ខេត្តកោះកុង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីបាក់ស្រុតផ្លូវជាតិលេខ៤៨ បណ្តាលឲ្យខូច និងដាច់ជាដុំៗ ខណៈជំនន់ទឹកភ្លៀវធ្លាក់យ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចបង្គោលគីឡូលេខ៤២ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ។

សេចកក្តីរាយការណ៍បន្តទៀតថា ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ គឺរថយន្តតូចៗគឺអាចឆ្លងកាត់ផ្លូវជាតិលេខ៤៨បាន ប៉ុន្តែលើកលែងតែរថយន្តធន់ធំៗ គឺពុំអាចឆ្លងកាត់បាននោះទេ ហើយខណៈពេលនោះ មន្ត្រីជំនាញបានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុបាក់ស្រុតផ្លូវជាតិនេះផងដែរ ។

ដូច្នេះហើយ រដ្ឋបាលស្រុកបូទុមសាគរ បានជម្រាបជូនដល់ លោក លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរនៅលើផ្លូវជាតិលេខ៤៨ នេះ សូមមានការប្រុងប្រយ័ត្ន ដោយសារតែមានការបាក់ផ្លូវ និងស្ពានពីចំណុចបឹងមាស ស្ថិតក្នុងភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលម៉ិញថ្ងៃទី១៧ ខែកញ្ញានេះ អាជ្ញាធរភូមិ-ឃុំ បានធ្វើការបិទផ្លូវរយៈពេល២ម៉ោងផងដែរ ដើម្បីឲ្យខាងជំនាញធ្វើការជួសជុលជាបន្ទាន់ ។ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ