រាជធានីភ្នំពេញ ៖ ទើបតែមានវត្តមានសម្តែងក្នុងបទចម្រៀងជាលើកដំបូងប៉ុណ្ណោះ ប៉ុន្តែកញ្ញា រ៉ូ ស្រីលុច បានបង្ហាញមហិច្ឆតាចាប់យកអាជីពសិល្បៈឱ្យបានជោគជ័យដូចបងស្រីរបស់ខ្លួន រ៉ូ ចាន់តារា ដែរ ។

រ៉ូ ស្រីលុច បានបង្ហាញវត្តមានសម្តែងជាលើកដំបូងក្នុងបទចម្រៀងដែលមានចំណងជើងថា «មាននឹកបងទេអូន» ដែលច្រៀងដោយ រឹទ្ធ ប្រុសពៅ នៅក្នុងផលិតកម្មថោន ។ បន្ទាប់ពីបទចម្រៀងនេះ ត្រូវបានបង្ហោះតាមហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោន កាលពីថ្ងៃទី ១៥ ខែកញ្ញា រហូតមកដល់ពេលនេះ គឺមានអ្នកទស្សនារាប់ម៉ឺននាក់ ។

ជាមួយនឹងអត្ថន័យនៃបទចម្រៀងដ៏ពីរោះនោះ អ្នកទស្សនាជាច្រើនក៏មានការចាប់អារម្មណ៍ផងដែរ ទៅលើតួសម្តែងស្រីដែលមានកាយវិកាក្រម៉ិចក្រមើមបូករួមនឹងរូបសម្រស់ស្រស់សោភាផងដែរ ។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា ជាប្អូនស្រីបង្កើតរបស់តារាសម្តែងនាង រ៉ូ ចាន់តារា ដែលអតីតហ្វ្រេសស៊ី ហើយបច្ចុប្បន្នកំពុងកសាងសុភមង្គលគ្រួសារនៅក្រៅប្រទេស ។

ជាមួយនឹងការបង្ហាញវត្តមានសម្តែងជាលើកដំបូងនឹងទទួលបានការចាប់អារម្មណ៍នេះ រ៉ូ ស្រីលុច មានបំណងចង់ប្រឡូកអាជីពសម្តែងនេះ ឱ្យបានជោគជ័យដូចទៅនឹងបងស្រីរបស់ខ្លួនផងដែរ ។ រ៉ូ ស្រីលុច បានអះអាងថា នាងមានឱកាសសម្តែងលើកដំបូងនេះគឺដោយសារនាងស្គាល់គ្នាជាមួយតារាចម្រៀងលោក រឹទ្ធិ ប្រុសពៅ ខណៈពេលបទចម្រៀងមួយនេះត្រូវនឹងអត្តចរឹករបស់នាងផងដែរ ។
នាងបញ្ជាក់ថា កន្លងមកនាងក៏ធ្លាប់សម្តែងម្តងដែរ តែបានឈប់ទៅវិញ ហើយពេលនេះជាលើកទីពីរ ។ នាងរំពឹងថា បន្ទាប់ពីបានបង្ហាញខ្លួនការសម្តែងម្តងនេះនាងអាចនឹងទទួលយកការសម្តែងជាបន្តបន្ទាប់ទៀត ប្រសិនបើមានផលិតកម្មណាមួយត្រូវការ ។ បើតាម រ៉ូ ស្រីលុច ក្នុងនាមជាតារាដែលមានភាពក្មេងខ្ចី នឹងមានបទពិសោធន៍តិចតួចនាងនៅមិនទាន់ហ៊ានប្រាថ្នាចូលរួមថតខ្សែភាពយន្តនៅឡើយទេ ពោលគឺត្រឹមថតក្នុងបទចម្រៀងប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ សិល្បៈគឺជាការស្រឡាញ់ និងចូលចិត្តរបស់នាងតាំងពីតូច ហើយនាងនឹងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែម ដើម្បីក្លាយជាតារាសម្តែងអាជីពដូចបងស្រីរបស់នាងនាពេលអនាគត ។ ក្នុងវ័យ២៥ឆ្នាំ បច្ចុប្បន្ន រ៉ូ ស្រីលុច ក្រៅពីអាជីពលក់សម្លៀកបំពាក់ នាងក៏កំពុងបន្តការសិក្សាផ្នែកភាសាអង់គ្លេសផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ