រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១០ ចេញមកពីកន្លែងធ្វើការវិញ ក៏ទុកម៉ូតូនៅមុខផ្ទះ ហើយត្រូវបានជនសង្ស័យយកម៉ូតូនោះទៅបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកហុងដា ស៊េរីឆ្នាំ២០០៨ ចតនៅមុខផ្ទះរបស់ជនរងគ្រោះអស់ជាច្រើនម៉ោង បន្ទាប់មកជនរងគ្រោះក៏បានមកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗតែម្តង ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលបាត់ម៉ូតូឈ្មោះទូច ទិវា ភេទប្រុស អាយុ៤៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅក្នុងបុរីពិភពថ្មី ផ្ទះលេខ០៩ ផ្លូវលេខ៣៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះដែលបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AT-៧០០១ រីឯម៉ូតូមួយគ្រឿងដែលឃើញចតនៅមុខផ្ទះរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ ១AJ-៤៩៣២ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា មុនពេលកើតហេតុ នៅពេលព្រឹកថ្ងៃកើតហេតុ គាត់បានទៅដាក់អីវ៉ាន់ឱ្យក្រុមហ៊ុនមួយកន្លែងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះនៅវេលាម៉ោង៤រសៀលថ្ងៃដដែល គាត់បានជិះម៉ូតូមួយគ្រឿងត្រឡប់មកផ្ទះ ហើយក្រុមការងាររបស់គាត់ក៏បានបើករថយន្តដឹកអីវ៉ាន់មកផ្ទេរដាក់រថយន្តមួយគ្រឿងផ្សេងទៀតនៅផ្ទះរបស់គាត់ស្ថិតក្នុងភូមិកើតហេតុខាងលើផងដែរ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៦យប់ថ្ងៃដដែល ស្រាប់តែបាត់ម៉ូតូមួយគ្រឿងរបស់គាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ បែរជាឃើញម៉ូតូមួយគ្រឿងផ្សេងទៀត ចតនៅមុខផ្ទះរបស់គាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ទៅវិញ ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់បានទាក់ទងទៅក្រុមការងារជាមួយ ដែលធ្វើការជាមួយគ្នាដើម្បីសួរនាំដែរ តែមិនមាននរណាម្នាក់ច្រឡំម៉ូតូនោះទេ ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ គាត់មិនទាន់រាយការណ៍ ឬប្តឹងសមត្ថកិច្ចឡើយ ដោយនៅរង់ចាំមើលក្រែងមានគេច្រឡំម៉ូតូ តែរង់ចាំអស់រយៈពេលប្រមាណ៤ម៉ោងទៅហើយ មិនឃើញម្ចាស់ម៉ូតូខាងលើមកយកនោះទេ ទើបគាត់មកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីយកម៉ូតូមួយគ្រឿងដែលប្រទះឃើញខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅទី១សិន ក្រែងមានអ្នកច្រឡំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីរង់ចាំមើលក្រែងមានអ្នកច្រឡំយកម៉ូតូមកដូរវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ