រាជធានីភ្នំពេញ ៖ ពេញមួយឆ្នាំ ២០២៥កន្លងទៅនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់ ។

នាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្គ្រោះបឋមចំនួន ១៦១វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣ ២៣៣នាក់ ដោយមានស្ត្រីចំនួន ១ ៣៤៨នាក់ ។ ក្នុងនោះដែរ នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទកផ្នែកសុវត្ថិភាព និងសុខភាពការងារចំនួន ៣វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១៧០នាក់ ដោយមានស្ត្រី ៩៧នាក់។

បន្ថែមពីលើនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ចុះបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គិលានុប្បដ្ឋាក និងអ្នកគ្រប់គ្រងអនុលោមភាព នៃសហគ្រាស ក្រុមហ៊ុន រោងចក្រដែលជាសមាជិករបស់សមាគមតាមបណ្តារាជធានី-ខេត្តសរុបចំនួន ៩លើក រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលមានអ្នកចូលរួមសរុបចំនួន ៤១៩នាក់ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងសាធារណជន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផ្សេងៗ ។

លោកបានបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីចូលរួមចំណែកធានាអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ផងដែរ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ