រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរយីហោញូវវ៉ាយដ៍ខេមបូឌាហ្គាមិនខូអិលធីឌី ជាង៤០នាក់ទៀតបានបន្ដដួលសន្លប់ ដោយអ្នកខ្លះមានអាការៈវិលមុខ ខ្លះតឹងទ្រូងថប់ដង្ហើម ក្អួតចង្អោរ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ មេសា ខណៈពួកគេទើបតែចូលធ្វើការបានរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ។ ជាមួយគ្នានេះរោងចក្រមួយទៀតក្នុងសួនឧស្សាហកម្មវឌ្ឍនៈក៏មានព័ត៌មានថា កម្មករ-កម្មការិនីជាង១០០នាក់បានដួលសន្លប់ដែរ ។
ទាក់ទិននឹងរោងចក្រទី១ ដែលមានកម្មករ-កម្មការិនីដួលសន្លប់តាំងពីរសៀលថ្ងៃទី១ មេសា និងបន្ដមកព្រឹកថ្ងៃទី២ មេសា អ្នកដួលសន្លប់ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកឯកជនមូលមិត្ដ ដើម្បីសង្គ្រោះ ចំណែករោងចក្រត្រូវបង្ខំចិត្ដបិទទ្វារបណ្ដោះអាសន្នជាលើកទី២ ។ រោងចក្រកាត់ដេរខាងលើ មានទីតាំងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងត្រូវបានគេដឹងថា មានកម្មករសរុបចំនួន១.៣០០នាក់ ហើយមានកម្មករដួលសន្លប់២ថ្ងៃជាប់ៗគ្នាមកហើយ ដោយមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្ដែគេមានការសង្ស័យទៅលើក្លិនជាតិគីមីនៅក្នុងក្រណាត់រួមផ្សំជាមួយនឹងថ្នាំលាបជញ្ជាំងការិយាល័យ និងបរិស្ថាននៅក្នុងរោងចក្រនោះមានសភាពអាប់អួមិនត្រូវតាមស្ដង់ដា។
គួររំលឹកថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ មេសា ខណៈកម្មករ-កម្មការិនីកំពុងធ្វើការ ស្រាប់តែមានអ្នកកើតអាការៈមិនស្រួលខ្លួន បន្ទាប់ពីពួកគេបានធុំក្លិនអាក្រក់នៅក្នុងរោងចក្រនោះ ក្រោយមកក៏បានដួលសន្លប់បន្ដបន្ទាប់ជាង២០នាក់ និងត្រូវបានគេបញ្ជូនទៅគ្លីនិកឯកជនមូលមិត្ដដើម្បីសង្គ្រោះ ។ ម៉្យាងទៀត នៅពេលនោះបង្កឱ្យជ្រួលច្របល់ពេញរោងចក្រ ហើយអ្នកអត់សន្លប់បាននាំគ្នារត់ចេញក្រៅទាំងការភិតភ័យ រីឯរោងចក្រក៏បានបិទទ្វារជាបណ្ដោះអាសន្នដែរ ។ ប្រភពដដែលបន្ដថា លុះនៅព្រឹកថ្ងៃទី២ មេសា ក្រុមកម្មករ-កម្មការិនីទាំងនោះត្រូវថៅកែឱ្យចូលធ្វើការវិញ ហើយនៅពេលធ្វើការសុខៗមិនទាន់បានកន្លះម៉ោងផង ស្រាប់តែមានអ្នកដួលសន្លប់ជាបន្ដបន្ទាប់ជាង៤០នាក់ ព្រោះតែពួកគេទ្រាំនឹងក្លិននៅក្នុងរោងចក្រមិនបាន និងត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកដដែលនោះដើម្បីសង្គ្រោះ ។ រហូតមកដល់រសៀលថ្ងៃដដែល គេនៅតែរកមូលហេតុមិនទាន់ឃើញនៅឡើយទេ តែគេសង្ស័យថា កម្មករទាំងនោះពុលក្លិនស្អុយអាក្រក់នៅក្នុងរោងចក្រខាងលើដែលអួអាប់ខ្លាំងពេក ។
ពេលនេះរោងចក្របានបង្ខំចិត្ដបិទទ្វារជាបណ្ដោះអាសន្នជាលើកទី២ ហើយគេនៅមិនទាន់ដឹងថា តើមានកម្មការិនីដួលសន្លប់បន្ដទៀតឬក៏អត់ទេ? ចំណែកឯតំណាងរោងចក្រមិនអាចសុំការបំភ្លឺបានឡើយជុំវិញបញ្ហាទាំងនេះ ។ ដោយឡែករោងចក្រកាត់ដេរមួយកន្លែងទៀតយីហោ សេនចូវ ដែលមានទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏មានកម្មការិនីជាង១០០នាក់ដួលសន្លប់ជាបន្ដបន្ទាប់ដែរ ហើយមិនត្រូវបានគេដឹងពីមូលហេតុឡើយ ។ មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា កម្មការិនីបានចាប់ផ្ដើមដួលសន្លប់ចាប់តាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ មេសា មកម៉្លេះ ប៉ុន្ដែខាងតំណាងរោងចក្រលាក់បាំងមិនសហការប្រាប់អាជ្ញាធរ និងសមត្ថកិច្ចឱ្យបានដឹងទេ ។ ពួកគេបានដឹកកម្មការិនីដែលដួលសន្លប់នោះទៅគ្លីនិកឯកជនជាច្រើន ឯអាជ្ញាធរមូលដ្ឋានទទួលព័ត៌មាននៅរសៀលថ្ងៃដដែលនោះ ហើយព័ត៌មានដែលផ្ដល់ដោយកម្មករបានបញ្ជាក់ថា អ្នកដែលដួលសន្លប់មានរហូតដល់ទៅជាង១០០នាក់ ។
ការដួលសន្លប់របស់កម្មករ-កម្មការិនីនោះត្រូវបានគេផ្ដោតសំខាន់លើក្លិនជាតិគីមីនៅក្នុងក្រណាត់ និងបរិស្ថានមិនស្អាត ហើយក៏សង្ស័យទៅលើការបរិភោគទឹកនៅក្នុងរោងចក្រដែរ ៕
ចែករំលែកព័តមាននេះ