សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ម្ចាស់សណ្ឋាគារដ៏ល្បីឈ្មោះមួយបានប្តឹងអតីតតារាបង្ហាញម៉ូដជនជាតិអេស្ប៉ាញព្រោះមិនព្រមប្រគល់ចិញ្ចៀនភ្ជាប់ពាក្យមានតម្លៃជាង៣សែនដុល្លារមកខ្លួនវិញ ក្រោយពេលចែកផ្លូវគ្នា ។
លោក វីក្រាម ឆាតវ៉ល បានប្តឹងនាងអេស្ទ័រ កាណាដាស អតីតតារាបង្ហាញម៉ូដ អាយុ៣៧ ឆ្នាំ ។ នៅក្នុងពាក្យបណ្តឹងបញ្ជាក់ថា រូបលោកបានប្រគល់ចិញ្ចៀនភ្ជាប់ពាក្យតម្លៃជាង៣សែនដុល្លារ ក្រោយពីមានក្តីរំភើបដែលនាងយល់ព្រមរៀបការជាមួយខ្លួន ប៉ុន្តែក្តីសង្ឃឹមត្រូវរលាយសាបសូន្យ និងក្លាយជាសុបិនអាក្រក់ ព្រោះនាងបោះបង់លោកចោល រួមទាំងបានចាកចេញពីអាមេរិកជាមួយចិញ្ចៀនភ្ជាប់ពាក្យដែលលោកបានប្រគល់ជូននាង ។
របាយការណ៍បញ្ជាក់ថា លោកឆាតវ៉ល មានកេរ្តិ៍ឈ្មោះក្នុងនាមជាមហាសេដ្ឋីម្ចាស់សណ្ឋាគារធ្លាប់មានលេចឮដំណឹងទាក់ទងស្នេហាជាមួយកំពូលតារាបង្ហាញម៉ូដជាច្រើននាក់ មាននាងឃែត ម៉ូស នាងជីសេល ប៊ុនឆេន និងនាងលីនសេ ឡូហាន ។ លើសពីនេះលោកឆាតវ៉ល ធ្លាប់ចូលមជ្ឈមណ្ឌលកែប្រែអត្តចរិតជាច្រើនលើក ថែមទាំងធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរដ្ឋផ្លរីដា កាលពីឆ្នាំមុន ពីបទជិះយន្តហោះដោយមានកូកាអីុន និងហេរ៉ូអីុននៅជាប់ខ្លួន ។
ចំណែកនាងអេស្ទ័រ បានភ្ជាប់ពាក្យជាមួយលោកឆាត វ៉ល កាលពីខែកញ្ញា២០១៣ ។ ក្នុងនាមជាកំពូលតារាបង្ហាញម៉ូដ នាងមានប្រវត្តិធ្លាប់រៀបការជាមួយតារាបង្ហាញម៉ូដ DKNY កាលពីឆ្នាំ១៩៩៩ ប៉ុន្តែបានលែងលះក្នុងឆ្នាំបន្ទាប់ ។ ក្រោយមកនាងបានរៀបការជាមួយអ្នកប្រណាំងរថយន្តនៅឆ្នាំ២០០៤ និងមានកូនម្នាក់ តែបានលែងលះគ្នានៅឆ្នាំ២០០៨ ៕
ចែករំលែកព័តមាននេះ