រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ (CNRP) រៀបចំពិធីសាសនា (បង្សុកូល) នៅចេតិយខាងមុខអតីតមន្ទីររដ្ឋសភានៅថ្ងៃទី៣០ មីនា ២០១៤ បុ៉ន្តែមិនអនុញ្ញាតឱ្យគណបក្សនេះធ្វើសមាជនៅទីលានប្រជាធិបតេយ្យឡើយ ។ នេះបើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ មីនា ។
បើតាមលោកឡុង ឌីម៉ង់ ការសម្រេចខាងលើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពីរករណីផ្សេងគ្នាជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដែលតំណាងសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកកើត ឆែ នាយកទីចាត់ការរដ្ឋបាល និងតំណាងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកហូរ វ៉ាន់ ។ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ មីនានោះដែរ ក៏មានការចូលរួមពីតំណាងមកពីគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងទៀតថា ករណីដែលគណបក្សសង្គ្រោះជាតិសុំរៀបចំពិធីតាមសាសនានោះ សាលារាជធានីភ្នំពេញក៏បានសុំគោលការណ៍ពីក្រសួងមហាផ្ទៃ ព្រោះតាមគម្រោងពិធីនេះគណបក្សសង្គ្រោះជាតិ ក៏មានការអញ្ជើញតំណាងអង្គទូតប្រទេសមួយចំនួនចូលរួម ដូច្នេះសាលារាជធានីភ្នំពេញត្រូវត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពសម្រាប់មន្ត្រីស្ថានទូតទាំងនោះ ។
ដោយឡែក ទាក់ទងទៅនឹងការសុំរៀបចំធ្វើសមាជប្រជាជននៅថ្ងៃទី៣០ មីនា ពីសំណាក់គណបក្សសង្គ្រោះជាតិវិញ សាលារាជធានីភ្នំពេញមិនអនុញ្ញាតជាដាច់ខាត ព្រោះទីលានប្រជាធិបតេយ្យត្រូវបានបិទជាបណ្តោះអាសន្ន មិនឱ្យមានការប្រមូលផ្តុំតវ៉ានោះទេ រហូតដល់បញ្ចប់ការសើុបអង្កេតករណីហិង្សាកាលពីថ្ងៃទី២-៣ មករា ឆ្នាំ២០១៤ និងការបង្ខាំងមន្ត្រីរាជការសាលារាជធានីភ្នំពេញ ពីព្រោះតែអ្នកបង្ខាំងនោះត្រូវគេរាយការណ៍ថា ចេញមកពីក្រុមបាតុករនៅទីលានប្រជាធិបតេយ្យក្នុងអំឡុងពេលនោះ ។
ទោះជាយ៉ាងណាក៏ដោយ បើតាមមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យដឹងថា ជំហររបស់ខ្លួននៅតែជួបជុំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធរំលឹកខួបឆ្នាំទី១៧ នៃហេតុការណ៍គប់គ្រាប់បែកដៃ ដែលជនមិនស្គាល់អត្តសញ្ញាណបានគប់ចំនួន៤គ្រាប់ចូលទៅក្នុងក្រុមបាតុករដឹកនាំដោយគណបក្សជាតិខ្មែររបស់លោកសម រង្ស៊ី កាលពីថ្ងៃទី៣០ មីនា ១៩៩៧ ។ ចំណែកការធ្វើសមាជប្រជាជនដែលគ្រោងធ្វើនាពេលរសៀលថ្ងៃទី៣០ មីនា ដដែលនោះនឹងមានមនុស្សចូលរួមប្រមាណ៥ពាន់នាក់។ អ្នកសង្កេតការណ៍និយាយថា ការប្រមូលផ្តុំគ្នារបស់អ្នកគាំទ្របក្សប្រឆាំងដូចពេលមុននោះលែងឱ្យមានតទៅទៀតហើយ ដែលនេះជាបម្រាមរបស់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ