ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបាននគរបាលមូលដ្ឋាន ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៧ មីនា និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត តាមបណ្តឹងរបស់ម្តាយក្មេងស្រី ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ជាអនីតិជនអាយុ១២ឆ្នាំ ប្រព្រឹត្តឡើងនៅក្នុងស្រុកកំពង់ត្រឡាច ។
មន្ត្រីនគរបាលស្រុកកំពង់ត្រឡាច ឱ្យដឹងថា កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៥ មីនា បុរសឈ្មោះ ព្រុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បានលួចឡើងទៅលើផ្ទះរបស់ក្មេងស្រី រួចប៉ងចាប់រំលោភ ប៉ុន្តែត្រូវម្តាយរបស់នាងមកទាន់ ក៏រត់ចុះដី និងគេចខ្លួនបាត់ស្រមោល ។ ក្រោយមក ម្តាយ និងកូនស្រី បានមកប្តឹងនគរបាលឱ្យចាប់ខ្លួនជនឈ្មោះ ព្រុំ ចិន្តា ដោយចោទពីបទរំលោភសេពសន្ថវៈ ហើយក៏ឈានដល់ការចាប់ឃាត់ខ្លួនជននេះតែម្តង ។
តាមការបំភ្លឺពីក្មេងស្រី និយាយថា ឈ្មោះ ព្រុំ ចិន្តា មិនមែនទើបតែចាប់នាងរំលោភជាលើកទី១នោះទេ គឺនៅថ្ងៃទី២០ មីនា បានចាប់រំលោភនាងនៅក្នុងព្រៃក្រោយផ្ទះ ហើយឱ្យប្រាក់នាង៥០០រៀល ។ លើកទី២ នៅថ្ងៃទី២៣ មីនា នៅកន្លែងដដែល តែមិនបានឱ្យប្រាក់នាងទេ និងលើកទី៣ នៅលើផ្ទះ តែត្រូវម្តាយនាងមកទាន់ ។ ក្រោយពេលឃាត់ខ្លួន ជនឈ្មោះ ព្រុំ ចិន្តា បានសារភាពថា រូបគេពិតជាដេកជាមួយនាងមែន ប៉ុន្តែមិនមែនជាការចាប់បង្ខំទេ ។ ទោះបីជាមានការឆ្លើយដោះសាបែបនេះក៏ដោយ ក៏សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ