រាជធានីភ្នំពេញ ៖ ការតស៊ូជិត៧ឆ្នាំមានទាំងការខកចិត្តម្តងជា២ដងក្នុងការចូលរួមប្រឡងបង្ហោះខ្លែង លោករដ្ឋ វិន បានព្យាយាមតស៊ូជម្នះរហូតទទួលបានជ័យលាភីលេខ១ពីកម្មវិធីប្រឡងបង្ហោះខ្លែងប្រចាំឆ្នាំ២០១៤។
មានចំណង់ចំណូលចិត្តក្នុងការបង្ហោះខ្លែងតាំងពីតូច លោករដ្ឋ វិន ដែលសព្វថ្ងៃរស់នៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបរាប់ថា លោកមានមោទនភាពខ្លាំងណាស់ក្នុងមួយជីវិតរបស់លោកដែលបានក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធីបង្ហោះខ្លែងប្រចាំឆ្នាំ២០១៤ ហើយនេះក៏ជាក្តីស្រមៃរបស់លោកផងដែរ។
លោករដ្ឋ វិន បញ្ជាក់ថា រយៈពេលជិត៧ឆ្នាំកន្លងមកនេះ លោកមិនដែលទទួលបានលទ្ធផលល្អពីការប្រឡងបង្ហោះខ្លែងថ្នាក់ជាតិម្តងណាឡើយ ប៉ុន្តែការបោះជំហានចូលរួមប្រឡងបង្ហោះខ្លែងកន្លងមក លោកក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ២ពីរដង និងលេខ៣ម្តងដែរ។
ទោះជាយ៉ាងណាដោយសារទឹកចិត្តស្រឡាញ់ និងចំណូលចិត្តធ្វើខ្លែងតាំងពីកុមារភាព លោករដ្ឋ វិន មិនដែលបោះបង់នូវក្តីប្រាថ្នាក្លាយខ្លួនជាម្ចាស់ជ័យលាភីលេខ១នោះទេ ពោលរូបលោកតែងតែព្យាយាមដាក់ពាក្យចូលរួមប្រឡងជាបន្តបន្ទាប់ ។
នៅទីបំផុតក្តីស្រមៃរបស់លោកបានលេចចេញជារូបរាងឡើង ដោយរូបលោកដណ្តើមបានជ័យលាភីលេខ១ក្លាយជាម្ចាស់ជើងឯកបង្ហោះខ្លែងប្រចាំឆ្នាំ២០១៤ បន្ទាប់ពីតស៊ូអស់រយៈពេលជិត៧ឆ្នាំ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ