មាន​តែ​ពុទ្ធសាសនា​មួយ​គត់​ដែល​និយាយ​អំពី​ព្រះ​និព្វាន


នៅ​លើ​លោក​នេះ​ក្រៅ​អំពី​ព្រះពុទ្ធ​សាសនា គ្មាន​សាសនា​ណាមួយ​ដែល​និយាយ​អំពី​ព្រះ​និព្វាន​ឡើយ គឹ​មាន​តែ​ពុទ្ធសាសនា​មួយ​គត់​ដែល​ស្គាល់​ព្រះ​និព្វាន ។ គ្រូ​សាសនា​ដទៃ​គេ​ប្រដៅ​សាវក​របស់​គេ​យ៉ាង​ខ្ពស់​បំផុត​ត្រឹម​ឋានព្រហ្មដែល​ជា​ឋាន​នៅ​ជាប់​ដោយ​សេចក្តី​ទុក្ខ​នៅឡើយ តែ​ចំណែក​ពុទ្ធសាសនា​វិញ​ព្រះ​អង្គ​បាន​ទេ​សនា​ប្រដៅ​បរិស័ទ​ឱ្យ​ស្គាល់​រហូត​ដល់​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន​ជា​ឯកន្តបរមសុខ លែង​វិល​រក​ទុក្ខ​ទៀត​ហើយ ។

ទ្រឹស្តី​នៅ​ក្នុង​គម្ពីរ​អភិធម្ម​លោក​បាន​ពន្យល់​ដូច្នេះ​ថា តាម​ពិត​ទៅ​ព្រះ​និព្វាន​មាននៅ​ជា​ធម្មតា តែ​មិនមែន​ជា​វិស័យ​របស់​បុគ្គល​ជា​ពា​ហិ​រ​សាស្ដា​គឺ​គ្រូ​សាសនា​ដទៃ​ដឹង​បាន​, ព្រោះ​ព្រះ​និព្វាន​នេះ​ជា​ធម៌​គម្ភីរភាព​ជ្រាលជ្រៅ​ពេក​, ឃើញ​បាន​ដោយ​កម្រ​, ដឹង​បាន​ដោយ​កម្រ​, ស្ងប់រម្ងាប់​ណាស់​, គិត​គ្នាន់គ្នេរ​យក​មក​មិន​បាន​, ល្អិត​សុខុម​ពេក តែ​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ឃើញ​ជាក់ ដឹង​ច្បាស់​ដោយ​បញ្ញា ។

ព្រះពុទ្ធ​ទាំងឡាយ​លោក​តែង​សរសើរ​នូវ​គុណ​ព្រះ​និព្វាន​ថា ជាទី​អស់​ទៅ​នៃ​រាគៈ​, អស់​ទៅ​នៃ​ទោសៈ​, អស់​ទៅ​នៃ​មោហៈ​ដូច្នេះ​ក៏​មាន​, ថា​ជា​ស្ថាន​មិនកើត​ទៀត​, មិន​ចាស់​, មិន​ឈឺ​, មិន​ស្លាប់​ដូច្នេះ ក៏​មាន​, ថា​ជាទី​ញាំ​ញី​នូវ​សេចក្ដី​ស្រវឹង​, បន្ទោបង់​នូវ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​បញ្ចកាមគុណ​, បន្សាត់​បង់​នូវ​សេចក្ដី​អាល័យ​ក្នុង​បញ្ចកាមគុណ​, ជាទី​កាត់​ផ្ដាច់​នូវ​ដំណើរ​វិលវល់​ក្នុង​ភព​ទាំង ៣, ជាទី​អស់​ទៅ​នៃ​តណ្ហា​, ប្រាសចាក​តម្រេក​, រំលត់​បង់​នូវ​តណ្ហា​ដូច្នេះ​ក៏​មាន​, ថា​ជាទី​សូន្យ​ក្រៃពេក​, ជាទី​មិន​មាន​មនុស្ស​នៅ​អាស្រ័យ​, ព្រះ​និព្វាន​ក៏​ទទេ​ចាក​សត្វ​បុគ្គល​ដូច្នេះ​ក៏​មាន​, ថា​ជា​ស្ថាន​សុខ​យ៉ាង​ឆ្នើម​ ។

បណ្ដា​សេចក្ដីសុខ​ផ្សេង​ៗ ដែល​សត្វ​បាន​ជួប​ប្រទះ​ក្នុង​លោកសន្និវាស​នេះ ជា​សា​មិ​ស​សុខ​គឺ​សុខ​នៅ​លាយឡំ​ដោយ​ទុក្ខ មិន​បានជា​សុខ​តែ​ម្យ៉ាង​ទេ​; ចំណែក​ខាង​សុខ​ក្នុង​ព្រះ​និព្វាន​ជា​ឯកន្តសុខ គឺ​មាន​តែ​សេចក្ដីសុខ​ម្យ៉ា​ង ឬ​ជា​និ​រា​មិ​ស​សុខ សុខ​ប្រាសចាក​អាមិស មិន​លាយ​ដោយ​ទុក្ខ បន្តិចបន្តួច​ឡើយ ទើប​ឈ្មោះ​ថា បរមសុខ ជា​សុខ​យ៉ាង​ប្រសើរ ហើយ​ព្រះពុទ្ធ​ទាំងឡាយ ក៏​លោក​តែង​សរសើរ​នូវ​ព្រះ​និព្វាន​នេះ​ដោយ​ប្រការ​ផ្សេង​ៗ ។

កាលដែល​ព្រះ​ដ៏​មានបុណ្យ​ទើបបាន​ត្រាស់​ដឹង​ថ្មី​ៗ ព្រះ​អង្គ​ធុញទ្រាន់​ក្នុង​ហឫទ័យ មិន​ចង់​សម្ដែងធម៌​ប្រៀនប្រដៅ​សត្វ​ក្នុង​ផ្លូវ​ព្រះ​និព្វាន​ទេ ព្រោះ​អ្នក​ដែល​ទៅ​ដល់​ព្រះ​និព្វាន​ទាល់តែ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ច្បាស់លាស់​ណាស់ តែ​ដោយសារ​ព្រះករុណា​ទិ​គុណ​មក​បណ្ដាល​ដឹកនាំ​ព្រះ​អង្គ ទើប​ទ្រង់​ទេសនា​អប់រំ​តាម​ការ​គួរ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ