ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ខ្មែរអ៊ិស្លាមម្នាក់ វ័យ៥៥ឆ្នាំ បាននាំចៅប្រុសស្រីចំនួន៨នាក់ មកកាន់ការិយាល័យបណ្តាញផ្សព្វផ្សាយព័ត៌មានអាស៊ានប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១ មេសា ដោយអះអាងថា គាត់ជាម្តាយរបស់ស្ត្រីម្នាក់ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៣១ មីនា ២០១៤ ដោយម៉ូតូស្គូពី បុករថយន្តបែនច្នៃដឹកឥដ្ឋ កំពុងបត់លើដងផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
គាត់បន្តថា ការនាំចៅទាំងអស់មកនេះ ក៏ដើម្បីសុំអំពាវនាវរកអំណោយសង្គ្រោះពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រោះគាត់ចិញ្ចឹមចៅកំព្រា២គ្រួសារដែលគ្មានទីពឹងនេះមិនរួចទេ ហើយម៉្យាងក៏សុំអំពាវនាវឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផងដែរ ។ ស្ត្រីចំណាស់ជាជីដូនចៅប្រុសស្រី៨នាក់នេះ ឈ្មោះ កៅ នាង ជាស្ត្រីមេម៉ាយខ្មែរអ៊ិស្លាម រស់នៅចំណុចសមាគមខ្មែរអ៊ិស្លាម (អ៊ូដារុលអ៊ូឡូម) ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ស្ត្រីចំណាស់រៀបរាប់ថា កន្លងមកគ្រួសារគាត់រស់បានអាស្រ័យលើកូនស្រីដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ស្លេះ អាមុី អាយុ៣១ឆ្នាំ ម្នាក់នេះឯង ។ កូនស្រីគាត់ដែលរងគ្រោះនេះមានកូនប្រុស៣នាក់ ១-ឈ្មោះ ឃីម អ៊ុលឡាវី អាយុ១៣ឆ្នាំ ២-ឈ្មោះ ឃីម អារ៉ាហ្វីន អាយុ៤ឆ្នាំ និង៣-ឈ្មោះ ឃីម ម៉ាលិច អាយុ២ឆ្នាំ ។ រឿងដែលគួរសោកសង្រេងនោះ ស្ត្រីចំណាស់ប្រាប់ថា ប្តីរបស់ស្ត្រីរងគ្រោះ និងជាឪពុកក្មេងៗទាំង៣នាក់ ក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដែរ ដោយសាររថយន្តម៉ាកសាំយ៉ុង១៥កៅអី បុកនៅឯខេត្តកំពង់ស្ពឺ ខណៈធ្វើជាកងរាជអាវុធហត្ថនៅទីនោះកាលពី២ឆ្នាំមុន ។
ដោយឡែកចៅប្រុសស្រី៥នាក់ផ្សេងទៀត ១-ឈ្មោះ សុះ រ៉ូមាតន ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះ សុះ អេះស្មាស់ ភេទស្រី អាយុ១២ឆ្នាំ ៣-ឈ្មោះ សុះ ហ្វឺត ភេទប្រុស អាយុ១១ឆ្នាំ ៤-ឈ្មោះ សុះ សម្រស់ ភេទស្រី អាយុ៧ឆ្នាំ និង៥-ឈ្មោះ សុះ ម៉ាឡាគី ភេទប្រុស អាយុ៣ឆ្នាំ ជាកូនរបស់កូនស្រីគាត់ឈ្មោះ ស្លេស រ៉ូនី និងប្តីឈ្មោះ យូ សុះ អាយុ៥០ឆ្នាំ ដែលលែងលះគ្នា ហើយកូនស្រីរបស់គាត់ក៏បាត់ដំណឹងសូន្យឈឹង ក្រោយពេលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៣ឆ្នាំមកហើយ ។
ទោះជាយ៉ាងណា ស្ត្រីចំណាស់ខាងលើបន្តថា កូនស្រីរបស់គាត់ដែលបាត់ខ្លួននេះ មិនមែនបាត់បង់ជីវិតទេ កាលពី៣ឆ្នាំមុន បានទូរស័ព្ទមកគាត់ម្តងដែរថា គេចង់វិលត្រឡប់មកផ្ទះ ប៉ុន្តែគ្មានប្រាក់ ព្រោះមេខ្យល់គេទារប្រាក់ឈ្នួលជូនផ្លូវរហូតជាង១មុឺនបាត ។ ដោយសារគ្មានប្រាក់ ព្រោះជីវភាពក្រីក្រ គាត់ក៏តបតាមទូរស័ព្ទទៅវិញថា ទ្រាំធ្វើការទីនោះចុះបើយើងគ្មានប្រាក់ ។ ស្ត្រីចំណាស់ជាម្តាយរៀបរាប់ទៀតថា តាំងពីពេលនោះមក ក៏បាត់ដំណឹងឈឹងរហូតមកដល់ពេលបច្ចុប្បន្ន ។
គោលបំណងដែលគាត់នាំចៅប្រុសស្រីមកជួបអ្នកយកព័ត៌មាននេះ គាត់គិតថាគឺចង់អំពាវនាវរកសប្បុរសជនក្នុង និងក្រៅប្រទេសដើម្បីជួយដល់គ្រួសារគាត់ផង ពិសេសក្មេងៗទាំងនេះឱ្យបានរៀនសូត្រនឹងគេ ព្រោះគាត់គ្មានទីពឹងទេ ដោយសារអ្នករកចំណូលចិញ្ចឹមគ្រួសារបានស្លាប់បាត់ទៅហើយ។ ម៉្យាងទៀត គាត់សុំអំពាវនាវឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះផង ៕
ចែករំលែកព័តមាននេះ