ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ទេព​ រិនដារ៉ូ រើស​ពី​តាម​ផ្លូវ​ក្លាយ​ជា​តារា​ល្បី​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រវល់​តែ​ផ្តោត​អារម្មណ៍​លើ​លោក​ទេព​ រិនដារ៉ូ​ ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ នៅតែ​មិន​ទាន់​ជ្រើស​យក​នារី​ណា​ម្នាក់​រៀប​ការ​ជា​គូ​គាប់​ និង​ជីវិត​សិល្បៈ​បច្ចុប្បន្ន​របស់​លោក​ មហា​ជន​ប្រហែល​ជា​ភ្លេចប្រវត្តិ​ជីវិត​អតីត​កាល​របស់​លោក​បាត់​ទៅ​ហើយ​ ឬ​​នៅ​ចាំ​តិច​តួច​ ខណៈ​អ្នក​ជំនាន់​ក្រោយ​មិន​បាន​ដឹង​ទេ​ ។​ កោះសន្តិ​ភាព​សូម​បង្ហាញ​ជូន​ពី​ប្រវត្តិ​ជីវិត​របស់​លោក​ទេព​ រិនដារ៉ូ​ ដែល​នាំ​

រាជ​ធានី​ភ្នំ​ពេញ​ ៖ រវល់​តែ​ផ្តោត​អារម្មណ៍​លើ​លោក​ទេព​ រិនដារ៉ូ​ ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ នៅតែ​មិន​ទាន់​ជ្រើស​យក​នារី​ណា​ម្នាក់​រៀប​ការ​ជា​គូ​គាប់​ និង​ជីវិត​សិល្បៈ​បច្ចុប្បន្ន​របស់​លោក​ មហា​ជន​ប្រហែល​ជា​ភ្លេចប្រវត្តិ​ជីវិត​អតីត​កាល​របស់​លោក​បាត់​ទៅ​ហើយ​ ឬ​​នៅ​ចាំ​តិច​តួច​ ខណៈ​អ្នក​ជំនាន់​ក្រោយ​មិន​បាន​ដឹង​ទេ​ ។​ កោះសន្តិ​ភាព​សូម​បង្ហាញ​ជូន​ពី​ប្រវត្តិ​ជីវិត​របស់​លោក​ទេព​ រិនដារ៉ូ​ ដែល​នាំ​ឱ្យ​ក្លាយ​ជា​តារា​ភាព​យន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ ។​

កាល​ពី​ពេល​ ថ្មីៗនេះ​ លោក​ទេព​ រិនដារ៉ូ​ បាន​និទាន​ប្រវត្តិ​ជីវិត​របស់​លោក​ឱ្យដឹង​ថា​ លោក​មាន​ទឹកចិត្ត​ស្រឡាញ់​ចូលចិត្តសិល្បៈ​ភាព​យន្ត​ណាស់​ ឱ្យ​តែ​ខ្សែ​ភាព​យន្តខ្មែរ​យើង​បញ្ចាំង​តាម​រោង គឺ​លោក​ទៅ​មើលជា​ប្រចាំ​ ។​ លោក​ចាំ​បាន​ថា​​ក្រោយ​ឆ្នាំ​១៩៧៩​ លោក​ធ្លាប់​ទៅ​មើល​កុន​រឿង​ «ចិត្ត​ចង​ចាំ»​ ដែល​សម្តែង​ដោយ​លោក​ខៃ ប្រសិដ្ឋ ​និង​អ្នក​នាង​អ៊ុំ​ កណ្ណរី ។​ លោក​ពេញចិត្ត​ណាស់​ ស្រឡាញ់​ណាស់​ការសម្តែង​ និង​គិត​ថា​ បើ​ក្លាយ​ជា​អ្នក​សម្តែង​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាងណា​ទេ ។​ មុន​ពេល​ក្លាយ​ជា​តារា​ភាព​យន្ត​ លោក​ធ្វើ​ការ​ផ្នែក​យន្ត​ហោះ​ដែល​រៀន​ចប់​ពី​សហ​ភាព​សូវៀត​។​​

ប្រវត្តិ​​បាន​ក្លាយ​ជា​តារា​ភាព​យន្ត​ គឺ​លោក​ទេព​ រិនដារ៉ូ​ មិ​នបាន​​ឆ្លង​កាត់​ការ​ប្រឡង​ទេព​កោ​សល្យ​ទេ ។​ ជា​សំណាងរបស់​លោក​ដោយ​មាន​ទម្រង់​មុខ​ត្រូវ​ចិត្ត​អ្នក​ដឹក​នាំ​រឿង​ ពិសេស​គឺសក់​របស់​លោក​ប្លែក​ពី​តួ​ប្រុស​ដទៃ​ ក៏​បាន​ឱកាស​ចូល​រួម​សម្តែង​ភាព​យន្ត ។​ លោក​ទេព​ រិនដារ៉ូ​ ប្រឡូក​​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ត​ក្រោយ​លោក​ខៃ ប្រសិដ្ឋ​ និង​អ្នក​នាង​ចាន់​ តារាទី​ ១​ឆ្នាំ ឬ២ឆ្នាំ ។​

លោក​ទេព​ រិនដារ៉ូ​ ចាំ​ថា មាន​ថ្ងៃ​មួយ​លោក​ជិះ​កង់​​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​អាកាស​យាន​ដ្ឋាន​ពោធិ៍​ចិន​តុង​ មានអ្នកដឹក​នាំ​រឿង​ម្នាក់​ជិះ​រថ​យន្ត​តាម​លោក​ពី​ក្រោយ​ និង​ចុច​ស៊ី​ផ្លេ​រហូត​ ។ គេបាន​សួរនាំ​លោក​​ពី​រឿង​ថត​កុន​ តែ​លោក​ថា លោក​ថត​មិន​កើត​ទេ ព្រោះ​តែ​កន្លែង​​ធ្វើ​ការ​របស់​លោក​មានច្បាប់​តឹង​តែង​ បើ​ចង់​ឱ្យ​លោក​សម្តែង​ទាល់​តែ​សុំ​ច្បាប់​ត្រឹម​ត្រូវ​ មាន​លិខិត​ស្នាម​ស្នើ​ដល់​ថ្នាក់​លើ​ ។​

បន្ទាប់​មក​​ គេបានរត់​ការ​រហូត​មាន​ការ​យល់​ព្រម​ពី​ថ្នាក់​លើ​ ធ្វើ​ឱ្យ​លោក​ទេព​ រិនដារ៉ូ​ មាន​ឱកាស​ថត​ភាព​យន្ត​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៨៩ ។​ រឿង​ដែល​លោក​សម្តែង​បីបួន​រឿង​ដំបូង​​មិ​នទាន់​ទទួលបាន​ការ​គាំទ្រ​​ទេ ។ លោក​​ចាប់​ផ្តើម​គេ​ស្គាល់​ឈ្មោះ​ និង​ចាប់​ចិត្ត​តាម​រយៈ​រឿង «អាថ៌​កំបាំង​កិច្ច​សន្យា​ស្នេហ៍»​ របស់​នាយក​ដ្ឋាន​ភាព​យន្ត​ ។ លោក​​ទេព រិន​ដារ៉ូ សម្តែង​រឿង​នោះ​ជា​មួយ​អ្នក​នាង​អម្ពរ​ ទេវី​ សម​គ្នា​ណាស់​ ទើប​ចាប់​ពី​ពេល​នោះ​មក​ អ្នក​ទាំង​ពីរ​ក្លាយ​ជា​ដៃគូ​សម្តែង​ដែល​មហា​ជន​​ទទួល​ស្គាល់​រហូត​យល់​ច្រឡំ​ថា​​ ពួក​លោក​ស្រឡាញ់​គ្នា​ក្រៅឆាក​ទៀត​ផង ។​

តារា​សម្តែង​ល្បី​ឈ្មោះ​ និងពូកែ​រក្សារូប​រាង​ឱ្យ​នៅ​តែសង្ហា​ មិន​មាន​ក្បាល​ពោះ​រូប​នេះ​និទាន​ថា នៅ​ជំនាន់របស់​លោក​គេចាប់​ដៃ​គូ​សម្តែង​​​រវាង​តារា​ប្រុស​ និង​តារា​ស្រី​តាម​ទីផ្សារ​សិល្បៈ​ដែល​មហាជន​និយម​ដូចជា រូប​លោក​​ដៃគូ​សម្តែង​​ជាមួយ​អ្នក​នាង​អម្ពរ​ ទេវី​ លោក​ខៃ​ ប្រសិដ្ឋ​ គូ​ជា​មួយ​អ្នក​នាង​ចាន់ តារា​ទី​ និងសុខ ស្រី​មុំ​ គូ​ជាមួយ​លោក​សម តារា​ ជា​ដើម ។​

លោក​ទេព​ រិនដារ៉ូ​ និយាយ​ថា ភាព​ជោគ​ជ័យ​ដែល​លោក​មាន​រាប់​ឆ្នាំ​បែប​នេះ​កើត​ចេញ​ពី​ការ​ស្រឡាញ់​​សិល្បៈ​ ប្រៀប​​បី​ដូចជា​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ បើ​កាល​ណា​ស្រឡាញ់​គ្នាចេះ​យក​ចិត្តទុកដាក់​មើល​ថែ​ទាំ​គ្នា អត់​ធ្មត់​យោគ​យល់​គ្នា​ដើម្បីថែរក្សា​ចំណង​ស្នេហ៍ ។​ ចំណែក​លោក​ស្រឡាញ់​សិល្បៈ​ និង​ជោគ​ជ័យ​បែប​នេះ​មក​ពី​ខំព្យាយាម​ តស៊ូ​ និង​មិន​ដែល​ធ្វេស​ប្រហែស​ខ្លួន​ឡើយ​ ។ លោក​ស្តាប់​រៀម​ច្បង​ជា​ប្រចាំ​ រៀន​ពី​អ្នក​មានបទ​ពិសោធន៍​រហូត​ ​មិន​តាំង​ខ្លួន​ថា​ជា​អ្នក​ល្បី​ទេ ។​ ការសម្តែង​ត្រូវ​តែ​ហាត់​រៀន​ជា​ប្រចាំ​មិ​នចេះ​ចប់​ទេ​ តែងតែ​មាន​ការ​រំលេច​អ្វី​ ថ្មីៗ​​ជា​និច្ច​ ។ តារា​ ម្នាក់ៗ​គួរតែស្វែង​យល់​ពី​ចំណុច​នេះ​ ដែល​លោក​ធ្លាប់​​មានបទ​ពិសោធន៍​ ។ អ្នក​សម្តែង​ជំនាន់​នេះ​ មាន​អ្នក​មាន​ទេព​កោសល្យ​ល្អ​ និង​ក្លាហាន​ច្រើន​ ។ តា​រា​ជំនាន់​នេះ​មិន​សូវ​ចេះ​អឹម​អៀន​ច្រើន​ដូច​កាល​ពី​ជំនាន់​លោក​ទេ​ ៕​