ខេត្តសៀមរាប៖ ដោយសារតម្រូវការនៃការប្រើប្រាស់គ្រឿងចក្រធំៗនៅក្នុងទឹកដីខេត្តសៀមរាប និងដើម្បីផ្តល់ជូននូវផលិតផលគ្រឿងចក្រឲ្យចូលកៀកនឹងអតិថិជន ក្រុមហ៊ុន UMG Cambodia បានបើកសម្ពោធជាផ្លូវការនូវសាខាលក់គ្រឿងចក្រធំៗសម្រាប់បម្រើឱ្យវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ ។

លោក Alfred Kasuma Aliwaga នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UMG Cambodia បានថ្លែងនៅក្នុងពិធីសម្ពោធសាខាក្រុមហ៊ុនលក់គ្រឿងចក្រ UMG Cambodia ដែលមានទីតាំងស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ថាមូលហេតុដែលក្រុមហ៊ុនរបស់លោកមកបើកសាខានៅទឹកដីខេត្តដែលសំបូរដោយប្រាង្គប្រាសាទបុរាណនេះ គឺដោយមើលឃើញថា «ខេត្តសៀមរាបកំពុងតែមានការអភិវឌ្ឍន៍ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកកសិកម្ម ដែលត្រូវការនូវគ្រឿងចក្រទំនើបៗបែបនេះយកមកប្រើប្រាស់ ។

លោកនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UMG Cambodia បានបន្តទៀតថា «កន្លងមកអតិថិជនដែលមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងចក្រធំៗនៅខេត្តសៀមរាបនេះ គឺត្រូវធ្វើដំណើរវែងឆ្ងាយណាស់ ព្រោះត្រូវធ្វើដំណើរឡើងទៅភ្នំពេញ ដើម្បីទិញគ្រឿងចក្រ ឬគ្រឿងបន្លាស់ដើម្បីយកទៅប្រើប្រាស់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបានមកបើកសាខានៅសៀមរាបដើម្បីជាការផ្តល់សេវាឱ្យមកជិតអ្នកប្រើប្រាស់» ។ លោក Alfred Kasuma Aliwaga បានបន្តទៀតថា ក្រុមហ៊ុនUMG Cambodia នឹងផ្តល់នូវគ្រឿងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតមកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែមានភាពងាយស្រ ។

ពាក់ព័ន្ធនឹងការបើកដំណើរការជាផ្លូវការនៃសាខា ក្រុមហ៊ុន UMG Cambodia នៅខេត្តសៀមរាបនេះផងដែរ អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថា ការបើកសម្ពោធជាផ្លូវការនៃការលក់គ្រឿងចក្រធំៗសម្រាប់បម្រើឱ្យវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន
UMG Cambodia នៅក្នុងខេត្តសៀមរាប គឺពិតជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការ
អភិវឌ្ឍន៍នៅមូលដ្ឋាន ខណៈដែលខេត្តមួយនេះ កំពុងមានត្រូវការគ្រឿងចក្រទំនើបៗ សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានភាពល្អប្រសើរ។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានថ្លែងនៅក្នុងពិធីសម្ពោធសាខាក្រុមហ៊ុនលក់គ្រឿងចក្រ UMG Cambodia ថា «ក្នុងនាមអាជ្ញាធរស្រុកខ្ញុំសូមបង្ហាញពីគាំទ្រចំពោះវត្តមានរបស់ក្រុមហ៊ុន UMG Cambodia ដែលបានមកបើកសាខានៅខេត្តសៀមរាបនេះ ព្រោះថាវាមានសារៈសំខាន់ក្នុងការបង្ហាញឱ្យឃើញពីការរួបរួមគ្នារបស់វិស័យឯកជនក្នុងចូលរួមការអភិវឌ្ឍខេត្តតំបន់ទេសចរណ៍មួយនេះ។

លោកបានបន្តថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានសុខសន្តិភាព ហើយខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយខេត្តសៀមរាបនេះ មានសក្តានុពលសេដ្ឋកិច្ចពីរ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍។ហើយវត្តមានថ្មីរបស់ក្រុមហ៊ុន UMG Cambodia នៅខេត្តសៀមរាបនេះ គឺពិតជាមានសារៈសំខាន់ដោយបាននាំមកនូវគ្រឿងចក្រមានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់បំម្រើឱ្យវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលវិស័យទាំងពីរនេះកំពុងតែមានត្រូវការគ្រឿងចក្រទំនើបៗបែបនេះ មកប្រើប្រាស់ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ