ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​កំពុង​តែ​ជួសជុល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ ។ តាម​ទំនៀម ក្រុមការងារ​បាន​រៀបចំ​សែនព្រេន នៅ​មុន​ពេល​ចាប់ផ្ដើម​ការ​ជួសជុល​នេះ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា លោក ស៊ា…

ខេត្តសៀមរាប​៖​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ ។ តាម​ទំនៀម ក្រុមការងារ​បាន​រៀបចំ​សែនព្រេន នៅ​មុន​ពេល​ចាប់ផ្ដើម​ការ​ជួសជុល​នេះ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យ​ដឹង​ថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​មុន​ទីតាំង​ផ្សេង គឺ​បណ្តាល​មក​ពី​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​បាន​រំកិល​ចេញពី​ទីតាំង​ដើម ថ្ម​ជញ្ជាំង​គ្រប់​ជ្រុង​ប្រេះ ក្រៀក​ចេញពី​គ្នា ដែល​ប្រឈម​នឹង​ការ​បាក់​រលំ ថ្ម​ដំបូល​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ចំណែក​ថ្ម​ដំបូល​ដែល​នៅ​សល់​ពុំ​មាន​ស្ថិរភាព ឫស និង​ដើមឈើ​ចាក់​ចូល​បំផ្លាញ​រចនាសម្ព័ន្ធ​ថ្ម រួម​នឹង​គុណភាព​ថ្ម​ចុះ​ខ្សោយ​ផង បាន​បំផ្លាញ​រចនា​សម្ពន្ធ​គ្រឹះ មិន​អាច​ទ្រ​លំនឹង​តួ​ប្រាសាទ​បាន​រឹង​មាំ​ដូច​មុន​។

ប្រាសាទ​តា​នៃ​ពុំ​ធ្លាប់​មានការ​ជួសជុល​មក​ពី​មុន​ទេ ដោយ​គ្រាន់តែ​មានការ​អភិរក្ស​ទល់​ទ្រ​នៅ​ផ្នែក​ខ្លះ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ គោលបំណង​សំខាន់​នៃ​ការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នេះ គឺ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​ប្រវត្តិ​ស្ថាបត្យកម្ម​សំណង់​បុរាណ ឱ្យ​មាន​ភាព​មាំទាំ គង់វង្ស យូរអង្វែង រួច​ចាក​ផុត​ពី​ភាព​ខ្ទេចខ្ទាំ ដើម្បី​បន្ត​រក្សា​ទុកជា​កេរ​មរតក​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ។

ទាក់ទង​នឹ​ការ​ជួសជុល​ឡើង​វិញ បុរាណ​វិទូ​រូប​នេះ​ក៏​ឱ្យ​ដឹង​ថា យោង​តាម​អនុសាសន៍​ក្រុម​អ្នក​ជំនាញ​អា​ដ​ហុ​ក​របស់​អង្គការ​យូ​ណេ​ស្កូ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣២ កាលពី​ថ្ងៃ​ទី​១១ ១២ ខែមិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រង់​ចំណុច​ទី​១១ គឺ​តម្រូវ​ឱ្យធ្វើ​ការ​ជួសជុល​លើ​ខ្លោងទ្វារ​ខាងកើត ដោយ​រុះរើ​ទាំងស្រុង ធ្វើ​កំណាយ​មើល​គ្រឹះ និង​រៀប​ផ្គុំ​ឡើង​វិញ ។ ចំពោះ​គម្រោង​ជួសជុល​នេះ​ដែរ គឺ​អនុវត្ត​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្បូ​ប្រទេស​ជប៉ុន (​ផ្តល់​ដំបូន្មាន​បច្ចេកទេស​) និង​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ (២០១៩-២០២០) មាន​ពីរ​ដំណាក់កាល​។

ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៩ ក្រុមការងារ​សិក្សា​ប្រមូល​រាល់​ឯកសារ​ពាក់ព័ន្ធ កំណាយ​ស្រាវជ្រាវ​ស្វែងរក​ថ្ម សម្រង់​ប្លង់ ចុះបញ្ជី​សារពើ​ភណ្ឌ​ថ្ម ថតរូប​ថត​ស្រ៊ី​ឌី​ទុកជា​ឯកសារ សិក្សា​ជួសជុល​ថ្ម និង​ចាប់ផ្តើម​រើ​ទាំងស្រុង ដោយ​រើ​ពីលើ​មក​ក្រោម ឈប់​ត្រឹម​រួត​កម្រាល​។ ដំណាក់​កាល​ទី​២ គឺ​នៅ​ឆ្នាំ​២០២០ ក្រុមការងារ​នឹង​ធ្វើការ​កំណាយ​សិក្សា​ពង្រឹង​គ្រឹះ និង​ធ្វើការ​ផ្គុំ​ឡើង​វិញ​។

ទាក់ទង​នឹង​ការ​ពិនិត្យ​គុណភាព​ថ្ម​វិញ លោក​អាត សុខ​ចាន់ មន្ត្រី​បច្ចេកទេស ពី​ក្រុម​អភិរក្ស​ជួស​ជុល​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​សិក្សា​អំពី​ក្បាច់ចម្លាក់​ថ្ម​ផ្នែក​ខាងក្រៅ និង​ផ្តោត​សំខាន់​លើ​ការ​ខូចខាត​នៃ​ថ្ម បាន​រក​ឃើញ​បញ្ហា​ប្រឈម​ចំពោះ​ថ្ម​ដូច​ជា ភាព​ពុក​ផុយ ការ​របក​ផ្ទៃ​ខាងក្រៅ ការ​ប្រេះ​ជា​ស្នាម​តូច​ៗ និង​ការ​ខូចខាត​ដោយ​ស្លែ ។

ពេល​នេះ​ក្រុមការងារ​ក៏​កំពុង​រក​មូលហេតុ​បន្ថែម​ទៀត​លើ​បញ្ហា​ថ្ម ដើម្បី​ឈាន​ដល់​ការ​ជួសជុល ដោយ​ការ​សម្អាត និង​ការ​ព្យាបាល មុន​នឹង​យក​ថ្ម​នេះ​ទៅ​ផ្គុំ​ឡើង​វិញ ដើម្បី​ធានា​បាន​ថា ថ្ម​នឹង​មាន​សុខភាព​ល្អ ធ្វើ​ឱ្យ​សំណង់​ប្រាសាទ​រឹង​មាំ​បាន​យូរអង្វែង​តទៅ​ទៀត ។

ប្រាសាទ​តា​នៃ​កសាង​ឡើង​នា​ចុង​ស​.​វ​.​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​សាសនា ។ ឆ្លងកាត់​អាយុកាល និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយ​ឆ្នាំ បាន​ធ្វើ​ឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការ​ខូចខាត និង​ដួល​រលំ ដែល​ត្រូវការ​ជួសជុល​ដើម្បី​សង្គ្រោះ​ឱ្យ​ផុត​ពី​ហានិភ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ