ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ​នាំមក​ខ្យល់​កន្ត្រាក់​បង្កមហន្ត​រាយ​រលំផ្ទះ​និងរន្ទះ​បា.ញ់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ ប៉ៃ​លិន​ កំពង់​ចាម​ ៖ លំនៅ​ឋាន​ប្រជាពល​រដ្ឋ​រាប់​ទាំង​កុដិ​ព្រះ​សង្ឃ​​ផង​ មាន​ចំនួន​រាប់​រយ​ខ្នង​ ខ្លះ​​បាន​ដួល​រលំ ខ្លះ​ត្រូវបើុង​ដំបូល​ ក្រៅ​ពីនេះ​​​ ខ្លោង​ទ្វារ​ អង់​តែន​វិទ្យុ​ និង​ដើម​ឈើ​ជា​ផល​ដំណាំ​ ត្រូវ​បាន​បំផ្លាញដោយ​កម្លាំង​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​កក់​ខែ​ជាបន្ត​បន្ទាប់​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ ប៉ៃ​លិន​ កំពង់​ចាម​ ៖ លំនៅ​ឋាន​ប្រជាពល​រដ្ឋ​រាប់​ទាំង​កុដិ​ព្រះ​សង្ឃ​​ផង​ មាន​ចំនួន​រាប់​រយ​ខ្នង​ ខ្លះ​​បាន​ដួល​រលំ ខ្លះ​ត្រូវបើុង​ដំបូល​ ក្រៅ​ពីនេះ​​​ ខ្លោង​ទ្វារ​ អង់​តែន​វិទ្យុ​ និង​ដើម​ឈើ​ជា​ផល​ដំណាំ​ ត្រូវ​បាន​បំផ្លាញដោយ​កម្លាំង​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​កក់​ខែ​ជាបន្ត​បន្ទាប់​ ។

ជាមួយ​គ្នា​នេះ​ បាតុ​ភូត​រន្ទះ​ក៏បាន​ប្រល័យ​ជីវិត​មនុស្ស​២​នាក់​ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​រង​របួស​ច្រើន​នាក់​​ដែរ​ ។ ខាង​ក្រោម​នេះ​គឺ​ជាសេចក្តី​រាយ​ការណ៍​ពី​ភ្នាក់ងារ​កោះ​សន្តិ​ភាព​នៅតាម​ខេត្ត​មួយ​ចំនួន​​ដែល​បាន​ជួប​នឹង​គ្រោះ​មហន្តរាយ​​នេះ​ ។​

ព្យុះភ្លៀង​

ខេត្ដ​បន្ទាយ​មានជ័យ​ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ដោយ​ខ្យល់កន្ដ្រាក់​គ្រប​ដណ្ដប់​លើ​ស្រុក​-ក្រុង​ចំនួន​៣​ក្នុង​ខេត្ដ​ កាល​ពី​រសៀល​និង​យប់​ថ្ងៃ​ទី​១​ មេសា​ ធ្វើ​ឱ្យ​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​២៥២គ្រួសារ​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ក្នុង​នោះ​៣៦​ខ្នង​បាន​ដួលរលំ មេគោ​១ក្បាល​ងាប់​ដោយ​រន្ទះ​បាញ់ និងម៉ូតូ​ចំនួន​៣​គ្រឿង​ខូច​ខាត​ ។​

ស្រុក​-ក្រុង​ដែល​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិ​ពល​ភ្លៀង​ និង​ខ្យល់​កន្ដ្រាក់​មាន​ស្រុក​មង្គល​បុរី​ ស្រុកម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត​ ។ សម្រាប់​ផល​ប៉ះពាល់​នៅក្រុង​ប៉ោយប៉ែត​កើតឡើង​ចាប់​ពី​ម៉ោង​៥ល្ងាច​រហូត​ដល់​ម៉ោង​ជិត​៨​យប់​ សូម្បី​តែ​ចរន្ដ​អគ្គិសនី​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់ជិត​១​ម៉ោង​ដែរ ដោយ​សារ​ខ្យល់និង​ភ្លៀង​ធ្លាក់​ខ្លាំង​ ។ សង្កាត់​ចំនួន​៣ក្នុង​ក្រុង​ប៉ោយប៉ែត រួម​មាន​សង្កាត់​ប៉ោយប៉ែត​ រងផលប៉ះពាល់​ផ្ទះ​សរុប​១៤​ខ្នង ក្នុង​នោះ​ដួល​រលំ​២​ខ្នង​ និង​ប៉ើង​ដំបូល​១២​ខ្នង​ អង់​តែន​វិទ្យុ​ FM 98.3MHz មួយ​ក៏​បាន​ដួល​រលំ​សង្កត់​លើផ្ទះ​២​ខ្នង​ ។

សង្កាត់​ផ្សារ​កណ្ដាល​រងការខូច​ខាតផ្ទះ​១៤៧​ខ្នង​​ ក្នុង​នោះ​រងផល​ប៉ះពាល់​ធ្ងន់​១៧​ខ្នង និងប៉ើង​ដំបូល១៣០​ខ្នង​ ។ ស្រ្ដី​ចំណាស់​ម្នាក់​ឈ្មោះ​ ម៉ាសឺត អាយុ​៦៨ឆ្នាំ​ រងរបួស​ស្រាល ដោយ​មុត​ស័ង្កសីធ្លាក់​ចំ​ ។ ចំណែក​សង្កាត់​និមិត្ដ​​វិញ រងផល​ប៉ះពាល់​កើត​មាន​លើ​ភូមិរស្មី​សាមគ្គី សរុប​៥៨​ខ្នង​​​ ផ្ទះ​ខូច​ខាត​ធ្ងន់ធ្ងរ​៩ខ្នង​​ អគារ​សិក្សា​២​ខ្នង​ ប៉ើង​អស់​ក្បឿង​ប្រមាណ​៥២សន្លឹក កុដិ​ព្រះសង្ឃ​វត្ដ​រស្មី​សាមគ្គី​សុធារាម​ ប៉ើង​ដំបូល​ចំនួន​៣កុដិ​ ដំណាំ​ចេក ដូង ស្វាយ បាក់ដើម​និងជ្រុះផ្លែរាយ​ប៉ាយ​ក្នុង​នោះបុរស​ម្នាក់​ក៏បាន​ស្លាប់​ដែរ​ ។ បុរស​ចំណាស់​ដែល​ស្លាប់​ឈ្មោះ​ ប៊ុន​​ ផុន អាយុ​ ៦៨​ឆ្នាំ​ ជាកសិករ​ មាន​ទីលំនៅក្នុង​ភូមិ​កើតហេតុ​ គឺ​ភូមិ​រស្មីសាមគ្គី ។

ជុំវិញ​ការ​ស្លាប់​របស់បុរស​ចំណាស់​នេះត្រូវ​បាន​លោក គង់​ ស៊ីវិន ជាមេ​ភូមិ​ប្រាប់ថា ដោយ​សារបុរស​នេះ​កើត​ជំងឺ​ក្លន​ចុក​ ហើយ​ពេល​ភ្លៀង​និង​ខ្យល់​ខ្លាំង​ គាត់​ខ្លាច​ផ្ទះគាត់​ដួល​រលំ​សើម​អីវ៉ាន់​ក្នុង​ផ្ទះ​ ក៏ខំប្រឹង​ឈរ​ទប់​ជញ្ជាំង​ទាំង​ឈឺ​ ថែម​ទាំង​ហាលភ្លៀង​ផង​ដែរ​ ធ្វើ​ឱ្យ​អាការៈ​ជំងឺ​រើ​ឡើង​ចុកខ្លាំង​ ហើយ​​ពេលបញ្ជូ​ន​មិន​ទាន់​ដល់​មន្ទីរ​​ពេទ្យ​មង្គលបុរី​ផង​ក៏​បាន​ស្លាប់​​ទៅ​ ។​ សម្រាប់​ផល​ប៉ះពាល់​នៅ​ស្រុក​ម៉ាឡៃ​ត្រូវ​បាន​លោក សៅ​ ប៊ុន​ អធិការ​នគរ​បាល​ស្រុក​ប្រាប់​ថា​​ ផ្ទះ​ដែលរង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​ភ្លៀង​និង​ខ្យល់​នេះ​មាន​៩​គ្រួសារ​ក្នុង​នោះ​ធ្ងន់​​៤​ខ្នង​ផ្ទះ​ ។ ដោយឡែក​ ក្នុងស្រុក​មង្គល​បុរី​ បើតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ផលប៉ះពាល់​ពី​ភ្លៀង​និង​ខ្យល់កន្ដ្រាក់​មាន​២៤ខ្នង​​ផ្ទះ​ ក្នុង​នោះ​ធ្ងន់​៤​ខ្នង​ ដោយក្នុង​ឃុំស្រះ​រាំង​ប៉ើង​ដំបូល​១ខ្នង​ នៅឃុំ​អូរប្រាសាទ​ដួល​រលំ១ខ្នង​ប៉ើង​ដំបូល​១​ខ្នង​​ នៅឃុំ​តាឡំ​ មេគោ១ក្បាល​ត្រូវ​រន្ទះ​បាញ់​ងាប់​ ។ ក្នុង​ឃុំ​រហាត់ទឹក​ ប៉ះពាល់​១៦ខ្នង​ ផ្ទះ​១៣ខ្នង​របើកដំបូល​ និង​៣​ខ្នង​ដួល​រលំ​ ហើយ​ម៉ូតូ​៣គ្រឿង​រងការ​ខូច​ខាត​ដោយ​សារ​ការ​ដួល​រលំ​ផ្ទះ​សង្កត់​ដែរ ។

ក្រៅ​ពី​ស្រុក-ក្រុង​ទាំង​៣​ តាម​ព័ត៌មានចុង​ក្រោយបាន​ឱ្យ​ដឹង​ថា​ នៅស្រុក​ព្រះនេត្រ​ព្រះ​ក៏​មានផ្ទះ​១​ខ្នង​រង​ផល​ប៉ះ​ពាល់​ដែរ​ ដោយ​សារ​ភ្លៀង​និង​ខ្យល់​ កាល​ពី​រសៀល​ថ្ងៃទី​១ មេសា​ ។​ ស្រុក​រងគ្រោះ​ដោយ​ធម្មជាតិ​ទាំង​៣​ខាង​លើ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ការ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​សម្រាប់ក្រុង​ប៉ោយ​ប៉ែត​ នៅ​សាលា​សង្កាត់​ផ្សារ​កណ្ដាល​ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ និងសង្កាត់​បាន​នាំ​​យក​អំណោយ​បន្ទាន់​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​៤០​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ មី​១កេស និង​សំពត់​តង់​១​ ក្នុង​នោះ​អាជ្ញាធរ​កំពុង​រក​អំណោយ​ចែកជូន​ជន​រង​គ្រោះ​ផ្សេងៗ​ទៀត​៕

ភ្លៀង​កក់​ខែ​មួយ​មេ​ធំ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​ព្យុះ​ រលំ​និង​បើុង​ដំបូល​ផ្ទះ​6​ខ្នង​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១​ មេសា​ កន្លង​ទៅ​ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​ បណ្តាល​ឱ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ដួល​រលំ និង​បើុង​ដំបូល​ផ្ទះ​​សរុប​អស់​ចំនួន​៦​ខ្នង​ និង​មនុស្ស​រង​របួស​ស្រាល​ចំនួន​២​នាក់ ។​​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិ​រំចេក​ ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង​ ។​

លោក​ទៀង​ លីវ អនុ​ប្រធាន​ភូមិ​រំចេក​ឱ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃទី​១​ មេសា​នោះ​ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ដើម​ឆ្នាំ​មួយ​មេ​យ៉ាង​ធំ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​ព្យុះ​កំបុត​​​ត្បូង​ (ខ្យល់​កន្ត្រាក់)​ បក់​បោក​មក​លើ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​បណ្តាល​ឱ្យ​ដួ​ល​រលំ​ផ្ទះ​ខូច​ខាត​ទាំង​ស្រុង​ចំនួន​៣​ខ្នង​ ក្នុង​នោះ​មាន​កុដិ​ព្រះ​សង្ឃ​ចំនួន​១​ខ្នង​ផង​ដែរ​ ។ លើសពី​នោះ​ ផ្ទះ​ចំនួន៣​ខ្នង​ទៀត​បាន​បើុង​ដំបូល​អស់​គ្មានសល់​ ចំណែក​ព្រះ​សង្ឃ​១អង្គ​​ និង​ក្មេង​ម្នាក់​រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុ​ លោក​អនុប្រធាន​ភូមិបាន​ធ្វើ​របាយ​​ការណ៍​ដាក់​ជូន​ទៅ​អាជ្ញា​ធរ​ឃុំ​ និង​ស្រុក​ដើម្បី​ស្នើ​សុំ​ឱ្យសាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត​ ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ​ផងដែរ ៕​

រន្ទះ​បាញ់​ស្លាប់​បុរស​ម្នាក់​មុន​ពេល​ភ្លៀង​ធ្លាក់​ ផ្ទះ​1​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​​ធ្លាក់​ពី​ជើង​តាង​ និង​របួសស្ត្រី​ម្នាក់​

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​លើ​គោ​យន្ត​ច្នៃ​ក្នុង​​ស្តង់​ដំឡូងមីរបស់​ថៅកែ​ម្នាក់​ឈ្មោះ​ម៉ាប់ ខណៈ​ជន​រង​គ្រោះ​ និង​កម្មករ​ផ្សេង​ទៀត​កំពុង​ស៊ី​ឈ្នួល​កាយ​ដំឡូង​មី​ចេញ​ពី​ទ្រុង​គោ​យន្ត​ច្នៃ​ ។ ពេល​នោះ​មេឃ​ស្រអាប់​ ពពក​ពណ៌​ខ្មៅ​រក​កល់​ធ្លាក់​ភ្លៀង​ ក៏​មាន​ផ្លេក​បន្ទោរ​ចាំង​មក​ចំ​ជន​រង​គ្រោះ​ រួច​ត្រូវ​រន្ទះបាញ់​ចំ​ទូរ​ស័ព្ទ​ដែល​ដាក់​នៅ​ក្នុង​ហោ​ប៉ៅ​​ខាង​ស្តាំ​បណ្តាល​ឱ្យ​ខូច​​ខ្ទេច​​ រង​របួស​ខ្លោច​ចង្កេះ​ និង​​ហូរឈាម​ចេញ​ពី​ត្រចៀក​​ស្លាប់​​ភ្លាម​មួយ​រំពេច​ ។

ក្រោយ​ពី​រន្ទះ​បាញ់​ភ្លាម​ មេឃ​ក៏​ចាប់​ផ្តើម​ធ្លាក់​ភ្លៀង​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោក​បក់​យ៉ាង​ខ្លាំង​ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខ្យល់​​កន្ត្រាក់​ធ្លាក់​ពី​លើ​ជើង​តាង​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជ្រក​នៅ​ក្រោម​ផ្ទះ​នោះ​រង​របួស​ស្រាល ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​​១ មេសា​ ស្ថិត​នៅ​ក្នុង​ភូមិ​ទំនប់​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ។​ ជន​រងគ្រោះ​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ឈ្មោះ​ ផែង ធី​ អាយុ​៣៥ឆ្នាំ​ ជា​កម្មករ​​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​រំចេក​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ មាន​ប្រពន្ធ​ឈ្មោះ​ ធី ណា​ អាយុ​២៩ឆ្នាំ​ ​និង​មាន​កូន​៤​នាក់​ (ប្រុស​២​នាក់​ ស្រី​២​នាក់​) ។​ ចំណែក​គ្រួសារ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​ចំ​ផ្ទះ​បើុង​ធ្លាក់​ពី​លើ​ជើង​តាង​ឈ្មោះ​ ជួន ឡា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​កសិករ​ មាន​ប្រពន្ធ​ឈ្មោះ​ ស៊ុន សុភា​ អាយុ​​២៦​ឆ្នាំ​ រង​របួសស្រាល​ និង​មាន​កូន​២​នាក់​​ (ប្រុស​ម្នាក់​ ស្រី​ម្នាក់​) រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។​

ប្រភព​ព័ត៌​មាន​ពី​លោក​ទូច​ តឹក អាយុ​៥៩​ឆ្នាំ​ ជា​អនុប្រធានភូមិ​ទំនប់ រៀប​រាប់​ឱ្យ​ដឹង​ថា​ មាន​ករណី​រន្ទះ​បាញ់​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ស្តង់​​ដំឡូង​មី​របស់​​ឈ្មោះ​ម៉ាប់​ ខណៈ​​ជន​រង​គ្រោះ​ និង​កម្មករ​ក្មេង​ ចាស់​ ប្រុសស្រី​ចំនួន​៤​ទៅ​៥​នាក់​ផ្សេង​ទៀត​កំពុង​កាយ​ដំឡូង​មី​ទម្លាក់​ពី​លើ​គោ​យន្ត​ច្នៃ ។​ ​ខណៈ​ពេល​រន្ទះ​បាញ់​ជន​រង​គ្រោះ​ស្លាប់​​នេះ​ អត់​ទាន់​មាន​ភ្លៀង​ធ្លាក់​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​ឃើញ​មេឃស្រអាប់​ ហើយ​មាន​ពពក​ខ្មៅ​១​ដុំ​ចំ​ពី​លើ​ ស្រាប់​តែ​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​កាយ​ដំឡូង​មី​ជា​មួយ​ប្រពន្ធ​ និង​កម្មករ​មួយ​ចំនួន​ទៀត​ ដោយ​អ្នក​ខ្លះ​​ឈរ​នៅ​លើ​គោ​យន្ត​ អ្នក​ខ្លះ​នៅ​ខាង​ក្រោម​ ក៏​ត្រូវ​រន្ទះ​បាញ់​ជន​រង​គ្រោះ​ដែល​ឈរ​នៅ​ខាង​លើ​គោ​យន្ត​ បណ្តាល​ឱ្យ​រយះ​ខោ​ ខ្លោច​ចង្កេះ ព្រម​ទាំង​ហូរ​ឈាម​តាម​រន្ធត្រចៀក​ស្លាប់​នៅ​លើ​គោ​យន្ត​ច្នៃតែ​ម្តង​ ។ ក្រោយ​ពី​រន្ទះ​បាញ់​ជន​រង​គ្រោះ​រួចមក ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ ។​

លោក​អនុ​ប្រធាន​ភូមិ​បន្ត​ថា​ ក្រោយ​មក​បន្តិច​ស្រាប់តែ​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បោក​បក់​យ៉ាងខ្លាំង​​បណ្តាល​ឱ្យ​បាក់​ដើម​ឈើ​អស់​ចំនួន​៥​ដើម​ និង​បើុង​ផ្ទះប្រជាពល​រដ្ឋ​អស់​​១​ខ្នង​ធ្លាក់​ពី​លើ​ជើង​តាង​រង​ការ​ខូច​ខាត​បាក់​រនូត​ បាក់​រត បាក់​ផ្លាន​ រយះ​ស័ង្កសី​ បាក់​ជើង​តាង​អស់​ចំនួន​៩​ បែក​ពាង​អស់​១​ និង​បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ដែល​កំពុង​ជ្រក​នៅ​ក្រោម​ផ្ទះ​រង​របួស​ស្រាល ។​ ប្រភព​បន្ត​ទៀត​ថា​ ក្រោយ​ពេល​កើត​ហេតុ​ សព​​​​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​រថយន្ត​ដឹក​យក​​ទៅ​កាន់​ភូមិ​កូន​ដំរី​ ឃុំ​ស្ទឹង​ត្រង់​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ មេសា​ ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​ខ្យល់​បើុង​ធ្លាក់​ពី​លើ​ជើង​តាង​ ត្រូវ​ម្ចាស់​រុះ​រើ​ចេញ​ដើម្បី​សាងសង់​ជា​ថ្មី​ឡើង​វិញ ៕​

ភ្លៀង​កក់​ខែ​មួយ​មេ​ធំ​រលំផ្ទះ​35ខ្នង​ ប៉ើងដំបូល​69ខ្នង​​ រន្ទះបាញ់ស​្លាប់ម្នាក់និង​របួស​4នាក់​

ខេត្ដ​កំពង់ចាម​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១​ មេសា​ ភ្លៀង​កក់​ខែ​មួយមេ​ធំ​បាន​ស្រោច​ស្រព​លើ​ក្រុង​កំពង់​ចាម​​ ស្រុកកោះសូទិន​ ស្រុកព្រៃ​ឈរ និង​ស្រុក​កង​មាស​​ លាយ​ឡំ​ទៅ​ដោយ​ខ្យល់​កន្ដ្រាក់​ និង​រន្ទះ​ដែល​ជា​បាតុភូត​ធម្មជាតិ​គួរ​ឱ្យ​ភ័យ​ខ្លាច ជា​ហេតុ​ធ្វើ​ឱ្យ​រលំ​ដើមឈើ​ រលំ​ផ្ទះ​អស់​ចំនួន​៣៥​ខ្នង​​ របើកដំបូល​៦៩​ខ្នង​​ រន្ទះបាញ់​ស្លាប់​​ម្នាក់​ សន្លប់​ម្នាក់​និង​រង​របួស​៣នាក់​ ត្រូវ​នាំ​មកសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ដ​បន្ទាប់ ។​
លោកវរសេនីយ៍​ត្រី​ ម៉ា​ ចិន្ដា​​ អធិការ​នគរ​បាល​ស្រុក​កោះសូទិន​បាន​ឱ្យ​ដឹង​ថា​ បុរស​ឈ្មោះ​ លី​ ចាន់​ហេង​ អាយុ​ ៥៧​ឆ្នាំ​ រស់នៅ​ភូមិទ្វារ​ស្រុក​ ឃុំព្នៅទី​២​ ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្ដ​ព្រៃវែង​​ បានមក​សែនផ្នូរ​ដូនតា​នៅ​ភូមិទី​១៣​ ឃុំ​ព្រែក​តានង់​ ស្រុកកោះសូទិន នៅ​ព្រឹក​ថ្ងៃ​ទី​១​ មេសា​​ រួម​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​ ។ លុះ​ពេល​រសៀល​ក៏ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​កូន​ប្រុស​ឈ្មោះ​ លី នារី​ អាយុ​ ២៧​ឆ្នាំ​ ។ ខណៈ​ពេល​ទៅ​ដល់​ភូមិទី​១៣​ ស្រាប់តែ​មេឃ​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង​ រំពេច​នោះ​រន្ទះ​ក៏បាញ់​មក​លើ​បុរស​ចំណាស់​រូប​នេះ​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ​ ចំណែក​កូន​ប្រុស​សន្លប់​ ។ ក្រៅ​ពីនេះ​ ផ្ទះ​អ្នក​ភូមិ​ទី​១៣​ ឃុំ​ព្រែក​តានង់​ ត្រូវ​ខ្យល់​ព្យុះ​បំប៉ើង​ឱ្យរលំរាប​ដល់ដី​ចំនួន​២​ខ្នង​​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ផាន់​ ឆេង​ ភេទ​ប្រុស​ អាយុ​ ៤០ឆ្នាំ​ មាន​ទំហំ​៤ម៉ែត្រ​គុណនឹង​៥​ម៉ែត្រ​ និង​ឈ្មោះ​ បឹង​ ញាញ់​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ ធ្វើ​ពីឈើ ។​ ចំណែក​ផ្ទះ​របស់​ឈ្មោះ​ គុយ​ ធី​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ មានទំហំ​៧​ម៉ែត្រ​គុណនឹង​៨ម៉ែត្រ​ ត្រូវ​ខ្យល់​បំប៉ើង​ដំបូល​ផ្នែក​ខាង​ក្រោយ​អស់​តែ​ម្ដង​ ។​
លោក​ មឿន​ ផា​ អភិបាលស្រុក​កង​មាស​ ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១​ មេសា​ មេឃ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង​មក​លើភូមិទួលវិហារ​ ឃុំរាយប៉ាយ​ ឃុំ​ពាម​ជីកង​ និង​ឃុំ​អង្គរបាន​ ស្រុកកងមាស​ ជា​ហេតុ​បណ្ដាល​ឱ្យ​រលំ​ផ្ទះ​អស់​ចំនួន​៣៣​ខ្នង​​ ធ្វើ​ពី​ឈើប្រក់​ស្លឹក និងរបើក​ដំបូល​ចំនួន​៦៥ខ្នង​ បណ្ដាល​ឱ្យ​រង​របួស​បាក់ជើង​ស្រ្ដី​ម្នាក់​ឈ្មោះ​ ទូច​ សារឿន  អាយុ​ ៣៥​ឆ្នាំ​ និង​របួស​២នាក់ ។ នាព្រឹក​ថ្ងៃ​ទី​២ មេសា​​ រូប​លោក​បាន​ចុះទៅ​ផ្ទាល់​ដើម្បី​ពិនិត្យ​មើល​ជាក់ស្ដែង​ធ្វើ​របាយការណ៍​ទៅកាក​បាទ​ក្រហម​ខេត្ដ​ ត្រៀម​នឹង​យក​អំណោយ​ទៅ​ចែកជូន​ដល់ប្រជា​ជនដែល​រង​គ្រោះ​នេះ​ ។
លោក សៀង​ សំណាង​ នាយក​សាលា​បឋម​សិក្សា​-អនុវិទ្យាល័យ​ទួលថ្ម​ ស្ថិត​នៅ​សង្កាត់​វាល​វង់​ ក្រុង​កំពង់ចាម​ ប្រាប់ឱ្យ​ដឹង​ថា​​ នៅ​វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​ទី​១​ មេសា​ សិស្ស​សាលា​កំពុង​រត់លេង​នៅក្រោម​ដើម​ជ្រៃ​ធំ​១​ ដែល​មាន​អាយុក្រោម​១០០​ឆ្នាំ​​ ខណៈពេល​នោះខ្យល់​ព្យុះ​បោក​បក់​មក​យ៉ាង​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​ដើម​ជ្រៃ​រលំ​បន្ដិច​ម្ដងៗ​ សំណាង​ក្មេង​ៗ​នាំគ្នា​រត់​គេច​ចេញ​ទាន់​ បើ​ពុំនោះទេ​ អាច​នឹង​ស្លាប់​យ៉ាង​តិច​ក៏៥នាក់​ដែរ​ ។
ចំណែកលោកវរសេនីយ៍​ត្រី​ កែវ​ ស៊ាងហ៊ន់ អធិ​ការ​នគរ​បាលស្រុក​ព្រៃ​ឈរ​ ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៥និង​១០​នាទីល្ងាច​ថ្ងៃ​ទី​១ មេសា​ ភ្លៀងធ្លាក់​មក​ជា​ខ្លាំង​លើភូមិ​ល្វា​ ឃុំល្វា​ ស្រុក​ព្រៃ​ឈរ​ ជា​ហេតុ​បណ្ដាល​ឱ្យ​របើកដំបូល​ផ្ទះ​៣​ខ្នង​ ក្នុងនោះ​ផ្ទះ​របស់ឈ្មោះ​ សេង​ ឃុន​ ភេទ​ប្រុស​ អាយុ ៣៦​ឆ្នាំ​ នៅ​ភូមិល្វា​ ឃុំល្វា​ ដែល​មានទំហំ​៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​ ជា​ផ្ទះតៀម​ប្រក់​ស័ង្កសី​ ត្រូវ​របើកដំបូល​៣​សន្លឹក​ប៉ើង​បាត់​​ ខណៈ​ម្ចាស់​ផ្ទះ​មិននៅ​ ដោយ​ចេញ​ទៅ​រកស៊ី​នៅ​រាជ​ធានី​ភ្នំពេញ​ ៕