ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បាឡែន2​គ្រឿង ព័ទ្ធ​ប្លន់រថយន្ត​ដឹក​គ្រញូង សង្ស័យ​«ពាល​សីុ​ពាល»​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ប្រភព​ព័ត៌​មាន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​កាមរី​ឆ្លាមពណ៌​ស​មួយ​គ្រឿង​ដែល​ដឹក​ឈើ​គ្រញូង​ ត្រូវ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ស្ទាក់​ប្លន់​កាល​ពី​វេលា​ម៉ោង​ជាង​២​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៤ មីនា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​ផ្លូវ​ចូល​ទួល​ម្កាក់​ និង​អូរ​ស្តាស់​ ស្ថិត​ក្នុង​ភូមិ​ស្រះ​កែវ​ ឃុំ​កំពង់​ព្រះ​ ស្រុក​សង្កែ​ ដែល​គេសង្ស័យថា​ ជា​ករណី​ពាល​ស៊ី​ពាល​ បុ៉ន្តែ​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​មិន​បាន​ដឹង​អំពី​ករណី​នេះ​ឡើយ ។​

ខេត្ត​បាត់​ដំបង​ ៖ ប្រភព​ព័ត៌​មាន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​កាមរី​ឆ្លាមពណ៌​ស​មួយ​គ្រឿង​ដែល​ដឹក​ឈើ​គ្រញូង​ ត្រូវ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ស្ទាក់​ប្លន់​កាល​ពី​វេលា​ម៉ោង​ជាង​២​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៤ មីនា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​ផ្លូវ​ចូល​ទួល​ម្កាក់​ និង​អូរ​ស្តាស់​ ស្ថិត​ក្នុង​ភូមិ​ស្រះ​កែវ​ ឃុំ​កំពង់​ព្រះ​ ស្រុក​សង្កែ​ ដែល​គេសង្ស័យថា​ ជា​ករណី​ពាល​ស៊ី​ពាល​ បុ៉ន្តែ​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​មិន​បាន​ដឹង​អំពី​ករណី​នេះ​ឡើយ ។​

ប្រភព​ដដែល​ប្រាប់​ថា​ រថយន្ត​ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ស្ទាក់​ប្លន់​នោះ​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស​ តែគ្មាន​ស្លាក​លេខ​ទេ​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះស៊្រាង​ អាយុ​ជាង​២០​ឆ្នាំ និង​ម្ចាស់​រថយន្ត​នេះ​ឈ្មោះ​ ហេង​ មករា​ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​ដែរ​​ រស់​នៅ​រាជធានី​ភ្នំ​ពេញ ។​ ប្រភព​ខាង​លើ​នេះ​បញ្ជាក់​ថា​ រថយន្ត​នេះ​ដឹក​ឈើ​គ្រញូង​ ហើយ​ក្រោយ​ពី​ប្លន់​បាន ក្រុម​ប្រដាប់​អាវុធ​នោះបាន​បើករថយន្ត​នេះ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ ខណៈ​អ្នកបើកបរ​ឈ្មោះ​ស៊្រាង បាន​រត់​រួច​ខ្លួន​ចោល​រថយន្ត ។​

តាម​រយៈ​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ស្រង់​សម្តី​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ស៊្រាង​​ ថា​ ខ្លួនបាន​បើក​រថយន្ត​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឆ្ពោះទៅ​រាជធានី​ភ្នំ​ពេញ​តែ​ម្នាក់​ឯង​ បុ៉ន្តែពេល​ចេញដំណើរ​ដល់​ចំណុចខាង​លើ​ ស្រាប់តែ​មាន​រថយន្ត​កាមរីបាឡែន​២​គ្រឿង​បើកស្ទាក់​រថយន្ត​របស់​ខ្លួន​មុខ​-ក្រោយ​ ។​ ឈ្មោះស៊្រាង ត្រូវ​បាន​ស្រង់​សម្តី​ទៀត​ថា​ គ្រា​នោះ​រថយន្ត​ពណ៌ទឹក​ប្រាក់​ដេញ​ពី​ក្រោយ​ រី​ឯរថយន្ត​ពណ៌ស​បើក​ស្ទាក់​រថយន្ត​ខ្លួន​ពី​មុខ​កាក់​ឱ្យ​ឈប់​ ។ ពេល​រថយន្ត​ឈប់​ខ្លួន​បាន​ឃើញ​មនុស្ស​ប្រហែល​ពី​៥​ទៅ​៦​នាក់​ដើរ​ចុះ​ពី​រថយន្ត​ទាំង​២​គ្រឿង​ក្នុង​ឯក​សណ្ឋាន​ជា​កម្លាំង​ប្រដាប់​អាវុធ​មក​ភ្ជង់​ខ្លួន​តែ​ម្តង​​ ឃើញ​ដូច្នេះ​ ខ្លួន​ក៏បើក​ទ្វារ​ចុះរត់​តែ​ម្តង​ សូម្បី​ទូរ​ស័ព្ទ និង​ស្បែក​ជើង​​ក៏​ពាក់​មិន​ទាន់​ផង ។​

ជាមួយ​នឹង​ការ​ស្ទាក់​ប្លន់​រថយន្ត​ខាង​លើ​នេះ ម្ចាស់​រថយន្ត​ឈ្មោះ​ ហេង​ មករា​ បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​តាមទូរស័ព្ទ​នៅព្រឹកថ្ងៃទី​២៤​ មីនា​ថា​ រថយន្ត​ខ្លួន​ពិត​ជា​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ស្ទាក់​ប្លន់​នៅ​ក្នុង​ស្រុក​សង្កែ​មែន ។​ បុ៉ន្តែ​ម្ចាស់​រថយន្ត​នេះ​និយាយ​ហាក់​គ្មាន​ការ​លាក់​លៀម​ព័ត៌​មាន​ដ៏​រសើប​មួយ​នេះ​ឡើយ​ ដោយ​សារ​តែ​រថយន្ត​ខ្លួន​មាន​ដឹក​បទ​ល្មើស​ព្រៃ​ឈើ ។​ ឈ្មោះ​មករា​ បានបញ្ជាក់​ចុង​ក្រោយ​ថា​ អ្នក​បើក​បរ​ជា​ប្អូន​ប្រុស​របស់​ខ្លួន ហើយ​ក្រុម​ដែល​ប្លន់​រថយន្ត​នេះ​មានគ្នាច្រើន ​និង​ជិះ​រថយន្ត​កាមរី​បាឡែន​២​គ្រឿង ។​ ក្រោយ​មក​ បុរស​នេះ​បាន​បិទ​ទូរស័ព្ទ​មិន​បាន​រៀប​រាប់​លម្អិត​ពី​រឿង​រ៉ាវ​នេះ​ទៀត​ទេ ។​

ករណី​ប្លន់​រថយន្តដឹក​ឈើ​គ្រញូង​យ៉ាងស្ងាត់​ស្ងៀម​កណ្តាល​អធ្រាត្រ​ខាង​លើ​នេះ​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ទេ​ ហើយ​បើ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ មីនា​ សមត្ថ​កិច្ច​គ្រប់ស្ថាប័ន​ រាប់​ទាំង​សមត្ថ​កិច្ច​មូលដ្ឋាន​ផង​ នៅតែ​មិន​ទាន់ដឹង​នៅ​ឡើយ ។​ លោក​ជេត​ វណ្ណនី​ ស្នងការ​រង​ខេត្ត​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ លោក​មិន​បាន​ទទួល​នូវ​ព័ត៌​មាន​ពី​កម្លាំង​មូលដ្ឋាន​ទេ​ បុ៉ន្តែ​លោក​កំពុង​សួរ​នាំ និង​បញ្ជា​ឱ្យ​កម្លាំង​ជំនាញស្រុក​សង្កែ​ចុះ​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​ហើយ​ បុ៉ន្តែ​បាន​ស្នើ​ឱ្យ​ជន​រង​គ្រោះ​បង្ហាញ​ការ​ពិត ។​

គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ជនប្រដាប់​អាវុធ​ដែល​ជិះ​រថយន្ត​២​គ្រឿង​តាមស្ទាក់​ប្លន់​រថ​យន្ត​កាមរី​ដឹក​ឈើ​គ្រញូងខាង​លើ​នេះ​មានសមាស​ភាព​ចេញពីប្រភព​ណា​នោះ​ទេ​ ហើយ​ក៏​មិនដឹង​ថា​ ពួកគេជា​ក្រុមចោរ​ប្លន់​ពិត​ប្រាកដ​ ឬ​ក៏​ជា​កម្លាំង​សមត្ថ​កិច្ចបង្ក្រាប​បទ​​ល្មើស​នោះ​ដែរ​ ព្រោះ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​កម្លាំង​គ្រប់​ប្រភេទ​ចេញស្ទាក់​បទ​ល្មើស​ព្រៃ​ឈើ​ជំរិត​ទារ​លុយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧​ (អតីត​​ផ្លូវ​លេខ​១០)​ និង​ផ្លូវ​ជាតិ​លេខ​៥ ។ បើ​ពិត​ជា​មាន​ករណី​ប្លន់​រថយន្ត​ដឹក​ឈើ​គ្រញូង​ដូចការ​អះ​អាង​ពី​ម្ចាស់​រថយន្ត​នេះ​មែន​ គេ​សង្ស័យថា​ អាច​ជា​ករណី​ពាល​ស៊ី​ពាល​ តែក៏​មិន​អាច​ស្មាន​ត្រូវ​ដែរ​ ព្រោះ​បច្ចុប្បន្ន​អ្នក​បង្ក្រាប​បទ​ល្មើស​មានសមាសភាព​ច្រើន​ស្ថាប័ន​ណាស់​ ដែល​ពិបាក​ក្នុង​ការសន្និ​ដ្ឋាន​ ៕​