ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយនៅវេលាព្រឹកថ្ងៃទី១ មេសា លើកំណាត់ផ្លូវជាតិលេខ៦ មនុស្សចោមរោមមើលកកកុញក្រោមស្ពានអុកតាអោន ស្ថិតក្នុងភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ដោយសារតែគេបានប្រទះឃើញសពបុរសម្នាក់និងម៉ូតូមួយគ្រឿងដេកត្រាំទឹកនៅជិតគ្នា ។ ការភ្ញាក់ផ្អើលគួរឱ្យកត់សម្គាល់នេះ ពីដំបូងទ្បើយគេនាំគ្នាសង្ស័យនិងធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសារជនរងគ្រោះត្រូវគេស្គាល់ថា គឺជាសកម្មជនរបស់គណបក្សប្រឆាំង ។
បន្ទាប់ពីខាងសមត្ថកិច្ចជំនាញមានគ្រូពេទ្យ និងអាជ្ញាធរឃុំ ព្រមទាំងសាច់សារលោហិតនៃសពបានមកដល់ ធ្វើការស្រង់សពសែងមកលើគោក រួចធ្វើកោសល្យវិច័យទៅ ទើបដឹងច្បាស់ប្រាកដថា ជាករណីគ្រោះថ្នាក់ជិះម៉ូតូទាំងស្រវឹងក៏ជ្រុលធ្លាក់ពីលើស្ពាន ។ ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាថៅកែទ្បឥដ្ឋក្បឿង និងជាអតីតក្រុមប្រឹក្សាខេត្តគណបក្សសមរង្ស៊ី ស្នាក់នៅភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ក្បែរកន្លែងកើតហេតុខាងលើ ។
មន្ត្រីសមត្ថកិច្ចដែលបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ បានពន្យល់ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ថ្នល់ពីចំណុចក្បែរគល់ស្ពានរអិលធ្លាក់មកក្រោមបណ្តាលឱ្យបោកក្បាលផុងលាលាដ៍ធ្លាក់ចូលទៅក្នុងទឹកទាំងមនុស្សនិងម៉ូតូម៉ាកគុប៧០ជ្រុងអាគុយស្ងួត ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ១S-៧១៤៤ បណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង ។ សមត្ថកិច្ចអះអាងជាផ្លូវការថា មិនមែនជារឿងឃាតកម្មនយោបាយអ្វីនោះទេ ។
តាមប្រភពព័ត៌មានពីសាច់ញាតិ និងមិត្តភក្តិនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ជាថៅកែទ្បឥដ្ឋក្បឿង បច្ចុប្បន្នទ្បឥដ្ឋរបស់គាត់នេះ ឈប់ដំណើរការ១រយៈមកហើយ ។ ចំណែករូបគាត់បន្ទាប់ពីមានបញ្ហាបន្តិចបន្តួចជាមួយគ្រួសារមក ភរិយារបស់គាត់បានទៅនៅឯស្រុកកំណើតខេត្តកំពង់ចាមបាត់ទៅ ។ រីឯគាត់ស្នាក់នៅចាំយាមទ្បតែម្នាក់ឯង ។ ជារៀងរាល់ថ្ងៃរូបគាត់ តែងតែដើរលេងផឹកស៊ីរហូតដល់យប់រំលងអធ្រាត្រ ទើបវិលត្រទ្បប់មកកន្លែងស្នាក់នៅខាងលើវិញ។
ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏គ្មានអ្នកណាម្នាក់ដឹងថា បានកើតទ្បើងនៅវេលាម៉ោងប៉ុន្មាននោះទេ ពីព្រោះនៅជិតកន្លែងកើតហេតុ គ្មានផ្ទះអ្នកភូមិ ។ ទាល់តែវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១ មេសា ទើបគេប្រទះឃើញសាកសពនិងម៉ូតូនៅក្នុងទឹកខាងក្រោមស្ពានមានទឹករាក់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលមនុស្សឈូរឆរចោមរោមមើលតែម្តង ៕
ចែករំលែកព័តមាននេះ