រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេដាក់ឈ្មោះថា «សិលាចាំប្តីឆ្នាំ២០១៤» ហើយបានទៅលុតជង្គង់នៅសាលាសង្កាត់ចោមចៅ កាលពីប៉ុន្មានថ្ងៃមុននេះ និងអះអាងថា ប្តីរត់ចោលព្រមទាំងរៀបរាប់ពីការអាណិតអាសូរ និងអាល័យប្តីជាទីស្រលាញ់នោះ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៤ មីនា ស្រាប់តែទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបាននគរបាលអង្គភាពគោលដៅទី៣ការពារស្ពានឃាត់ទាន់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួន ស្ត្រីរូបនោះស្រែកថា «អយុត្តិធម៌ណាស់ គេមកលោតបាន ចុះហេតុអ្វីនាងលោតទឹកមិនបាន» ។ ស្ត្រីដែលមិនចង់រស់នោះឈ្មោះ ចាន់ សុខគា ហៅចិន អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលគេឱ្យឈ្មោះថា «សិលាចាំប្តីឆ្នាំ២០១៤» និងសង្ស័យមានជំងឺសរសៃប្រសាទ ។ តាមប្រភពព័ត៌មានថា គេបានឃើញនាងធ្វើដំណើរឡើងលើស្ពានជ្រោយចង្វាពីខាងលិចទៅខាងកើត លុះពេលដល់កណ្តាលស្ពានក៏បានឱ្យម៉ូតូឌុបឈប់ ។ នាងចុះពីលើម៉ូតូប៉ងទៅលោតទឹកសម្លាប់ខ្លួនតែត្រូវបានអ្នករត់ម៉ូតូឌុប និងនគរបាលដែលប្រចាំការនាំគ្នាចាប់ឃាត់ទាន់ រួចនាំមកសាកសួរនៅអង្គភាព ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីនោះនិយាយរៀបរាប់មិនឈប់ តបតជាមួយនគរបាល និងបានស្រែកពាក្យដដែលៗថា អយុត្តិធម៌ណាស់ គេលោតទឹកបាន ហេតុអ្វីខ្ញុំលោតទឹកមិនបាន ។ ស្ត្រីរូបនោះបានរៀបរាប់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យនាងលោតទឹកសម្លាប់ខ្លួន ដោយសារតែមានជំងឺច្រើន ថ្លើមក៏មាន បេះដូងក៏មាន និងជំងឺសរសៃប្រសាទ ព្រមទាំងម្តាយវាយធ្វើបាប ទៀត ។ ដោយសារតែទ្រាំរស់នៅមិនបាន ក៏ហៅម៉ូតូជិះក្នុងតម្លៃ១២.០០០រៀលធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្តង ។ នៅពេលសួរនាំយូរៗទៅដឹងថា ស្ត្រីរូបនោះមានសតិមិនគ្រប់មានជំងឺសរសៃប្រសាទ ហើយស្ត្រីនោះត្រូវនគរបាលស្គាល់ច្បាស់ គឺជាស្ត្រីសិលាចាំប្តីដែលកោះសន្តិភាពបានចុះផ្សាយចំនួន២លេខមកហើយ បន្ទាប់ពីស្ត្រីរូបនោះបានទៅលុតជង្គង់នៅសាលាសង្កាត់ចោមចៅ កាលពីល្ងាចថ្ងៃទី២១ មីនា កន្លងទៅ ដោយរៀបរាប់ពីប្តីឈ្មោះ ស្វាយ សារិទ្ធ អាយុ៣៦ឆ្នាំ ជាជាងសំណង់ចុះចោល ព្រមទាំងសុំឱ្យសមត្ថកិច្ចជួយរក និងសំណូមពរដល់កោះសន្តិភាពឱ្យជួយផ្សាយផ្តល់ដំណឹងដល់ប្តី ។
ដោយសារតែនឹករលឹកប្តីខ្លាំងពេក ធ្វើឱ្យនាងក្លាយទៅជាមនុស្សមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយមួយថ្ងៃៗគិតតែពីស្រែកដង្ហោយហៅប្តីឱ្យវិលត្រឡប់មករកនាងវិញ ។ ទោះបីជាយា៉ងណា បន្ទាប់ពីកោះសន្តិភាពចុះផ្សាយនៅព្រឹកថ្ងៃទី២២ មីនា លោក ស្វាយ សារិទ្ធ អាយុ៣៦ឆ្នាំ ជាជាងសំណង់ មានស្រុកកំណើតក្នុងភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានទូរស័ព្ទមកប្រាប់កោះសន្តិភាពថា លោកមិនបានចាកចោលប្រពន្ធឈ្មោះ ចាន់ សុខគា ហៅចិន នោះទេ ។ លោកបានចាកចេញពីផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ ទៅរកការងារធ្វើនៅខេត្តព្រះវិហារ ជាជាងសំណង់ ។ លោកវិលមកផ្ទះវិញនៅពេលចូលឆ្នាំថ្មីខាងមុខនេះហើយ ។
លោក ស្វាយ សារិទ្ធ ជាប្តីក៏បានឱ្យដឹងថា ប្រពន្ធរបស់លោកមានជំងឺឆ្កួតជ្រូក ឧស្សាហ៍ប្រកាច់ និងនិយាយមិនសូវដឹងខុសត្រូវនោះទេ ត្រូវបានលោកជួយ ព្យាបាលរហូតអស់ប្រាក់ពីខ្លួន ។ ដោយសារតែជំងឺផ្លូវចិត្តក៏បានជំរុញឱ្យនាងធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួន តែត្រូវបាននគរបាលឃាត់ទាន់ ។ បន្ទាប់ពីឃាត់ និងសួរនាំ នគរបាលក៏បានទាក់ទងទៅស្ត្រីជាម្តាយឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ។ គេនិយាយថា ស្ត្រីរូបអាចជួបគ្រោះថ្នាក់នៅពេលណាមួយ បើសិនជាមិនព្យាបាលឱ្យឆាប់ជាទេ ។
គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃជាប់ៗគ្នា មានអ្នកមានវិបត្តិចំនួន៤នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហើយបុរសទី៣ម្នាក់បានលោតទៅក្នុងទន្លេ តែនគរបាលជួយស្រង់បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះទាន់ និង៣នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ទាន់ ។ នៅដើមឆ្នាំ២០១៤ រាប់ទាំងស្ត្រីជាសិលាចាំប្តីផង គឺជាអ្នកមានវិបត្តិទី៩ហើយដែលបានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ៕
ចែករំលែកព័តមាននេះ