រាជធានីភ្នំពេញ ៖ លាង ស៊ីពេជ្រ មកពីក្លិបអេភូថងកីឡា អាចនឹងខកចិត្តក្នុងការស្វែងរក៣ពិន្ទុពេលជួប ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ក្នុងវគ្គប្រកួតជម្រុះវិលជុំឈានទៅដណ្តើមខ្សែក្រវាត់ K-cement ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនៅលើសង្វៀន CTN នាថ្ងៃអាទិត្យ ទី៦ មេសា សប្តាហ៍នេះដោយសារ ឡុង សុភី ក៏បង្ហាញមហិច្ឆតាចង់បាន៣ពិន្ទុបន្ថែមទៀតដែរនោះ ។
លាង ស៊ីពេជ្រ និងឡុង សុភី ទើបប្រកួតបានមួយលើកម្នាក់បុ៉ណ្ណោះ តែលទ្ធផលមិនដូចគ្នាទេ ដោយលាង ស៊ីពេជ្រ ចាញ់ក្រោមកណ្តាប់ដៃលួន សុខេង ឯឡុង សុភី ឈ្នះ សរ រាជសី ទើបលើកនេះ លាង ស៊ីពេជ្រ ត្រូវការឈ្នះដើម្បីទទួលបាន៣ពិន្ទុ ក៏ដូចជាលុបលាងការអាម៉ាស់ដែលរូបគេបានទទួលកាលពីប្រកួតលើកដំបូង បុ៉ន្តែគេនៅមិនទាន់ដឹងថាអាចទៅរួចឬយ៉ាងណានោះទេ។ ការមិនទាន់ហ៊ានអះអាងនេះដោយសារ ឡុង សុភី គឺជាអ្នកប្រដាល់ចាស់វស្សាដែលមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ឃ្មឹកតែម្តង ឯ លាង ស៊ីពេជ្រ ហាក់នៅខ្ចីវិជ្ជាគុន បើប្រៀបជាមួយ ឡុង សុភី ទើបគេគិតថា លាង ស៊ីពេជ្រ អាចនឹងខកចិត្តក្នុងការស្វែងរកពិន្ទុលើកនេះទៀតមិនខាន ។
រីឯគូប្រកួតមិត្តភាពវិញ កីឡាករធី តុងហុី មកពីក្លិបសាលវ័ន្តកីឡា ជួបជាមួយកីឡាករសុខ ចិន្តា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។ កីឡាករទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប ជួបជាមួយកីឡាករសល់ អាម៉ា មកពីក្លិបកុសលកីឡា ។ កីឡាករខុន បូឡា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ជួបជាមួយកីឡាករផាន់ សារ៉ែម មកពីក្លិបគជសារកីឡា ។ កីឡាករវី សេរីចាន់ឌីន មកពីក្លិបខ្លារខិនមានឫទ្ធិ ជួបជាមួយកីឡាករយ៉ាម ណេត មកពីក្លិបរស្មីកុមារកំព្រា ។
កីឡាករគឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបជាមួយកីឡាករម៉ន ព្រហ្មម៉ាញ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក និងកីឡាករសយ ស៊ីន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ជួបជាមួយកីឡាករចាន់ ស័ក្ត មកពីក្លិបខេមរិន្ទមានឫទ្ធិ ៕
ចែករំលែកព័តមាននេះ