រាជធានីភ្នំពេញ ៖ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ មីនា បានសម្រេចបង្គាប់ឱ្យឃុំខ្លួនថៅកែស្រីលក់គ្រឿងបន្លាស់រថយន្តម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងពាក្យបណ្តឹងថា បានធ្វើទារុណកម្មលើក្មេងស្រីជាអ្នកបម្រើយា៉ងអមនុស្សធម៌ ដោយដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។
ថៅកែស្រីរូបនេះឈ្មោះ គង់ សីុណា ហៅណែត អាយុ៣១ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្តនៅផ្សារលិច ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ការឃុំខ្លួនថៅកែស្រីខាងលើ គឺយោងតាមពាក្យបណ្តឹងរបស់នារីដែលអះអាងថា ជាជនរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ១៧ឆ្នាំ ជាអ្នកបម្រើ និងមានស្រុកកំណើតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះរៀបរាប់ថា ចាប់តាំងពីថ្ងៃទី១៩ មេសា ២០១៣ កន្លងមក ដែលនាងបានទៅធ្វើការជាអ្នកបម្រើផ្ទះឱ្យអ្នកស្រី គង់ សីុណា បានរងនូវការវាយដំធ្វើបាបជាបន្តបន្ទាប់ រហូតនាងឈឺធ្លាក់ក្អួត ក៏ត្រូវថៅកែស្រីនេះវាយបង្ខំឱ្យនាងលិទ្ធកម្អួតនោះវិញទៀតផង ។
ដោយទ្រាំនឹងការធ្វើទារុណកម្មនោះមិនបាន នៅថ្ងៃទី១៧ មីនា ២០១៤ នាងនិងក្រុមគ្រួសារបានទៅពឹងពាក់អង្គការមួយឱ្យជួយការពារ និងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ។ នៅថ្ងៃទី២២ មីនា នគរបាលខណ្ឌសែនសុខបានចេញលិខិតអញ្ជើញអ្នកស្រី គង់ សីុណា ទៅសាកសួរដោយមានការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ក្រោយពីសាកសួរ ចម្លើយជនដែលត្រូវចោទមានភាពសីុសង្វាក់គ្នាទៅនឹងពាក្យបណ្តឹងរបស់ជនរងគ្រោះដែលអាចតម្រូវឱ្យសមត្ថកិច្ចធ្វើរបាយការណ៍សម្រាប់ដាក់ជូនទៅព្រះរាជអាជ្ញាដើម្បីចោទប្រកាន់ជាផ្លូវការ ។
នៅល្ងាចថ្ងៃទី២៤ មីនា សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបញ្ជូនថៅកែស្រីរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានលោក ជា ម៉េត ព្រះរាជអាជ្ញារងធ្វើការសាកសួរ និងបានសួរបន្តនៅព្រឹកថ្ងៃទី២៥ មីនា ទៀត រហូតដល់វេលាថ្ងៃត្រង់ ។
ក្រោយពីការសាកសួរ លោកព្រះរាជអាជ្ញារងដែលជាតំណាងអយ្យការ បានធ្វើការចោទប្រកាន់ថៅកែស្រីលក់គ្រឿងបន្លាស់រថយន្តរូបនេះជាផ្លូវការ ក្រោមបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។ យោងតាមមាត្រានេះ ជនត្រូវចោទតម្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៣លានរៀលទៅ៦លានរៀល នេះមិនគិតពីសំណងរដ្ឋប្បវេណីទៅដើមបណ្តឹងនៅឡើយទេ ។ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមគឺធ្លាក់លើដៃលោក លី លីបម៉េង ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោកចៅក្រមបានពិនិត្យ និងបន្តការសាកសួរលើសំណុំរឿងនេះ បន្ទាប់មកក៏សម្រេចឃុំខ្លួនថៅកែស្រីលក់គ្រឿងបន្លាស់រថយន្តរូបនេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកការសើុបអង្កេត និងឈានទៅសវនាការផ្តន្ទាទោសតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ