ធានាថាសើចតាំងពីដើមរហូតដល់ចប់ បើមិនបានទស្សនាទេ ពិតជាស្តាយក្រោយ ជាមួយនឹងខ្សែភាពយន្តរឿង«ក្រឡអីហ្នឹង» របស់ផលិតកម្មLD Picture ដែលបានសម្ពោធនិងចាក់បញ្ចាំងហើយកាលពីល្ងាចថ្ងៃទី២៨ មីនា ២០១៤ នៅរោងភាពយន្តលំដាប់អន្តរជាតិ Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី៥ ។
ខ្សែភាពយន្ត «ក្រឡអីហ្នឹង» ជារឿងខ្មោចបែបកំប្លែងសប្បាយ ដែលមានតារាចូលរួមសម្ដែងភាគច្រើនជាតារាកំប្លែងមកពីស្ថានីយ ទូរទស្សន៍CTN និងតារាល្បីប្រចាំប្រទេសកម្ពុជាដូចជា នាយគ្រឿន នាយក្រូច នាយពែកមី នាយប៊ុម នាងក្អីត នាងខ្ញុង លោកប៊ីអាយជី អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង សុខ សោមាវត្តី និងលោក ជា សុវណ្ណនរាហ៍ ជាដើម។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានប្រាប់កោះសន្តិភាពឲ្យដឹងថា នេះជាថ្ងៃពិសេសមួយ ក្រៅពីសម្ពោធរឿងដល់ល្អមួយនេះហើយនោះ ថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួប៣ឆ្នាំរបស់ផលិតកម្ម LD Pictureផងដែរ ។ ចាងហ្វាងផលិតកម្ម LD Picture បន្តថា ខ្សែភាពយន្តនេះចំណាយប្រាក់អស់ប្រហែលជាជិត៦ម៉ឺនដុល្លារ ហើយរឿងនេះថតរយៈពេល៥ខែ និងយកទៅកាត់តនៅក្រៅប្រទេស ដូច្នេះបើសិនជាមិនបានទស្សនានោះទេ ពិតជាស្តាយក្រោយជាមិនខាន។ រឿង«ក្រឡអីហ្នឹង»ចាប់បញ្ចាំងចាប់ពីថ្ងៃទី២៨ មីនានេះតទៅ ។
ចែករំលែកព័តមាននេះ