រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២ មីនា បានឃាត់ខ្លួនស្រ្ដីជាអាជីវករម្នាក់ ក្រោយពីមន្ដ្រីនគរបាលបានហៅមកបំភ្លឺ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាអ្នកបម្រើពីបទប្រើអំពើហិង្សាវាយដំអ្នកបម្រើរបស់ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរពេញខ្លួន ។ ជាងនេះទៅទៀត គឺការបង្ខំឱ្យហូបកម្អួតខ្លួនឯងពេលមិនស្រួលខ្លួនហើយក្អួត ។
នៅមានរូបភាពធ្វើទារុណកម្មផ្សេងៗទៀតដែលបានលើកឡើងក្នុងពាក្យបណ្ដឹង តែត្រូវបានសមត្ថកិច្ចមិនបង្ហើបឱ្យដឹងទេ គឺមានការលាក់លៀម មិនបើកចំហសម្រាប់ការផ្ដល់ព័ត៌មាន ដោយសំអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ។ ស្រ្ដីអាជីវករជាប់ចោទឈ្មោះ គង់ ស៊ីណា ហៅណែត អាយុ៣១ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ដ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។
យោងតាមរបាយការណ៍របស់នគរបាលឱ្យដឹងថា កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៣ ក្មេងស្រីនេះបានមកធ្វើជាអ្នកបម្រើឱ្យឈ្មោះ គង់ ស៊ីណា ហៅណែត អាយុ៣១ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ដ ។ របាយការណ៍បន្ដថា ដោយសាររស់នៅជាមួយស្រ្ដីរូបនេះចេះតែធ្វើការវាយដំជាញឹកញាប់ពេក ខណៈពេលក្មេងស្រីជាអ្នកបម្រើមានកំហុស ទើបនៅថ្ងៃទី១៧ មីនា ក្មេងស្រីរងគ្រោះនិងក្រុមគ្រួសារ បានទៅពឹងពាក់អង្គការមួយដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី និងបាននាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកព្នៅ ។ ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រែកព្នៅ ក្រោយពីទទួលពាក្យបណ្ដឹង ក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ទើបបញ្ជូនសំណុំរឿងមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ។ ដូចគ្នាដែរ នៅថ្ងៃទី២២ មីនា នគរបាលខណ្ឌសែនសុខបានកោះហៅស្រ្ដីជាប់ចោទមកសាកសួរ និងដោយការឆ្លងយោបល់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចឃាត់ខ្លួនស្រ្ដីជាប់ចោទ និងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ទោះជាបែបណា ក្រោយពីនគរបាលឃាត់ខ្លួនស្រ្ដីជាប់ចោទនេះ ក៏មានអ្នករត់ការដោះលែងខ្វែងខ្វាត់ផងដែរ ប៉ុន្ដែហាក់ដូចជាទៅមិនរួចទេ។ គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋានថា ស្រ្ដីរូបនេះធ្លាប់វាយដំអ្នកបម្រើដូចគ្នានេះដែរ កាលពី៤ទៅ៥ឆ្នាំមុន តែក្រុមអ្នកបម្រើទាំងនោះបានឈប់បម្រើអស់ទៅ មិនបានប្ដឹងប្ដល់អ្វីទេ ប៉ុន្ដែពេលនេះមិនអាចរួចទោសបានឡើយ និងជាកម្មពៀរដែលគេរងទារុណកម្រិតណា ពេលនេះបានតបស្នងមកលើខ្លួនវិញម្ដងហើយ ៕
ចែករំលែកព័តមាននេះ