ខេត្តមណ្ឌលគិរី៖ ឈើប្រណីតប្រភេទធ្នង់ និង នាងនួន បានត្រូវប្រជាពលរដ្ឋឃើញដឹកចេញជារៀលរាល់យប់ ថ្ងៃ តាមច្រករបៀងអូរតំាកន ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីក្នុងស្រុកពេជ្រាដានោះបញ្ជាក់ទៀតថា ឈើដែលឈ្មួញនំាចេញខាងលើនេះ គឺដឹកចេញស្រុកកោះញែក ពីភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា និង ប្រមូលដឹកចេញពីភូមិពូត្រុំ ភូមិឡៅកា ស្ថិតក្នុងទីរួមខេត្តតែម្តង ។
សេចក្តីរាយការណ៏បានបន្ថែមថា រថយន្តដែលក្រុមឈ្មួញយកមកដឹកឈើប្រណីតទំាងនោះមានប្រភេទ Landcruiser , Luxus និង ប្រភេទរថយន្ត១បំាងកន្លះជាដើម ។
អ្វីដែលជាការកត់សម្គាល់ និងធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ គឺឈើទំាងនោះត្រូវបានឈ្មួញដឹកឆ្លងកាត់មុខទីបញ្ជាការកងរាជអាវុធហត្ថ ទាហាន និង មុខអធិការនគរបាលស្រុកនោះថែមទៀត តែសមត្ថកិច្ចមើលមិនឃើញ ឬ ទំនងជាមានការឃុបឃិតណាមួយ ។
សេចក្តីរាយការណ៏ក៏បានស្រង់សម្តីប្រជាពលរដ្ឋ ដោយចោទប្រកាន់ទៀតថា លោក អ៊ុក ណាខៃ ជាប្រធានកងអនុសេនាតូចទី២ការពារព្រំដែនប្រចាំច្រករបៀង អូរតំាងកន ថាជាអ្នករកស៊ី និងកាងឈើប្រណីតទំាងនោះ និងមានការពាក់ព័ន្ឋរកស៊ីជាមួយអភិបាលស្រុកពេជ្រាដានោះថែមទៀត ព្រោះលោកអភិបាលស្រុកនេះមានរថយន្តសម្រាប់ដឹកឈើនំាចេញដែរ ។ ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ការណ៏ដែលលោក អ៊ុក ណាខៃ អាចរកស៊ីដឹកឈើប្រណីតចេញទៅវៀតណាមបាន ក៏មានការបើកដៃពីលោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិសឹករងមណ្ឌលគិរីនោះដែរ ។
យ៉ាងណាក៏ដោយពាក់ព័ន្ឋនឹងការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២៤ មីនា ២០១៤ កោះសន្តិភាពមិនទាន់អាចទាក់ដើម្បីសុំការបំភ្លឺបានភ្លាមៗនៅឡើយទេ ពីសមត្ថកិច្ចជំនាញគ្រប់ប្រភេទ និង លោក អ៊ុក ណាខៃ ប្រធានកងអនុសេនាតូចទី២ការពារព្រំដែន ក៏ដូចជាអភិបាលស្រុកពេជ្រាដា ៕
ចែករំលែកព័តមាននេះ