រាជធានីភ្នំពេញ ៖ យោងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២ មេសា បានសំដែងនូវមតិជំទាស់ទៅនឹងព្រះរាជសារ របស់ព្រះមហាក្សត្រកម្ពុជា ដោយក្នុងលិខិតនោះ បានលើកទ្បើងថា រដ្ឋសភាបច្ចុប្បន្នគឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរទ្បើយ ហើយក៏ពុំអាចធ្វើជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានដែរ ព្រោះពុំមានតំណាងរាស្ត្រគ្រប់ចំនួន១២០រូប ចូលរួមប្រជុំក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រា៧៦នៃរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៤ បានសរសេរលិខិតមួយច្បាប់ទូលថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា យោងព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកបវសេនកាល នៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ចុះថ្ងៃទី១ មេសា ឆ្នាំ២០១៤ ក្នុងឋានៈទូលបង្គំ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះករុណាជាអម្ចាស់ទ្រង់ព្រះមេត្តាជ្រាបថា រដ្ឋសភា បច្ចុប្បន្នដែលត្រូវបានបង្កើតទ្បើងកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្ស ដែលមានតែតំណាងមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ មិនមែនតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ។
ក្នុងលិខិតដដែលរបស់លោកសម រង្ស៊ី ក៏បានទូលថ្វាយព្រះករុណាទៀតថា រដ្ឋសភាបច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរទ្បើយ ហើយក៏ពុំអាចធ្វើជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន១២០រូប ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រា៧៦នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ លោកសម រង្ស៊ី បានបញ្ជាក់ ក្នុងលិខិតដដែលថា ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានព្រះរាជតម្រិះ និងសម្រេចព្រះទ័យ មិនយាងចូលរួម ជាព្រះរាជាធិបតី ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៣ កាលពីឆ្នាំ២០០៣ ដោយហេតុថា ពុំមានតំណាងរាស្ត្រ មកពីគ្រប់គណបក្ស ដែលប្រជាពលរដ្ឋបោះឆ្នោតជូនចូលរួមបង្កើតរដ្ឋសភា នីតិកាលថ្មី ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល ។
ដូច្នេះ រដ្ឋសភាបច្ចុប្បន្នមិនមែនជារដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលទ្បើយ តែជារដ្ឋសភា ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ព្រះមេត្តាទទួលនូវកតញ្ញូតាធម៌ និងស្វាមីភក្តិដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ ។ យោងតាមខ្លឹមសារ នៃព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ មេសា ឆ្នាំ២០១៤ នៅក្នុងសម័យប្រជុំសាមញ្ញ រដ្ឋសភា លើកទី២ បានបង្ហាញពីព្រះទ័យរបស់ព្រះអង្គ តាមរយៈព្រះរាជសាររបស់ព្រះអង្គ ដោយសង្ឃឹមថា រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឱ្យបាននូវទិសដៅរួមរបស់កម្ពុជា ជាជំហានៗ ធានាបាននូវសង្គមមួយ ដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ។
ព្រះរាជសារ របស់ព្រះមហាក្សត្រ មានខ្លឹមសារថា រដ្ឋសភា ក្នុងនាមជាស្ថាប័ននីតិប្បញ្ញតិ្ត ដែលសមាជិកសភា គឺជាតំណាងដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសជាសកល ដោយសេរី និងដោយសម្ងាត់ មកពីមណ្ឌលផ្សេងៗគ្នា នៅទូទាំងប្រទេស ដើម្បីធ្វើជាតំណាងរបស់ខ្លួន ក្នុងរដ្ឋសភា ជាអ្នកផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល បានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព ។ ដោយកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នកំពូលៗ មាន ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ អង្គការអន្តរជាតិនានា និងអង្គការក្រៅរដ្ឋាភិបាល រដ្ឋសភា បានបំពេញការងារដោយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការតាក់តែង និងអនុម័តច្បាប់ ឱ្យសមស្របនឹងស្ថានភាពរបស់សង្គមជាតិយើង នាពេលបច្ចុប្បន្ន ស្របតាមបរិបទកម្ពុជា ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលក្លាយជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ។
ព្រះរាជសាររបស់ព្រះករុណា បានលើកទ្បើងថា ក្នុងរយៈពេល៤អាណត្តិកន្លងមក រដ្ឋសភាបានអនុម័តច្បាប់ និងសន្ធិសញ្ញានានា ចំនួនជាង៤០០ សំខាន់គឺច្បាប់ស្តីពីការបង្កើត និងពង្រឹងស្ថាប័នរដ្ឋបាល នយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ចសង្គម និងបរិស្ថាន ។ល។ ហើយសង្ឃឹមថា នៅអាណត្តិទី៥នេះ រដ្ឋសភានឹងអនុម័តច្បាប់ ដែលបម្រើដល់វិស័យពង្រឹងយុត្តិធម៌ គឺច្បាប់ស្តីពី«ការចាត់តាំងអង្គការតុលាការ និងអយ្យការ» និងច្បាប់ស្តីពី «លក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា»ជាដើម ។ ក្រៅពីតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញទាំងប្រាំបួន ព្រមទាំងសមាជិកសមាជិការដ្ឋសភា បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួននៅការិយាល័យ តាមបណ្តាខេត្ត ឬមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យនូវដំណើរការប្រតិបត្តិតួនាទីរបស់រាជរដ្ឋាភិបាល សំដៅធានាដល់ការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាដល់ប្រជារាស្ត្រនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងទ្បាយរបស់រាស្ត្រមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរកវិធានការដោះស្រាយរាល់បញ្ហាទាំងនោះ ។
ក្រុមអ្នកវិភាគយល់ឃើញថា ខ្លឹមសារនៃលិខិតរបស់លោកសម រង្ស៊ី ដែលបានសម្តែងនូវមតិជំទាស់ទៅនឹងព្រះរាជសាររបស់ព្រះរាជានោះ មិនខុសពី
«ផ្គរលាន់នៅឯជើងមេឃ»ទ្បើយ ៕
ចែករំលែកព័តមាននេះ