ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ចេញ​យុទ្ធសាស្ត្រ​៤​ដើម្បី​ស្តាកំណើន​ភ្ញៀវ​ទេសចរ​បរទេស​នៅ​​សៀមរាប​អង្គរ​ក្រោយ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក

4 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈ ពេល ៧ ខែ​ដើមឆ្នាំ​២០១៩ នេះ​មាន​ចំនួន​សរុប ៣.៨ លាន​នាក់​នឹង​មាន​កំណើន​ប្រមាណ​ជាង ១១…

សៀមរាប ៖ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈ
ពេល ៧ ខែ​ដើមឆ្នាំ​២០១៩ នេះ​មាន​ចំនួន​សរុប ៣.៨ លាន​នាក់​នឹង​មាន​កំណើន​ប្រមាណ​ជាង ១១ ភាគរយ ស្រាប់តែ​តំបន់ សៀមរាប​-​អង្គរ​បែរជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មានការ​ធ្លាក់​ចុះ
យ៉ាង​ខ្លាំង ក្នុង​កម្រិត​ប្រមាណ ៩ ភាគរយ ដែល​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក រហូត​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ក៏​ដូច​ជា​អា​ជីករ​តូច​ធំ​ត្អូញត្អែរ​និង​បង្ហាញ​កង្វល់​ពី​ការ​បាត់បង់
ចំណូល​ផ្គត់ផ្គង់​ជីវភាព ។

ក្នុង​ន័យ​ស្តា​ឡើង​វិញ ឬ​ក៏​ទប់ស្កាត់​នូវ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នៅសៀមរាប​-​អង្គរ ដែល​ជា​តំបន់​ប្រាសាទអង្គរវត្ដ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​បន្ត​ទៀត​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ព្រោះ​មូលហេតុ ចម្បង​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស គឺ​បណ្តាល​មក​ពី​ការ​រង​ឥទ្ធិពល​នៃ សង្គ្រាម​ពាណិជ្ជ កម្ម​ចិន​-​អា​មេ​រិ​ក ។ ជាក់ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ចិន ក្នុង​រយៈពេល ៦​ខែ​នេះ គឺ​មានការ​ធ្លាក់​ចុះទូ​ទាំង​ពិភពលោក ហើយ​ចំណាយ​របស់​ទេសចរ​ចិន​ក៏​ធ្លាក់​ចុះ​១០ ភាគរយ ។ ហើយ​ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​នោះ​រាជរដ្ឋាភិបាល កម្ពុជា​តាម​រយៈ​គណៈ​កម្ម ការ​អន្តរក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​៤​សំដៅ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៅ​តំបន់​នោះ​ឡើង​វិញ ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោ​ង ខុន បាន​អះអាង​ថា​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ចិន ក៏​បាន​ប៉ះពាល់​ដល់​កម្ពុជា​ផង​ដែរ ព្រោះ​ទេសចរ​ចិនឈរ​ចំណាត់ថ្នាក់​លេខ ១ ។ តួយ៉ាង​ក្នុង​មួយ​ឆ្នាំ​ៗ​គឺ​មាន​ទេសចរ​ចិន​ប្រមាណ ១ លាន​នាក់បាន​មក​ទស្សនា​ខេត្តសៀមរាប ឬ​មាន​ចំនួន​២ លាន​នាក់​ទូ​ទាំង​ប្រទេស ។ ​លោក ថោ​ង ខុន មាន​ប្រសាសន៍​បញ្ជាក់​ថា «​ចំនួន​ទេស​ចិន​បាន​មក​ទ​ស្សាន​នៅ​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ ៩ ភាគរយ ។ ក៏​ប៉ុន្តែ​ចង់​ឲ្យ​បងប្អូន​សម្លឹង​ឲ្យ​ឃើញ​អំពី​សភាពការណ៍​រួម របស់​សកលលោក ព្រោះ​អ្វី​ដែល​ប៉ះពាល់​មិនមែន​ប៉ះពាល់​តែ​កម្ពុជា​ទេ គឺ​ប៉ះពាល់​គ្រប់ ប្រទេស​ទាំងអស់ គ្រប់​គោលដៅ​ទាំងអស់​នៅ​ក្នុង​អាស៊ាន នៅ​ក្នុង​អាស៊ី ក៏​មាន​បញ្ហា នៃ​ការ​ថយ​ចុះ​នៅ​សៀមរាប ព្រោះ​ទេសចរ​ចិន​ជា​គោលដៅ​ធំ » ។ ​តើ​ផែនការ​យុទ្ធសាស្ត្រ​ទាំង​៤ មាន​អ្វីខ្លះ ហើយ​យុទ្ធសាស្ត្រ​នេះ​ពិតជា​អាច​ទាញកំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ខេត្តសៀមរាប​ឡើង​វិញ ឬ​យ៉ាងណា ?

សូម​បញ្ជាក់​ថា ការ​ប្រកាស​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជា​ចាំបាច់​នេះ​ត្រូវ​បាន​ធ្វើ
ឡើង​នា​ឱកាស​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ផែនការមេ
អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប នៅ​សណ្ឋាគារ​សុខា​ល័យ ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន ដែល​ជា​សមាជិក​នៃ
គណៈកម្មការ អន្តរក្រសួង ។

លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​ថា អង្គរ​ប្រជុំ​គណៈកម្មការ អន្តរក្រសួង​បាន​ប្រកាស ដាក់​ចេញ​គម្រោង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តសៀមរាប និង​ផែនការ សកម្មភាព​ការងារ​អនុវត្ត​ចំពោះ​មុខ រយៈពេល​ខ្លី ឆ្នាំ​២០១៩-២០២០ ក្រោម​ទិស​ស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​»​។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា ចំណែក​ផែនការ​យុទ្ធសាស្ត្រ​ទាំង​៤ ដែល​នឹង​ជួយ​ស្តារ​ឡើង​វិញ​នូវ​កំណើត​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​នោះ គឺ​រួម​មាន​៖ ១-​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មី និង​ការ​ពន្យារ ពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ ២-​បង្កើត​ភាព​ប្រកួតប្រជែង ៣-​បង្កើត​កា​រត​ភ្ជាប់ និង ៤-​បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​តំបន់ សៀមរាប​។

ទន្ទឹម​នោះ​គណៈកម្មការ​អន្តរក្រសួង​ក៏​បាន​កំណត់​យក​តំបន់​បឹង​ទន្លេសាប ភ្នំ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ជុំវិញ ជា​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​ទៅ​ជា​គោលដៅ​ទេសចរណ៍ ដ៏​ទាក់ទាញ​ថ្មី ក្រៅពី​ប្រាសាទ​អង្គរ​ផង​ដែរ ។ ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចំពោះ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៅ​តំបន់​បឹងទន្លេសាប គឺ​ត្រូវ សិក្សា​បង្កើត​សកម្មភាព កម្សាន្ត​បន្ថែម​លើ​បឹង​ទន្លេសាប ដូច​ជា សេវាស្នាក់​នៅ​ជាមួយ​ប្រជាជន​នៅ​លើ​ទឹក ឬ​នៅ​តាម​ភូមិ​មាត់ទឹក ការ​ជិះរទេះ​គោក្របី ឬ​ដើរ​កម្សាន្ត​តាម​ភូមិ​ជា​បឹង​ទន្លេសាប​ជា​លក្ខណៈ​កញ្ចប់ ដែល​អាច​ពន្យារពេល​ការ​ស្នាក់ នៅ​របស់​ទេសចរណ៍​។

​បន្ថែម​ពីលើ​នេះ ក៏​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅ​ក្នុង តំបន់​នេះ​។ ក្រៅពី​នេះ ក៏​មាន​គម្រោង​រៀបចំ​រៀបចំ​ជា​ភូមិ​ទេសចរណ៍ធម្មជាតិ (Eco-village) ដែល​មាន រចនាប័ទ្ម​ខ្មែរ​ជនបទ​ស៊ីចង្វាក់​គ្នា​ជាមួយ​ភូមិ​ធម្មជាតិ​នីមួយ​ៗ ដោយ​មានការ វិនិយោគ​បដិភាគ កម្រិត​ណាមួយ​របស់​វិស័យ​សាធារណៈ រួម​ទាំង​ការ​កែ​លម្អ​ផ្លូវ​ទៅ កាន់​កំពង់
ផែ​បឹង​ទន្លេសាប​៖ កំពង់​ភ្លុក កំពង់​ឃ្លាំង មេ​ជ្រៃ និង​បឹង​ពារាំង​ថែម​ទៀត ។ ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ថា​ចំណែក​នៅ​ឧទ្យាន​ជាតិ​គូលែន​ក៏​ត្រូវ​រៀបចំ​ផែនការមេអភិវឌ្ឍន៍ រមណីយដ្ឋាន​ឧទ្យាន​ភ្នំ​គូលែន ជា​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និង​ទេសចរណ៍​សាសនា​និង រៀបចំ​ជា​ខ្សែ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ Trekking និង Hiking តាម​កម្រិត​ខុស​ៗ​គ្នា​។ ត្រូវ​បង្កើត​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​ជីវចម្រុះ​ក្នុង​ឧទ្យាន ដើម្បី​ផ្តល់ ព័ត៌មាន សេដ្ឋកិច្ច និង​អប់រំ​ពី​ជីវចម្រុះ និង​បរិស្ថាន​របស់​ឧទ្យាន និង​អាច​បណ្តុះ​លក់​ពូជ​ផ្កា និង​រុក្ខជាតិ​មួយ​ចំនួន​ដាក់​បង្ហាញ និង​លក់​ជូន​ភ្ញៀវ​។

ទន្ទឹម​នោះ​ក៏​ត្រូវ​រៀបចំ​សម្បទា​ទ្រ​ទ្រ​ង​វិស័យ​ទេសចរណ៍ ឱ្យ​មាន​លក្ខណៈ​ជា​និរន្តរ
ភាព​។ បង្កើត​សួន​ទេសចរណ៍​នៅ​ឧទ្យាន​ភ្នំ​គូលែន​។ ជំរុញ​ការ​ចូលរួម​របស់​សហគមន៍ មូលដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍​។ បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ តាម​រយៈ​ការ​ចង ក្រង​ជា​សហគមន៍​ទេសចរណ៍​។ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​តំបន់​ទឹកធ្លាក់​ធំ និង​ព្រះ​អង្គរធំ និង​តំបន់​ទេសចរ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ឲ្យ​អាច​ទទួល​ទេសចរ​វ័យ​ចំណាស់​បាន ដោយ​រៀបចំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីចង្វាក់​គ្នា​ជាមួយ​ធម្មជាតិ និង​វប្បធម៌​របស់​ឧទ្យាន​ភ្នំ​គូ លែ​ន​។

​ក្រៅពី​ការងារ​ខាងលើ​នោះ​យើង​គ​ម្បី​ត្រូវ​កែ​លម្អ​រចនាសម្ព័ន្ធ​ផ្លូវ​ទៅ​កាន់​ប្រាសាទ និង​រមណីយ ដ្ឋា​ន​ចម្បង​ៗ​នៅ​ក្នុង​ព្រៃ ដើម្បី​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល និង​រយៈ​ខ្លី​។ បង្កើត​ព្រឹ​ត្ត​ការណ៍ សាសនា​ប្រចាំឆ្នាំ ដូច​ជា ទិវា​ពិសាខបូជា​ជាដើម និង​ជំរុញ​ទេសចរសាសនា​មក​កាន់​តំបន់ សក្ការៈ​នៅ​លើ​ភ្នំ​គូលែន ។ ផ្តើម​ពី​នោះ ក៏​មាន​គម្រោង​បង្កើត Siem Reap Pass t’mugsm ក្រោម យុទ្ធនាការ «SRP Beyond temple» ដែល​ត​ភ្ជាប់​ការ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ ជា​កញ្ចប់​រួម​មាន ៖ ប្រាសាទ​អង្គរ និង​ប្រាសាទ​ក្រៅ​តំបន់​អង្គរ , ប្រាសាទ​អង្គរ និង​បឹង ទន្លេសាប , ប្រាសាទ​អង្គរ និង​ភ្នំ​គូលែន​, ប្រាសាទ​អង្គរ និង​ទីតាំង​ទេសចរណ៍​ក្នុង​ក្រុង និង​ប្រាសាទ​អង្គរ និង​តំបន់​គោលដៅ ទេសចរណ៍​នៅ​ខេត្ត​ជុំវិញ​ផង​ដែរ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដោយឡែក​ទីក្រុង​សៀមរាប​ត្រូវ​រៀបចំ
បង្កើត​វី​ថី​ម្ហូបអាហារ ដើម្បី​ជំរុញ​បង្កើន​ចំនួន​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​។ ពិនិត្យ​លទ្ធភាព រៀបចំ​នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្បែរ​រង្វង់​មូល​ខ្យុ​ង​យូរ ឬ​កន្លែង​ណាមួយ​សម​ស្រប ដែល​រដ្ឋ
បាល​ខេត្តសៀមរាប​អាច​ផ្តល់​បាន ដើម្បី​ធ្វើ​ជា​តំបន់ Smart Grand Siem Reap នា​ពេល
អនាគត ក្នុង​គោលបំណង​បង្វែរ​ការ​អភិវឌ្ឍ​ធំ​ៗ​ទៅ​កាន់​ទីក្រុង​ថ្មី​នេះ ហើយ​រក្សា​អត្តសញ្ញាណ
ទីក្រុង​ចាស់​មិន​ឱ្យ​បាត់​ទិដ្ឋភាព​ជា «​ទីក្រុង​បេតិកភណ្ឌ​»​។ កែ​លម្អ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ឱ្យ​ក្លាយជា​ស្ទឹង​ទេសចរណ៍​ប្រណីត (​ចាប់ពី​ព្រះរាជ​ដំណាក់ រហូត​ដល់​បឹង​ទន្លេសាប​)​។ ពង្រឹង​ផ្លូវ​ថ្មើរជើង​ឱ្យ​បាន​ច្រើន​ជាង​មុន ជា​ពិសេស​ផ្លូវ​ថ្មើរជើង​នា ពេល​រាត្រី​។ រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​ចិញ្ចើមថ្នល់​។ បន្ត​កែ​លម្អ​ការ​គ្រប់គ្រង សំណល់​រឹង និង​រាវ​។

ចំពោះ​តំបន់​ប្រាសាទ​អង្គរ​ក៏​ត្រូវ​សិក្សា​និង​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ទស្សនាប្រាសាទ​អង្គរ ពេល​រាត្រី​។ ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​ដើម្បី នា​ពេល​រាត្រី តែ​ត្រូវ​ការពារ សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ​។ រៀបចំ​ខ្សែ​ទស្សនកិច្ច​ពិសេស Angkor Night សម្រាប់ ទស្សនា​ប្រាសាទ​មួយ​ចំនួន​នា​ពេល​រាត្រី​។ ជំរុញ​ការ​រៀបចំ​ទេសចរ​ជិះ​កង់ ដោយសារ ទេសចរណ៍​ប្រភេទ​នេះ​កំពុង​កើនឡើង​យ៉ាង​ខ្លាំង និង​នាំ​មក​នូវ​តម្លៃបន្ថែម​ច្រើន​។ ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ ដែល​នឹងមានការ​កើនឡើង​នា​ពេល​ខាង​មុខ​នោះ គណៈកម្មការ​អន្តរក្រសួង​នេះ​ក៏​មាន​គម្រោង​សិក្សា បង្កើត ក្រុង​សៀមរាប​ថ្មី​មួយ ដែល​មានការ​អនុញ្ញាត​ឱ្យ​មានការ​កសាង​អគារ​ទំនើប​ៗ និង​ត្រូវមាន អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​ថ្មី​នៅ​ទីនោះ​ផង​ដែរ​។ ក្រុង​សៀមរាប​ថ្មី​នេះ ត្រូវ​បាន​បង្ហើបថា មាន​ទីតាំង​ស្ថិត​នៅ​ទិស​ខាងកើត​ក្រុង​សៀមរាប​បច្ចុប្បន្ន មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូ ម៉ែត្រ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ