រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតទ្បើងនៅផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ មេសា ដោយសារក្មេងស្ទាវជើងកាងក្នុងភូមិ៣នាក់ បានស្ទាក់ម៉ូតូមន្ត្រីយោធាមួយគ្រឿង ដែលកំពុងជិះឌុបប្រពន្ធនិងកូន រួចដណ្តើមយកអាវុធខ្លីបំណងបាញ់ប្រហារមកលើមន្ត្រីយោធា និងប្រពន្ធរួមជាមួយកូន តែដោយសារអាវុធបាញ់មិនផ្ទុះ ក្រុមក្មេងស្ទាវទាំងនោះ ក៏បានបោះចោលហើយរត់គេចខ្លួនបាត់អស់ទៅ ។
នេះចាត់ទុកថា ពិតជាសំណាងដ៏ធំមួយរបស់ជនរងគ្រោះ ដែលកាំភ្លើងបាញ់មិនផ្ទុះ ។ មន្ត្រីយោធាដែលត្រូវក្មេងស្ទាវដណ្តើមកាំភ្លើងពីចង្កេះនោះឈ្មោះ នូ ថារ័ត្ន អាយុ៣២ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាពទីចាត់ការការពារព្រំដែន មានទីលំនៅជិតកន្លែងកើតហេតុ ។ មុនពេលកើតហេតុ លោក នូ ថារ័ត្ន បានជិះម៉ូតូម៉ាកស៊ីរ៉ុសឌុបប្រពន្ធនិងកូនត្រទ្បប់មកពីលេងម្តាយ នៅបុរីសូនី លុះធ្វើដំណើរដល់ចំណុចខាងលើ ស្រាប់តែមានក្មេងស្ទាវជាជនអន្ធពាល៣នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរដោយថ្មើរជើង មកឈរស្ទាក់ផ្លូវហើយស្រែកគំហកឱ្យលោក នូ ថារ័ត្ន នូវពាក្យអសុរោះបំផុត ។
ពេលនោះលោក នូ ថារ័ត្ន ក៏ឈប់ម៉ូតូបំណងសួរនាំ ប៉ុន្តែភ្លាមនោះ ស្រាប់តែក្រុមក្មេងស្ទាវទាំង៣នាក់ស្ទុះមកវាយលោកដណ្តើមយកអាវុធខ្លីពីចង្កេះ ហើយបានបាញ់តម្រង់មកលើម្ចាស់កាំភ្លើង ប៉ុន្តែដោយសារកាំភ្លើងមិនផ្ទុះ ទើបក្រុមជនអន្ធពាលបោះអាវុធចោល ហើយនាំគ្នារត់គេចខ្លួនអស់ទៅ ។
ក្រោយពីមានហេតុការណ៍កើតទ្បើង សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលល្បាតការពារភូមិសាស្ត្រ ចុះមកអន្តរាគមន៍ហើយបាញ់ទ្បើងលើចំនួន៣គ្រាប់គំរាមចាប់ក្រុមជនអន្ធពាលទាំង៣នាក់ ជាហេតុធ្វើឱ្យជនអន្ធពាលភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។ ដោយទ្បែកប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានបង្ហើបថា ករណីខាងលើនេះ គឺក្រុមក្មេងស្ទាវបានដណ្តើមកាំភ្លើងពីលោក នូ ថារ័ត្ន បាញ់គំរាមលើម្ចាស់កាំភ្លើងរហូតអស់គ្រាប់ ទើបបោះកាំភ្លើងចោល ហើយរត់គេចខ្លួនបាត់ មិនមែនបាញ់មិនផ្ទុះទេ ។ ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ អសន្តិសុខនៅតំបន់នោះកំពុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយសារមានក្រុមក្មេងស្ទាវជាជនអន្ធពាល មានទាំងមុខសញ្ញាចោរលួច ឆក់ ប្លន់ ដែលទើបចេញពីពន្ធនាគារ កំពុងធ្វើសកម្មភាពអុកទ្បុកក្នុងមូលដ្ឋាន ហើយគ្មានសមត្ថកិច្ចល្បាតពួនស្ទាក់នៅចំណុចនោះទ្បើយ ។
ប្រជាពលរដ្ឋ សំណូមពរដល់លោកអធិការនគរបាលខណ្ឌមានជ័យ ក៏ដូចជាលោកអភិបាលខណ្ឌមានជ័យ ជាពិសេសលោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលរាជធានីភ្នំពេញ គួរសិក្សាបង្កើតប៉ុស្តិ៍ចល័ត២៤ម៉ោងលើ២៤ម៉ោង មួយកន្លែងនៅចំណុចនោះដើម្បីបង្ក្រាបជនខិលខូច និងជាការពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕
ចែករំលែកព័តមាននេះ