រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២ មេសា កន្លងទៅ នៅក្នុងបរិវេណស្ថានីយទូរទស្សន៍អប្សរា លោកហ្វៃ សំអាង បានដឹកនាំកម្មវិធីប្រលងចម្រៀងថ្មីមួយ ទើបបង្កើតឡើងមានឈ្មោះថា «The Best Star» ដោយមានបេក្ខជន បេក្ខនារីចំនួន១០រូប មកប្រកួតគ្នានៅថ្ងៃបើកឆាក។កម្មវិធីថ្មីនេះ នឹងមានចាក់ផ្សាយនៅរាត្រីថ្ងៃអាទិត្យ ទី៦ មេសា វេលាម៉ោង៧និង៣០នាទីដល់ម៉ោង៨និង៣០នាទីយប់រៀងរាល់សប្តាហ៍ មានបទចម្រៀងនិពន្ធថ្មីៗជាច្រើន ត្រូវបានគេនិពន្ធឲ្យអ្នកប្រកួតច្រៀង និងប្រជែងគ្នាយកការទាក់ទាញពីគណៈកម្មាការ។
តាមជំនួយការកម្មវិធីថ្មី ជាកម្មវិធីប្រលងនេះ បានឲ្យកោះសន្តិភាពដឹងថា ដើម្បីចូលរួមលើកទឹកចិត្តដល់អ្នកគាំទ្រស្ថានីយទូរទ្សន៍អប្សរាដែលមួយរយៈចុងក្រោយនេះ បានគាំទ្រមានការនិយមចូលចិត្តច្រើនលើកម្មវិធីបែបសិល្បៈកម្សាន្តដែលមានលោកហ្វៃ សំអាង ជាអ្នកផ្តួចផ្តើមរៀបចំយើងបានបង្ហាញកម្មវិធីថ្មីបន្ថែមទៀត សម្រាប់ឆ្នាំថ្មីនេះ។ កម្មវិធីថ្មីប្រលងចម្រៀង The Best Star យើងបានចម្រាញ់យកបេក្ខជនអស់ជាច្រើនថ្ងៃមកហើយ ដោយមានអ្នកមកចូលរួមដាក់ពាក្យជាច្រើននាក់សុទ្ឋតែបានឆ្លងកាត់ការធ្វើតេស្ត និងចុងក្រោយយើងបានជ្រើសរើសយកតែនារី៥រូប បុរស៥រូប មកឡើងឆាកសម្តែងប្រជែងគ្នា ហើយពួកគេសុទ្ឋតែមានសំឡេងពីរោះរណ្តំប្លែកៗពីគ្នា បើមិនដូចនេះទេ លោកហ្វៃ សំអាង គាត់មិនទទួលសិទ្ឋិឲ្យមានមុខឡើងប្រលងឡើយ។
បេក្ខជនទាំងអស់នេះ សុទ្ឋតែជាអ្នកចម្រៀងអាជីពស្រាប់ ដែលខ្លះច្រៀងតាមក្លិប តាមបៀហ្គាឌិន ឬតាមតំបន់កម្សាន្តមួយចំនួនដែលមិនមានឈ្មោះល្បី គេស្គាល់ ឬមានប្រវត្តិឡើងប៉ុស្តិ៍ទូរទស្សន៍សម្តែង តែសំឡេងច្រៀង គឺពីរោះអាចបត់បែនបាន។ស្របពេលដែលកម្មវិធីតម្រូវយកបេក្ខជនជាអ្នកចម្រៀងផងនោះ ក៏មកប្រលង ទើបយើងបានសម្រេចរកឃើញរលកថ្មីទាំងនោះមកប្រលង។ចំពោះបទចម្រៀងប្រលងមានគ្រប់ផ្នែកទាំងស្លូវ ញាក់ហីបហប ឬចម្រៀងបែបប្រពៃណីភ្លេងការ គឺមានទាំងអស់ និងនិពន្ឋដោយលោកហ្វៃ សំអាង ឲ្យពួកគេម្នាក់ៗច្រៀង ដើម្បីចង់ដឹងថា តើតារាថ្មីណា ធ្វើបានល្អជាងគេ ព្រោះមានពានរង្វាន់ជើងខ្លាំងគ្រប់ផ្នែកតែម្នាក់ប៉ុណ្ណោះ ដែលអាចឆក់យកពានដឹបេសស្តារនេះបាន។
ចែករំលែកព័តមាននេះ