ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០១៩ កម្ពុជា​នាំ​ចេញ​កង់​ទំហំ​ទឹកប្រាក់​ប្រមាណ​១៨១​លាន​ដុល្លារ តែ​វិស័យ​មួយ​នឹង​អាច​ប៉ះពាល់​ដោយ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គឺជា​ប្រទេស​ដែល​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​នៅ​លើ​ពិភពលោក​ធំ​ជាងគេ​មួយ និង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​១ នាំមុខ​តៃវ៉ាន់ ក្នុង​ការ​នាំ​ចេញ​កង់​បាន​ច្រើន​ជាងគេ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​របស់​សហភាព​អឺរ៉ុប ។ ជាក់ស្ដែង ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គឺជា​ប្រទេស​ដែល​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​នៅ​លើ​ពិភពលោក​ធំ​ជាងគេ​មួយ និង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​១ នាំមុខ​តៃវ៉ាន់ ក្នុង​ការ​នាំ​ចេញ​កង់​បាន​ច្រើន​ជាងគេ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​របស់​សហភាព​អឺរ៉ុប ។ ជាក់ស្ដែង ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៨១ លាន​ដុល្លារ​អា​មេ​រិ ក​ទៅ​លើ​ទីផ្សារ​ប្រទេស​ជា​ច្រើន ក្នុង​នោះ​អឺរ៉ុប​មាន​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ការ​នាំ​ចេញ​កង់​របស់​កម្ពុជា ។ ​

ក៏​ប៉ុន្តែវិស័យ​មួយ​នេះ​ក៏​កំពុង​ប្រឈម​មុខ​ក្នុង​ការ​ត្រូវ​បង់ពន្ធ​ធ្ងន់ធ្ងរ​ផង​ដែរ​នា​ពេល​អនាគត​ខ្លី​ដ៏​ខាង​មុខ​នេះ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ក៏​ផ្តាច់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) សម្រាប់​កម្ពុជា​នោះ ព្រោះ​បញ្ហា​ភាព​មិន​ច្បាស់លាស់​នៃ EBA មិនមែន​ប៉ះពាល់​តែ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នោះ​ឡើយ ។ ​យោង​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កង់​របស់​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្នុង​ឆ្នាំ ២០១៥ កម្ពុជា​នាំ​ចេញ​កង់​បាន​ប្រមាណ​២០១,៣០​លាន​ដុល្លារ​មេ​រិ​ក ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​; ឆ្នាំ ២០១៦ កម្ពុជា​នាំ​ចេញ​កង់​បាន​ចំនួន ១,៦​លាន គ្រឿង ជាមួយ​តម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ៣៤៥,៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​នាំ​ចេញ​កង់​របស់​កម្ពុជា​ក្នុង ឆ្នាំ ២០១៧ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​បាន​បន្ត​កើនឡើង​ខ្ពស់​រហូត​សម្រេច​បានការ​នាំ​ចេញ​កង់​ដល់​ទៅ​ប្រមាណ ជាង ១,៨ លាន​គ្រឿង ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៣៦០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។ ក្នុង​ឆ្នាំ ២០១៨ ការ​នាំ​ចេញ​កង់​របស់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣៧៦,៧៩​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក ស៊ា​ង ថៃ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានអោយ​ដឹង​ថា
ទីផ្សារ​ធំ​នៃ​ផលិតផល​កង់​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ គឺ​សហភាព​អឺរ៉ុប ហើយ​ក្រៅពី​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ធំ​បំផុត​របស់​កង់​កម្ពុជា​នោះ កម្ពុជា​ក៏​បាន​នាំ​ចេញ​កង់​ទៅ​កាន់​ប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក កា​ណា​ដា ប្រទេស​ឥណ្ឌា ប្រទេស​ឈី​លី ប្រទេស​ម៉ុង​ហ្គោ​លី ប្រទេស​កូរ៉េ ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រទេស​អា​ហ្ស​ង់​ទី​ន ប្រទេស​អ៊ី​ស្រា​អែ​ល ប្រទេស​ប៉ា​រ៉ា​ហ្កា​យ អ៊ុយ​រ៉ា​ហ្កា​យ សហភាព​អា​រ៉ាប់​រួម និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន ។ ​លោក​បាន​បន្ត​ថា ផលិតកម្ម​កង់​នៅ​កម្ពុជា​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ដោយសារ​តែ​ការ​នាំ​ចេញ​ដោយ​មិន​បង់ពន្ធ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្រោម​គម្រោង​អនុគ្រោះ​ពន្ធ​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ។ ​ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ EBA សម្រាប់​កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ដំណាក់កាល​មួយ​ដែល​មិន​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ការ​នាំ​ចេញ​កង់​របស់​កម្ពុជា​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​បង់ពន្ធ​ធ្ងន់ធ្ងរ​ផង​ដែរ សម្រាប់​ទីផ្សារ​អឺរ៉ុប ។

បើ​តាម​គេហទំព័រ ទោចក្រយាន Bike-eu បានអោយ​ដឹងផង​ដែរ​ថា​ទំនាស់​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន ក្រុមហ៊ុន​ផលិត​កង់​មួយ​ចំនួន​បាន​និង​កំពុង​សម្លឹង​មើល​សក្ដានុពល​ប្រទេស​កម្ពុជា ជា​ប្រទេស​សម្រាប់​ការ​ផលិត​កង់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ប្រភព​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​និង​កំពុង​សម្លឹង​មើល​ការវិនិយោគ​រោងចក្រ​ដំឡើង​កង់​នៅ​កម្ពុជា ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែល​មាន​តម្រូវការ​កង់​ខ្ពស់ ជា​ពិសេស​ប្រទេស​អា​មេ​រិ​ក​ជាដើម ដើម្បី​គេច​ពី​ការ​បង់ពន្ធ​ខ្ពស់ ។

តាម​គេ​ទំព័រ​របស់ Bike-eu រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បាន​នាំមុខ​គេ​ក្នុង​ការ​ផលិត​កង់​និង​នាំ​ចេញ ជាក់ស្ដែង​កាលពី​ឆ្នាំ​មុន​នេះ ការ​នាំ​ចេញ​កង់​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា មាន​ចំនួន​១,៤​លាន​គ្រឿង ក្នុង​ទំហំ​ទឹកប្រាក់ ២៨៧​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទីផ្សារ​ធំ​នោះ គឺ​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។ សូម​បញ្ជាក់​ថា​នៅ​កម្ពុជា កង់​ភាគច្រើន​លើសលប់​គឺ​ផលិត​នៅ​រោងចក្រ​ស្ថិត​នៅ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង ។ ​យោង​តាម​ការ​សិក្សា​របស់ Strait Times report ក៏​បាន​បង្ហាញ​ផង​ដែរ ការ​មក​ដល់​នៃ​វិនិយោគិន​ចិន​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​នេះ គេ​រំពឹង​ថា ការ​ផលិត​និង​ការ​នាំ​ចេញ​កង​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នឹង​មានការ​ប្រែប្រួល​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​ៗ ។

​សូម​បញ្ជាក់​ថា​កន្លង​មក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប (EU) រក្សា​ទុក EBA សម្រាប់​កម្ពុជា​។ GMAC បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សារ​ថា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ម៉ឺន​នាក់ ដែល​ជាង​៨៥%​ជា​ស្ត្រី​មក​ពី​បណ្តា​ខេត្ត​ជនបទ និង​ជួយ​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​២​លាន​នាក់​ដទៃ​ទៀត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​១៦​លាន​នាក់​ពឹងផ្អែក​លើ វិស័យ​នេះ​។ ដូច្នេះ​បើ​បាត់បង់ EBA នោះ​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជា​មាន​ខ្លាំង​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ព្រោះ​វិស័យ​មួយ​នេះ​ប្រឈម​នឹង​ការ​បង់ពន្ធ​ធ្ងន់ធ្ងរ​ប្រមាណ ៥០០ ទៅ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ (EBA) ដល់​កម្ពុជា​។ នេះ​ជា​ការ​ព្រមាន​របស់​ធនាគារ​ពិភព​កាលពី​ពេល​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​រម្លឹក​ថា សហភាព​អ៊ឺ​រ៉ុ​ប​បាន​ចាប់ផ្តើម​ដំណើរការ​រយៈពេល ១៨ ខែ​នៅ​ក្នុង​ខែកុម្ភៈ ដែល​អាច​នាំ​ឱ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នៃ​ការ​ទទួល​បានការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​អនុគ្រោះ​ពន្ធ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អ៊ឺ​រ៉ុ​ប ក្រោម​គម្រោង EBA ដោយសារ​តែ​ការ​ព្រួយបារម្ភ​លើ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ