រាជធានីភ្នំពេញ ៖ អ្នកស្រីសួន ចន្ថា តែងតែចូលរួមដាក់ពិន្ទុឱ្យអ្នកប្រលងចម្រៀងក្នុងកម្មវិធី«ផ្កាយរះក្នុងសួន» របស់ទូរទស្សន៍អប្សរាដែលមានបេក្ខជនទាំងក្មេងទាំងចាស់ ។ អ្នកស្រីសួន ចន្ថា ត្រូវអ្នករៀបចំកម្មវិធីចាត់ឱ្យវាយតម្លៃបេក្ខជនប្រលងចម្រៀង ហើយហាក់ជួយបន្ថែមឱ្យកម្មវិធីលេចធ្លោមួយកម្រិតទៀត ។
ក្នុងជំនួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព កាលពីពេល ថ្មីៗនេះក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» របស់ទូរទស្សន៍អប្សរា អ្នកស្រីសួន ចន្ថា ឱ្យដឹងថា ដោយសារតែអ្នកស្រីធ្លាប់ទទួលបានការណែនាំពីរបៀបច្រៀង និងសម្តែងពីលោកហ្វៃ សំអាង កាលពីជំហានដំបូងនៃជីវិតសិល្បៈ អ្នកស្រីមិនដែលខកខានចំពោះការទាក់ទងឱ្យចូលរួមសម្តែងក្នុងកម្មវិធីដែលលោកហ្វៃ សំអាង បង្កើតឡើយ ។
ចំពោះកម្មវិធីកម្សាន្តមួយចំនួននៅទូរទស្សន៍អប្សរាទទួលបានការពេញចិត្តពីទស្សនិកជនក្នុង និងក្រៅស្រុក ពិសេសកម្មវិធី«ផ្កាយរះក្នុងសួន» អ្នកស្រីសួន ចន្ថា បានធ្វើជាអ្នកវាយតម្លៃបេក្ខជនប្រលង ។
អ្នកស្រីសួន ចន្ថា និយាយថា អ្នកស្រីមិនដឹងថា ធ្វើគណៈកម្មការដាក់ពិន្ទុឱ្យកម្មវិធីផ្កាយរះក្នុងសួនបានល្អកម្រិតណាទេ តែលោកហ្វៃ សំអាង អញ្ជើញឱ្យចូលរួមជាមួយលោកមិុញ សុធីវណ្ណ ជាដៃគូ ។ អ្នកស្រីដ្បិតតែដាក់ពិន្ទុឱ្យអ្នកច្រៀងមែន តែមិនហា៊នលើកតម្កើងខ្លួនថាអាចមានសមត្ថភាពខ្ពស់ជាងតារារៀមច្បងទេ ។ អ្នកស្រីគ្រាន់តែភ្ញាក់ផ្អើលនៅពេលលោកហ្វៃ សំអាង បញ្ជាក់ថាដៃគូគណៈកម្មការរវាងអ្នកស្រី និងលោកសុធីវណ្ណ គឺមានការចាប់ចិត្ត មានអ្នកមើលកោតសរសើរ និងហាក់ធ្វើឱ្យកម្មវិធីទាំងមូលជក់ចិត្ត ។ អ្នកស្រី និងលោកមិុញ សុធីវណ្ណ រីករាយដែលបានការចាប់ចិត្តពីទស្សនិកជនបែបនេះ ។ អ្នកស្រី និងលោកសុធីវណ្ណ បង្ហាញមុខញឹកញាប់ជាងតារាចម្រៀងមានបទពិសោធន៍ដទៃទៀតក្នុងកម្មវិធីផ្កាយរះក្នុងសួន ។
ម្ចាស់បទចម្រៀង «កាមទេពស្នេហ៍» អ្នកស្រីសួន ចន្ថា បញ្ជាក់ថា រវាងអ្នកស្រី និងលោកសុធីវណ្ណ សុទ្ធតែមានបទពិសោធន៍សិល្បៈទាំងអស់គ្នា ពិសេសលោកសុធីវណ្ណ ឆ្អិនរឿងប្រើប្រាស់សំឡេងច្រៀងច្រើនជាងអ្នកស្រីទៅទៀត។ បទពិសោធន៍របស់អ្នកស្រីគឺធ្លាប់ប្រលងចម្រៀងដែរ គឺពិបាកណាស់បើចង់ជាប់ត្រូវផ្តោតលើអ្វីខ្លះមុននឹងមកច្រៀងឱ្យគេមើល ឱ្យគេដាក់ពិន្ទុ ។ ជាគោលការណ៍អ្នកស្រីឱ្យតែបេក្ខជនច្រៀងត្រូវ ចង្វាក់ភ្លេង ទឹកដមសំឡេងពីរោះ ច្រៀងប្រើពាក្យពេចន៍ ច្បាស់ៗមិនបន្លំ ការដាក់មនោសញ្ចេតនាល្អ និងសំលៀកបំពាក់សមរម្យ ព្រមទាំងមានភាពក្លាហាន គឺអាចទទួលបានពិន្ទុល្អ ។ ម៉្លោះហើយ អ្នកស្រីឆ្លៀតធ្វើជាសំឡេងច្រៀងបែបនេះបែបនោះឱ្យបេក្ខជនស្តាប់ជាបទពិសោធន៍ និងប្រាប់ពីរបៀបច្រៀង ផ្សេងៗទៀត ដូច្នេះហើយទើបគេចាប់អារម្មណ៍ច្រើន ។ សូម្បីតែអ្នកនៅអាមេរិក បារាំង ក៏សរសើរអ្នកស្រីទាំងអ្នកស្រីអត់ដឹងខ្លួនទាល់តែសោះ ។
អ្នកស្រីសួន ចន្ថា ថ្លែងអំណរគុណចំពោះអ្នកដែលឱ្យតម្លៃចំពោះសិល្បៈ និងលើកទឹកចិត្តអ្នកស្រី ក៏ដូចជាអ្នកសិល្បៈ ផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ