រដូវកាន់បិណ្ឌកំពុងតែប្រព្រឹត្តទៅដ៏ឱឡារិក និងបានជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទទូទាំងប្រទេសតែងឆ្លៀតពេលវេលាទៅកាន់វត្តអារាមដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលផលបុណ្យញាតិមិត្តសាច់សាលោហិតដែលបានចែកឋានទៅដោយក្តីមិនប្រមាទឡើយ ។ ក្នុងឱកាសនេះនរជនណាដែលបរិបូណ៌ដោយគុណសម្បត្តិនៃសេចក្តីមិនប្រមាទ ជននោះជាអ្នកស្ថិតនៅក្នុងរង្វង់នៃសេចក្តីសុខចម្រើន និងផលប្រយោជន៍ត្រឡប់មកវិញដោយប្រពៃ។ សមដូចពុទ្ធសុភាសិតលើកឡើងថា សេចក្តីមិនប្រមាទក្នុងកិច្ចទាំងឡាយជាមង្គលដ៏ឧត្តម ។
ការមិនប្រមាទគឺមិនធ្វេសប្រហែសក្នុងកិច្ចការ និងកងការកុសល ហើយសេចក្តីមិនប្រមាទនេះជាឧបាយនាំខ្លួនទៅកាន់សេចក្តីសុខជាអង្វែង។ អ្នកដែលមិនប្រមាទ គឺអ្នកដែលមិនស្លាប់ស្មារតី ស្មារតីនៅរស់រវើកជានិច្ច ទាំងយប់ទាំងថ្ងៃឥតរលត់ឡើយ ។ រមែងមានសតិដាស់តឿនចិត្តឱ្យរឭកដល់ការងារ និងអំពើល្អជាកុសល ដែលខ្លួនបានធ្វើមកហើយក្តី និងកំពុងធ្វើក្នុងរដូវកាន់បិណ្ដនេះក្តី។ ភារកិច្ច ឬកុសលឯណាដែលខ្លួនមិនធ្លាប់ធ្វើ សតិនឹងដាស់តឿនចិត្តឱ្យប្រញាប់ប្រញាល់ធ្វើឡើង កុំបង្អែបង្អង់ទុកថា ចាំថ្ងៃនេះ ថ្ងៃនោះ ខែនេះ ខែនោះ ឆ្នាំនេះ ឆ្នាំនោះទើបធ្វើ ព្រោះនៅក្រ ឬនៅក្មេងជាដើម ទាំងអស់នេះហៅថា មិនប្រមាទ ។
បុគ្គលដែលត្រេកអរពេញចិត្តស៊ប់ក្នុងសេចក្តីមិនប្រមាទ មិនឱ្យពេលវេលាកន្លងហួសទៅទទេៗ ដោយសេចក្តីប្រមាទធ្វេសប្រហែស ឬថាជាអ្នកឃើញភ័យក្នុងសេចក្តីប្រមាទ បុគ្គលនោះនឹងដល់ត្រើយនៃសុភមង្គល ។
ចំណែកផលនៃសេចក្តីប្រមាទជាមូលហេតុនាំសត្វឱ្យទៅកើតក្នុងអបាយភូមិទាំងឡាយមាននរកជាដើម ឯបុគ្គលមិនប្រមាទមានគតិទៅកាន់សុគតិភពជាទីអស់ទៅនៃសេចក្តីទុក្ខទាំងពួងដោយសេចក្តីមិនប្រមាទនេះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ