ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«បាត់​ឌី​ណា​ម៉ូ​ឡាន​បា​កុង»​មេ​ប៉េ​អឹម​ស្រុក​សំឡូត​ ចាក់​ភ្នែក​មេ​ប៉េ​អឹមរង​របស់​​ខ្លួន​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ លោក​ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ រង​ការ​ចោទ​ប្រកាន់​​ថា បាន​ប្រើប្រាស់​វត្ថុ​រឹង​ចាក់​ភ្នែក​មេបញ្ជាការ​រង​របស់​ខ្លួន​ម្នាក់ ​បណ្ដាល​ឱ្យ​រង​បួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​រឿង​​បាត់​ឌី​ណា​ម៉ូ​រថយន្ត​បា​កុង​ ។…

ខេត្តបាត់ដំបង ​៖ លោក​ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ រង​ការ​ចោទ​ប្រកាន់
​​ថា បាន​ប្រើប្រាស់​វត្ថុ​រឹង​ចាក់​ភ្នែក​មេបញ្ជាការ​រង​របស់​ខ្លួន​ម្នាក់ ​បណ្ដាល​ឱ្យ​រង​បួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​រឿង​​បាត់​ឌី​ណា​ម៉ូ​រថយន្ត​បា​កុង​ ។ នេះ​បើ​តាម​ប្រភព​ពី​អង្គភាព​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ដែល​រឿងរ៉ាវ​នេះ​ត្រូវ​គេ​បិទ​បាំង​ស្ងាត់​ដូច​ចោរលួច​សេះ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទ​ទួលបាន​ពីអំពើ​ហិ​ង្សា ​ដែល​បង្ក​ឡើង​ដោយ​មេបញ្ជាការ​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ឈ្មោះ​ជួប ណូ នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​តែ​ម្ដង​ ។ លោក​ជួប ណូ បាន​រង​ការ​ប្ដឹង​ចោទប្រកាន់​ថា ទំនង​បាន​ប្រើប្រាស​់សោរ​រថយន្ត​របស់​ខ្លួន​ចាក់​ទៅ​លើ​ភ្នែក​ខាងឆ្វេងមេបញ្ជាការ​រង​របស់​ខ្លួន​ឈ្មោះ​ឈឿន សុ​ផាត បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ជាមួយ​គ្នា​រឿង​បាត់​ឌី​ណា​ម៉ូ​រថ​យន្ត​បា​កុង ដែល​រឹបអូស​បាន​ពី​បទល្មើស​ព្រៃ​ឈើ​កន្លង​ទៅ​នេះ ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា នៅ​យប់​កើតហេតុ​នោះ លោក​ជួប ណូ បាន​ចោទ​លោក​ឈឿ​ង
សុ​ផាត ថា ​បាន​លួច​យក​ឌី​ណា​ម៉ូ​រថយន្ត​បា​កុង ក្នុង​អំ​ឡុង​ពេល​លោក​ឈឿន សុ​ផាត រួម​ជាមួយ​មន្ត្រី​ក្នុង​អង្គភាព​ប៉ុន្មាន​នាក់​ទៀត ត្រូវ​ទ​ទួល​បទបញ្ជា​ឲ្យ​ដេក​យាម​រថយន្ត​បា​កុង​ចំនួន​១០​គ្រឿង ​ដែល​រឹបអូស​ពី​បទល្មើស​ព្រៃឈើ​ ។ ប៉ុន្តែ​លោក​ឈឿ​ន សុ​ផាត បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មេបញ្ជាការ​រូប​នេះ​អះអាង​ថា ខ្លួន​មាន​សាក្សី​ទៀត​ផង តែ​មិន​បាន​បង្ហាញ​ទេ ខណ​:​លោក​មេបញ្ជាការ​រង​(​ជន​រង​គ្រោះ​)​បាន​ទាមទា​ឲ្យ​បង្ហាញ ហើយ​ថែម​ទាំង​ប​បូល​គ្នា​ស្បថស្បែរ​ទៀត​ផង​។

បើ​តាម​មន្ត្រី​ក្រោម​ឱ​វាទ​​បាន​បញ្ជាក់​ថា ជម្លោះ​រវាង​លោក​មេបញ្ជាការ និងលោក​មេបញ្ជាការ​រង ដែល​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា​នេះ ហាក់​ប្រឈម​មុខ​គ្នា​យ៉ាង​ខ្លាំង​ផ្អើល​ពេញអង្គ​ភាព តែ​បាន​ស្ងប់ស្ងាត់ ​ក្រោយ​ពី​តឹង​សរសៃ​.​ក​ដាក់​គ្នា​ជិត​កន្លះ​ម៉ោង​ ។ ប៉ុន្តែ​នៅ​យប់​ជ្រៅ​បន្តិច ខណ​:​ដែល​លោក​ឈឿ​ន សុ​ផាត កំពុង​ដេក​លក់ ស្រាប់តែ​លោក​ជួប ណូ មិនដឹង​មកពីណា​ ហើយ​ទំនងជា​ស្រវឹង​ផង ក៏​ដើរទៅ​ចាក់​ភ្នែក​លោក​ឈឿ​ន សុ​ផាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ពេញអង្គ​ភាព​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​អំពើ​ហិ​ង្សា​ដែល​បង្ក​ដោយ​មេបញ្ជាការចាក់​ភ្នែក​មេបញ្ជាការ​រង​កង​រាជ​ហត្ថ​ស្រុក​សំឡូត ស្ទើរ​ខ្វាក់​ម្ខាង​នេះ កោះសន្តិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ខណ​:​លោក​ជួប ណូ អះអាង​ថា កំពុង​ជាប់រវល់​ចែក​អំណោយ​ដល់​ពលរដ្ឋ ដែល​រង​គ្រោះ​ទឹកជំនន់​នៅ​ស្រុក​សំឡូត ​។

ដោយឡែក​ លោក​ឈឿ​ន សុ​ផាត ដែល​រង​របួស​ភ្នែក​ឆ្វេង​ម្ខាង ​ដោយសារ​ស្នាដៃ​លោក​មេបញ្ជាការ​របស់​ខ្លួន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​អំពី​បញ្ហា​នេះ​បាន​ដែរ​ ។ ប៉ុន្តែ​លោក​មេបញ្ជាការ​រង​រូប​នេះ ត្រូវ​បាន​មន្ត្រី​ក្នុង​អង្គភាព​ស្រង់​សំដី​ថា ក្រោយ​ពេល​កើតហេតុ លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ការិយាល័យ​ជំនាញ នៅ​បញ្ជាការ​ខេត្ត​រួច​ហើយ តែ​រហូត​ដល់​ពេល​នេះ​ មិន​ទាន់​ឃើញ​លោក​មេបញ្ជាការ​ខេត្ត កំរើក​ហៅ​សួរនាំ​នៅឡើយ​ទេ​ ។

ប៉ុន្តែ​លោក​ឈឿ​ន សុ​ផាត បាន​និយាយ​ប្រាប់​មិត្តភក្ដិ​រួមការ​ងារ​ក្នុង​អង្គភាព​ថា បើ​រឿង​នេះ​មេ​.. មិន​អាច​ដោះស្រាយ​ ឬ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ទេ ខ្លួន​នឹង​ប្ដឹង​បន្ត​ទៅ​មេបញ្ជាការ លើ​ផ្ទៃ​ប្រទេស​ឲ្យ​ជួយ​ដោះស្រាយ​ហើយ​ ។ ព្រោះ​នេះ​មិនមែន​លើក​ទៅ​មួយ​ទេ​ ដែល​លោក​ជួប ណូ ធ្វើ​នូវ​ទ​ង្វើ​មិន​គ​ប្បី​មក​លើ​ខ្លួន​​។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ