ខេត្ដពោធិ៍សាត់ ៖ អគារទីស្នាក់ការកាកបាទក្រហមខេត្ដពោធិ៍សាត់ ដែលពីមុនមានសភាពតូចទាបជាប់នឹងដីក្ដៅស្អុះស្អាប់ មានលក្ខណៈមិនសមរម្យនោះ ឥឡូវនេះបានសាងសង់ថ្មីសន្លាង មានកំពស់២ជាន់ និងមានហេដ្ឋារចនាសម្ព័ន្ធដោយចំណាយទឹកប្រាក់អស់ជាង១៣ម៉ឺនដុល្លារអាមេរិក ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២២ កុម្ភៈ ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលខេត្ដពោធិ៍សាត់មានអគារទីស្នាក់ការកាកបាទក្រហមស្អាត មានលក្ខណៈ ស្ដង់ដាតាមបទដ្ឋានបច្ចេកទេស ក្រោមកិច្ចសហប្រតិបត្ដិការរវាងរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។ តាមគោលការណ៍របស់កាកបាទក្រហម គឺត្រូវបង្កើតសាខានៅតាមបណ្ដាខេត្ដទាំង២៤ ហើយខេត្ដនីមួយៗត្រូវមាន ទីស្នាក់ការល្អដើម្បីពង្រឹងសមត្ថភាពសាខាឱ្យរឹងមាំ សំរាប់ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយអគារសាខានីមួយៗត្រូវមានអនុសាខានៅតាមស្រុកផងដែរ។ លោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានស្នើសុំឱ្យបណ្ដាសាខាកាកបាទក្រហមទាំងឡាយដែលមានលទ្ធភាព ត្រូវចេះជួយទៅដល់បណ្ដាសាខាដទៃទៀត ដែលមិនទាន់មានលទ្ធភាពដូចជាសាខានៅខេត្ដមណ្ឌលគិរី, រតនគិរី និងខេត្ដក្រចេះ ជាដើម ។ ក្រៅពីនេះ ត្រូវគិតគូរដល់ការពង្រីកយុវជនកាកបាទក្រហមឱ្យបានគ្រប់ទីកន្លែង ពីព្រោះពួកគេជាកម្លាំងពិសេសរបស់កាកបាទក្រហម និងជាយុវជនគំរូដល់យុវជនដទៃទៀតដែលមានតួនាទីចូលរួមក្នុងកម្លាំងមនុស្សធម៌ផង និងអូសទាញយុវជន ដែលដើរខុសផ្លូវផង ។
លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានផ្ដាំផ្ញើដល់មន្ដ្រីសាខាកាកបាទក្រហមខេត្ដពោធិ៍សាត់ទាំងអស់ថា ឥឡូវនេះខេត្ដពោធិ៍សាត់មានអគារល្អសំរាប់ធ្វើការហើយ សូមឱ្យមន្ដ្រីទាំងអស់ពង្រឹងសមត្ថភាព និងការងារឱ្យបានរឹងមាំ ដើម្បីឱ្យសក្ដិសមនឹងទីកន្លែងធ្វើការល្អ អគារខ្ពស់មានតំលៃច្រើន ហើយអនាគតតាមបណ្ដាសាខាគួរចេះធ្វើសេដ្ឋកិច្ចរកមូលនិធិបន្ថែមពីលើជំនួយរបស់ដៃគូ និងសប្បុរសជន ដើម្បីរកប្រាក់មកទប់ទល់លើការចំណាយផ្សេងៗដូចជាការសង់អគារសំរាប់ ជួលឱ្យបណ្ដាអង្គការអង្គភាពណាដែលគេត្រូវការបន្ទប់ប្រជុំ ឬធ្វើសិក្ខាសាលាផ្សេងៗដើម្បី ទទួលបានកំរៃខ្លះពីការជួលដោយគិតតំលៃឱ្យថោកជាងកន្លែងដទៃទៀត ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ពិធីសម្ពោធទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ ដែលប្រព្រឹត្ដធ្វើឡើងកាលពីថ្ងៃ ទី២២ កុម្ភៈ ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន នាពេលនោះមានមន្ដ្រី អ្នកមុខអ្នកការសមាជិកសមាជិកាកាកបាទក្រហម ចូលរួមជាច្រើននាក់ដូចជាសមាជិក សមាជិកា មកពីស្ថាប័នព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតនៅក្នុងឱកាសនោះ មានសប្បុរសជនជាច្រើន នាក់ បានចូលរួមផ្ដល់ប្រាក់ចូលរួមជាកំលាំងមនុស្សធម៌សំរាប់ផ្ដល់ឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ សរុបជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ។
ចែករំលែកព័តមាននេះ