ខេត្តសៀមរាប ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំគូលែនបច្ចុប្បន្នកំពុងតែមានសន្ទុះលោតផ្លោះកើតឡើងជាបន្តបន្ទាប់ ដែលសកម្មភាពនេះជាបញ្ហាប្រឈមដ៏ធំនិងបង្កមហន្តរាយដល់តំបន់ប្រាសាទអង្គរវត្ត ពីព្រោះបើព្រៃឈើបាត់បង់តំបន់អង្គរនឹងជួបហានិភ័យខ្ពស់ដោយគ្រោះធម្មជាតិជាមិនខាន ។ នេះជាប្រសាសន៍កត់សម្គាល់ដែលថ្លែងដោយលោកអភិបាលខេត្តឃឹម ប៊ុនសុង ក្នុងពិធីតែងតាំងនាយកតំបន់ឧទ្យានព្រះជ័យវរ័្មនន រោត្តម ភ្នំគូលែន ។
លោក លឹម ផេង នាយតំបន់ឧទ្យានជាតិព្រះជ័យវរ័្មន នរោត្តម ភ្នំគូលែន ដែលទើបតែងតាំងថ្មី បានប្ដេជ្ញាចិត្តខិតខំការពារអភិរក្សព្រៃឈើនៅតំបន់ភ្នំគូលែននេះឱ្យបាន ដោយរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្ដូរមុខរបរពីការកាប់ឈើលក់និងយកដីធ្វើជាកម្មសិទ្ធិមកធ្វើមុខរបររបស់វិស័យទេសចរណ៍វិញ ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើនៅតំបន់គូលែននេះ អ្នកជំនាញខាងអភិរក្សប្រាសាទធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំICCកន្លងមកថា ប្រសិនបាត់បង់ព្រៃឈើនៅតំបន់ភ្នំគូលែននោះ ប្រាសាទបុរាណនៅតំបន់អង្គរនឹងជួបគ្រោះហានិភ័យធំបំផុតនាពេលអនាគត ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា វិធានការទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំគូលែននេះ គឺអាចធ្វើយ៉ាងងាយស្រួលប្រសិនមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធអនុវត្តតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងមិនចូលដៃជើងជាមួយជនខិលខូច ពិតជាមិនអាចបាត់បង់ព្រៃឈើទេ ។ ជាមួយគ្នានេះដែរ លោកក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីណាដែលពាក់ព័ន្ធធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ សូមឱ្យលះបង់ចោលនូវគំនិតអាក្រក់ចេញ ។ អាជ្ញាធរខេត្តសៀមរាបបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំគូលែនឱ្យមានប្រសិទ្ធភាព ។ ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំគូលែនបានបង្ហាញយ៉ាងច្បាស់តាមរយៈការជិះឧទ្ធម្ភាគចក្រមើលពីលើត្រូវបានមើលឃើញថាព្រៃ ឈើក្នុងតំបន់ភ្នំគូលែនត្រូវបានគេកាប់វាលនៅផ្នែកខាងក្នុង ដោយទុកដើមជុំវិញកុំឱ្យមើលឃើញពីក្រៅទៅតែប៉ុណ្ណោះ ឯខាងក្នុងកាប់ឡើងត្រងោល ។
តំបន់ការពារធម្មជាតិមួយចំនួន ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ័្មន នរោត្តម ភ្នំគូលែន បាននិងកំពុងទទួលរងការគំរាមកំហែងបំផ្លិចបំផ្លាញទាំងផល អនុផលធនធានធម្មជាតិ ទាំងការកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិរបស់ជនខិលខូចមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានបង្ក្រាបឱ្យបានទាន់ពេលវេលា ធ្វើឱ្យជនឱកាសនិយមទាំងនោះ កាន់តែបានដៃក្នុងការបំផ្លិចបំផ្លាញតំបន់ឧទ្យានជាតិ ធ្វើឱ្យទំហំនៃការខូចខាតរីកធំឡើងៗជាលំដាប់ ។ ដោយមើលឃើញពីភាពចន្លោះប្រហោងក្នុងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីជំនាញដដែលៗ ទើបកន្លងមកអាជ្ញាធរខេត្តសៀមរាប បានលើកសំណើសុំគោលការណ៍ទៅក្រសួងបរិស្ថានស្នើសុំផ្ទេរភារកិច្ចលោក ឃឺន សុគុណវិសិដ្ឋ និងតែងតាំងលោក លឹម ផេង ប្រធានការិយាល័យកិច្ចការច្បាប់ នៃមន្ទីរបរិស្ថានខេត្តជានាយកតំបន់ឧទ្យានជាតិដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនឡើងវិញ ។
មុននេះ ក្រុមមន្ត្រីជំនាញបេតិកភណ្ឌជាតិ-អន្តរជាតិបានប្រកាសអាសន្នអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើទេសភាពខ្ពង់រាបភ្នំគូលែន ដែលស្តែងចេញពីសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលរាប់ឆ្នាំមកហើយនៅទីនោះ។ គួរបញ្ជាក់ថា ភ្នំគូលែនបានលាតសន្ធឹងចាប់ពីភ្នំក្បាលស្ពានក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ជាភ្នំមានសណ្ឋានរាបស្មើនៅផ្នែកខាងលើនឹងត្រូវបានចាត់បញ្ចូលទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ដែលការពារដោយព្រះរាជក្រឹត្យ និងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ លើកលែងតែបរិវេណប្រាសាទបុរាណ និងបុរាណដ្ឋានខ្លះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរអប្សរា ។
ដោយឡែក អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកសឺន គង់ ទទួលបន្ទុកប្រាសាទក្រៅឧទ្យានជាតិ ដែលគ្រប់គ្រងតំបន់បុរាណដ្ឋាន និងប្រាសាទនៅលើភ្នំគូែលន បានថ្លែងនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយថា «បើនិយាយពីភ្នំគូលែន ប្រជារាស្ត្រខ្មែរគ្រប់រូបសុទ្ធតែដឹងថា ជាតំបន់ព្រៃ មានឫទ្ធិបារមីខ្លាំងពូកែ បុ៉ន្តែបច្ចុប្បន្ននេះ ភ្នំនេះមើលពីខាងណា ក៏ឃើញតែផ្ទាំងថ្មដែរ» ។ លោកបានបញ្ជាក់ថា «ការអន្តរាយតំបន់ព្រៃឈើទាំងនោះបណ្តាលមកពីមន្ត្រីដែលគ្រប់គ្រងមិនបានល្អ បណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋជនព្រៃឈើនាំគ្នាលួចកាប់ឈើធំៗធ្វើអាជីវកម្ម និងមួយផ្នែកធំបណ្តាលមកពីប្រជាពលរដ្ឋនៅលើខ្នងភ្នំនោះប្រមាណ៦ ទៅ៧ភូមិដែលរស់នៅទីនោះតាំងពីយូរលង់មកហើយ នាំគ្នាកាប់ព្រៃទន្ទ្រានដីធ្វើចម្ការផ្សេងៗ ក្នុងនោះបុរាណដ្ឋានសំខាន់ៗខ្លះត្រូវបានរំលោភដោយសំណង់ជាច្រើនទៀតផង» ។
លោកបានបន្ថែមថា ភ្នំគូលែនជាកន្លែងប្រវត្តិសាស្ត្រមានបុរាណដ្ឋានមិនតិចជាង២០ កន្លែងនិងប្រាសាទសង់អំពីឥដ្ឋជិត៤០ប្រាសាទទៀត ។ ជាពិសេស បើសិនជាគេបណ្តែតបណ្តោយឱ្យមានការបំផ្លិចបំផ្លាញឈើព្រៃទៀតនោះ វានឹងអន្តរាយដល់ប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទីក្រុងសៀមរាបទាំងមូល ។ អ្វីដែលខ្លាំងក្លាទៀតនោះគឺប្រាសាទមួយចំនួនស្ថិតនៅក្នុងឧទ្យានអង្គរ វានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាក់ជាមិនខាននៅពេលគ្មានទឹកដើម្បីបន្សើមខ្សាច់គ្រឹះក្រោមដី ៕
ចែករំលែកព័តមាននេះ