផ្សេងៗក្នុងវត្តស្ទើរតែមិនគ្រប់គ្រាន់ ម្ល៉ោះហើយការកសាងវត្តគឺ២០ឆ្នាំកន្លងមកនេះ គឺដូចជានៅដដែល តែមិនដឹងធ្វើដូចម្តេច បើវត្តយើងនៅតំបន់ដាច់ស្រយាលដូច្នេះនោះ ។

លោកតាអាចារ្យ អ៊ុំ សៀន ប្រធានគណៈកម្មការវត្ត និងលោកស្រី ប្រាក់ រេត អនុប្រធាន បានបញ្ជាក់ថា យោងតាមស្ថានភាពជីវភាពប្រជាពលរដ្ឋនៅជុំវិញតំបន់ព្រៃភ្នំនេះ ភាគច្រើនជាអ្នកចំការ និងបងប្អូនកងទ័ពការពារទឹកដី ដែលមានថវិកាមករួមចំណែកធ្វើបុណ្យលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅមានកម្រិត ដែលមានពេលបុណ្យទានតូចធំម្តងៗ សល់បច្ច័យជាមធ្យម ពី១០ម៉ឺនរៀល ទៅ១លានរៀលតែប៉ុណ្ណោះ តែងសន្សំទុកកសាងវត្តបន្ថែម តែតម្រូវការជាក់ស្តែង គឺមិនគ្រប់គ្រាន់ឡើយ ដោយកែឆ្នៃបានគ្រាន់តែជើងសសរសាលាឆាន់រាប់ឆ្នាំមកហើយ គឺនៅតែជើងសសសរដដែល មិនអាចកើតបានជាសាលាឆាន់សោះ ។

នេះគឺជាលទ្ធភាពជាក់ស្តែង កុំថាឡើយដល់ព្រះវិហារ ព្រោះដូចឃើញស្រាប់ហើយ ព្រះវិហារឈើនេះតាំងពីកើតវត្តមក មានអាយុកាល២០ឆ្នាំមកហើយ គឺនៅតែឈើដដែល ដូច្នោះមានតែសុំអំពាវនាវដល់អ្នកមានធម៌ សប្បុរសជន ដែលមានចិត្តបុណ្យ សូមរួបរួមគ្នាជួយសាងជាកុសល លើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅទីនេះឲ្យមានកន្លែងសម្រាប់គោរពបូជាបានសមរម្យផង ហើយចំពោះកូនចៅពុទ្ធបរិស័ទ ដែលមានបំណងចង់មកបួសរៀនធម៌នៅទីនេះក៏មានតាមកម្រិតដែរ ព្រោះតែធានាមិនបានទាំងការស្នាក់នៅ និងចង្ហាន់ដែលមានតម្រូវការប្រចាំថ្ងៃរហូតកន្លងមក។ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ