រាជធានីភ្នំពេញ៖ ទីបំផុតទៅសាលារាជធានីភ្នំពេញ បានសម្រេចមិនអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ធ្វើបាតុកម្មនៅថ្ងៃទី៣១ មីនា ២០១៤នោះទេ ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយបិទទ្វារនៅសាលារាជធានី នាព្រឹកថ្ងៃទី២៤ មីនា ២០១៤ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពី លោក ម៉ម សូណង់ដូ និងអាជ្ញាធរពាក់ព័ន្ឋជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា កាលពីសបា្តហ៏មុន លោក ម៉ម សូណង់ដូ បានដាក់លិខិតជូនដំណឹងទៅសាលារាជធានិភ្នំពេញ សុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដោយមានមនុស្សចូលរួមប្រមាណ២០០នាក់ ប្រយោជន៏ដើម្បីទាមទារឲ្យក្រសួងព័ត៌មានអនុញ្ញាតឲ្យវិទ្យុសំបុកឃ្មុំផ្សាយបន្តផ្ទាល់ទៅតាមបណ្តាខេត្ត និង សុំហ្វ្រេកង់សម្រាប់ដំឡើងស្ថាននីយ៏ទូរទស្សន៏ ។
យ៉ាងណាក៏ដោយមន្រ្តីសាលារាជធានីភ្នំពេញមិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុ ដែលសាលាក្រុងមិនអនុញ្ញាតឲ្យលោកម៉ម សូណង់ដូ ធ្វើបាតុកម្មនោះទេ ប៉ុន្តែកាលពីពេលថ្មីៗនេះ ថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងលើកទិសដៅឆ្នាំបន្ត របស់សាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៏ថា ទីលានប្រជាធិបតេយ្យនឹងត្រូវបិទបណ្តោះអាសន្នមិនឲ្យមានការប្រមូលផ្តុំតវ៉ា រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវ៉េងស្រេង ត្រូវបានបិទបញ្ចប់ ។
លោក ម៉ម សូណង់ដូ មិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ មីនា ២០១៤នេះ ៕
ចែករំលែកព័តមាននេះ