រាជធានីភ្នំពេញ ៖ បើទោះបីជាចូលដល់វ័យជិត៥០ឆ្នាំទៅហើយក្តី ប៉ុន្តែអ្នកស្រី ពង់ ស៊ីណា ដែលជាម្តាយបង្កើតរបស់តារាសម្តែងវ័យក្មេងនាង ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានបុរសអាណិកជនអាមេរិកដែលជាបុរសពោះម៉ាយកូន៣ បានឆ្លងដែនមកឆក់យកបេះដូងធ្វើជាគូទ្រនាប់ភ្ជាប់និស្ស័យជាប្តីប្រពន្ធ បន្ទាប់ពីអ្នកស្រីបានលែងលះស្វាមីជាង១០ឆ្នាំមកនេះ។
តូតាបានប្រារព្ធពិធីជប់លៀងមង្គលការម្តាយរបស់ខ្លួនចំនួនជាង១០តុនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ មីនា ក្រោមការចូលរួមពីបងប្អូនសាច់ញាតិ និងអ្នកសិល្បៈជាច្រើនរូប។ បើតាមការបញ្ជាក់ពីតូតា បានឲ្យដឹងថា ម្តាយរបស់នាងបានសម្រេចចិត្តរៀបការប្ដីថ្មីជាមួយបុរសពោះម៉ាយកូន៣ ដែលមានវ័យជាង៥០ឆ្នាំមកពីអាមេរិក ហើយការរៀបការឲ្យម្តាយមានប្តីថ្មីនាពេលនេះគឺបានធ្វើឲ្យនាងបានធូរស្បើយក្នុងអារម្មណ៍ ខណៈពេលដែលម្ដាយរបស់នាងតែងតែដើរតាមនាងជាប់ពេលទៅណាមកណានោះ។ តូតា បានអះអាងថា នាងនិងបងប្អូន៤នាក់ទៀត មានចិត្តសប្បាយរីករាយ ក្នុងពេលដែល ឃើញម្ដាយរបស់ខ្លួនបានរៀបការប្តីថ្មីបែបនេះ ដោយសារតែទៅថ្ងៃអនាគតម្តាយរបស់នាងអាចមានអ្នកមើលថែជំនួសកូនៗ ព្រោះទៅថ្ងៃខាងមុខពេលកូនៗមានគូស្រករអស់ គាត់មិនដឹងថាទៅនៅជាមួយកូនណាឡើយ តែបើគាត់មានគ្នាគឺជាប្រការល្អមួយ។
តូតា បានបញ្ជាក់បន្ថែមថា បន្ទាប់ពីម្ដាយរបស់នាង ចែកផ្លូវគ្នាជាមួយនឹងឪពុករបស់នាងជាង១០ឆ្នាំមកនេះ មានបុរសពោះម៉ាយជាច្រើននាក់បានទាក់ទងម្ដាយនាងជាបន្តបន្ទាប់ ប៉ុន្តែម្ដាយរបស់នាងមិនដាច់ចិត្តយក ព្រោះនៅនឹកគិតដល់កូន។ ប៉ុន្តែបន្ទាប់ពីបានស្គាល់និងទាក់ទងគ្នាជាមួយលោក សំអេល ម៉ាឡែន ដែលជាអាណិកជនខ្មែរដែលមានមុខងារជាប៉ូលិសនៅអាមេរិកជាង១ឆ្នាំមក ម្តាយរបស់នាងហាក់ដូចជាមាននិស្ស័យជាមួយគ្នា រួចក៏សម្រេចចិត្តរៀបការជាមួយគ្នាតែម្ដង។
ចែករំលែកព័តមាននេះ