ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​ម្នាក់​ដែល​អាមេរិក​បញ្ជូន​មក​ស្រុក​​កំណើត​វិញ​ប្រឹង​ត្រដរ​រស់​… ឥឡូវ​​ជីវិត​បាន​ប្រសើរ​បន្តិច​ហើយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វា​ជា​ជីវិត​រសាត់​អណ្តែត​យ៉ាង​កម្សត់​​ដែល​កូន​ខ្មែរ​ម្នាក់​​​ភៀស​ខ្លួន​ទៅ​នៅ​អាមេរិក​តាំង​ពី​អាយុ​១​ឆ្នាំ ហើយ​ត្រូវ​គេ​បង្ខំ​ឱ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ទាំង​គ្មាន​អ្វី​ជា​ទី​​ពឹង​ គ្មាន​ផ្ទះ​សម្បែង… ។ ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​ត្រដរ​រស់​ ឆ្លង​កាត់​ការ​លំបាក​លំបិន​ ឥឡូវ​ជីវិត​មួយ​នេះ គឺ​បុរស​មាន​ស្នាម​សាក់​ពេញ​ខ្លួន​ លោក​ខៀវ កុសល ហាក់​បាន​ប្រសើរ​បន្តិច​ហើយ ។

រាជធានីភ្នំពេញ ៖ វា​ជា​ជីវិត​រសាត់​អណ្តែត​យ៉ាង​កម្សត់​​ដែល​កូន​ខ្មែរ​ម្នាក់​​​ភៀស​ខ្លួន​ទៅ​នៅ​អាមេរិក​តាំង​ពី​អាយុ​១​ឆ្នាំ ហើយ​ត្រូវ​គេ​បង្ខំ​ឱ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ទាំង​គ្មាន​អ្វី​ជា​ទី​​ពឹង​ គ្មាន​ផ្ទះ​សម្បែង… ។ ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​ត្រដរ​រស់​ ឆ្លង​កាត់​ការ​លំបាក​លំបិន​ ឥឡូវ​ជីវិត​មួយ​នេះ គឺ​បុរស​មាន​ស្នាម​សាក់​ពេញ​ខ្លួន​ លោក​ខៀវ កុសល ហាក់​បាន​ប្រសើរ​បន្តិច​ហើយ ។

​ភាព​​​លេច​ធ្លោ​មួយ​សម្រាប់​ជីវិត​លោក​ខៀវ កុសល នា​ពេល​​នេះ គឺ​បាន​ផលិត​ភាព​យន្ត​ឯក​សារ​មួយ​មាន​ចំណង​ជើង​ថា​ «កូន​ខ្មែរ» ដែល​លាត​ត្រដាង​​ពី​ដំណើរ​ជីវិត​របស់​លោក ។

ថ្វី​​ដ្បិត​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​​​ទាន់​សម័យ​​ និង​រីក​ចម្រើន​​ពិត​មែន​ ប៉ុន្តែ​បុរស​កូន​ខ្មែរ​ដែល​​មាន​​ស្នាម​សាក់​ពេញ​ខ្លួន​ និង​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ទឹក​ដី​អាមេរិក​ តាំង​ពី​​មិន​ទាន់​ដឹង​​ក្តី​​រូប​នេះ បាន​បង្ហាញ​ពី​ឆាក​​ជីវិត​ដ៏​លំបាក​​ក្នុង​នាម​​ជា​និរទេស​ជន​ម្នាក់​ ។

លោក​ខៀវ កុសល ​រ៉ាយ​រ៉ាប់​ពី​​ឆាក​ជីវិត​របស់​​លោក​ ខ្លះៗ​ប្រាប់​កោះ​សន្តិ​ភាព​ក្នុង​ជំនួប​​ផ្ទាល់​កាល​ពី​​ថ្ងៃ​ទី​២០ មីនា ២០១៤ថា លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​ផ្ញើ​វាសនា​នៅ​ទឹក​ដី​អាមេរិក​នៅ​ក្នុង​​អំឡុង​ឆ្នាំ​១៩៨១​ ដែល​ពេល​នោះ​លោក​ទើប​តែ​មាន​អាយុ​១ខួប​​ប៉ុណ្ណោះ ។ ​ការ​ផ្ញើ​វាសនា​លើ​ទឹក​ដី​​ដ៏​ធំ​ទូលាយ​មួយ​​នោះ ក្រុម​គ្រួសារ​​របស់​លោក​មិន​ខុស​​ពី​គ្រួសារ​​ជន​ជាតិ​អាស៊ី​ដែល​ត្រូវ​​បញ្ជូន​​ទៅ​ដទៃ​ទៀត​ឡើយ  ដោយ​ត្រូវ​​គេ​ចាត់​​បញ្ជូន​ឱ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​មួយ​​​ជា​តំបន់​​ក្រី​ក្រ​ និង​មាន​ភាព​អនា​ធិប​តេយ្យ ។

​រស់​នៅ​ទី​នោះ​ពេល​​ដែល​លោក​​ខៀវ កុសល ​ធំ​ធាត់​បន្តិច ​បាន​ជួយ​ក្រុម​គ្រួសារ​លើ​មុខ​របរ​​ដេរ​ខោ​អាវ​ និង​រើស​កំប៉ុង​លក់​ដើម្បី​យក​ប្រាក់​​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​​ក្រខ្សត់ ។ ​នៅ​​តំបន់​នោះ ​ពិបាក​រស់​នៅ​បន្តិច​ ព្រោះ​សម្បូរ​​ជើង​កាង​ដែល​​តែង​តែ​​ជម្រិត​ទារ​ប្រាក់​ ដោយ​លេស​ថា​​យក​ថ្លៃ​ការពារ​​ ហើយ​​ជើង​កាង​ទាំង​នោះ​ ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ខ្មែរ​យើងដែល​បាន​​ភៀស​ខ្លួន​ទៅ​រស់​នៅ​​ទី​នោះ​ដែរ ។

ក្នុង​​វ័យ​ជាង​១០​ឆ្នាំ​​ ដោយ​សារ​ស្ថាន​ភាព​​​បែប​នេះ​​ លោក​កុសល ធ្លាក់​ខ្លួន​​ចូល​​ទៅ​​ក្នុង​​ក្រុម​ពន្ធ​ពាល​ទាំង​នោះ​ដែរ ប៉ុន្តែ​រូប​លោក​មិន​​បាន​​ជំរិត​ទារ​ប្រាក់​​ពី​អ្នក​​ណា​ឡើយ ដោយ​​គ្រាន់​តែ​​ជួយ​ការ​ពារ​​មិត្ត​ភក្តិ​ដែល​​ដើរ​លេង​ជា​មួយ​គ្នា​ និង​ជួយ​​ជន​ជាតិ​ខ្មែរ​​ដូច​គ្នា​​ដែល​ត្រូវ​​គេ​ធ្វើ​បាប​ប៉ុណ្ណោះ ។

​លោក​ខៀវ កុសល បាន​បន្ថែម​ថា​ ដោយ​សារ​តែ​មាន​បញ្ហា​នៅ​ទី​នោះ​​ លោក​​ជាប់​ពន្ធ​នាគារ​​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​នៅ​ទី​បំផុត​​លោក​ត្រូវ​​រដ្ឋា​ភិបាល​អាមេរិក​ចាប់​បញ្ជូន​​មក​ស្រុក​ខ្មែរ​​វិញ​​នៅ​ក្នុង​ឆ្នាំ​២០១១ ខណៈ​ពេល​ដែល​ម្តាយ និង​បង​ប្អូន​​របស់​លោក​បន្ត​ស្នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ ។

​ពេល​គេ​ចាប់​បញ្ជូន​លោក​មក​ស្រុក​ខ្មែរ​វិញ​នោះ ​លោក​មាន​ការ​ភិត​ភ័យ​​ខ្លាំង​​ ដោយ​សារ​តែ​លោក​មិន​ស្គាល់​អ្នក​ណា​ម្នាក់​សោះ​​ ហើយ​ភាសា​ខ្មែរ​ក៏​លោក​មិន​សូវ​ចេះ​និយាយ​ដែរ ។ ​ពេល​មក​ដល់​ស្រុក​ខ្មែរ​​ ​មាន​អង្គ​ការ​​មួយ​​ទទួល​យក​​ ហើយ​​នាំ​លោក​ឱ្យ​​បាន​ជួប​សាច់​ញាតិ​​ពីរ​បី​នាក់​​  បន្ទាប់​មក​ពួក​គេ​​នាំ​លោក​​ទៅ​នៅ​ខេត្ត​បាត់​  ដំបង ។

​លោក​ខៀវ កុសល និយាយ​ថា «នៅ​ក្នុង​ស្រុក​ខ្មែរ​ដំបូង​​​ខ្ញុំ​​ស្រណោះ​ខ្លួន​ណាស់ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ ដំបូង​អត់​ចេះ​ភាសា​ខ្មែរ​ អត់​មាន​ផ្ទះ​នៅ​ទៀត ហើយ​ប្រ​ជា​ជន​ខ្មែរ​អត់​​ហា៊ន​រាប់​អាន​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​សាក់​ពេញ​ខ្លួន​ ។ ដូច្នេះ​ជាង​១​ខែ​​ខ្ញុំ​ពាក់​អាវ​ដៃ​វែង​​ និង​នៅ​តែ​ក្នុង​ផ្ទះ​​រហូត​​កុំ​ឱ្យ​គេ​ឃើញ​។ ខ្ញុំ​ក្តៅ​ស្អុះ​ណាស់​… ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​មែន​មក​​លេង​ស្រុក​ខ្មែរ​​​ ១ថ្ងៃ​២​ថ្ងៃ​ទេ​ គឺ​ត្រូវ​នៅ​មួយ​ជីវិត អីុចឹង​ខ្ញុំ​ត្រូវ​រៀន​​រស់​ជាមួយ​បរិយា​កាស​  នេះ ។ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ដោះ​អាវ​ចេញ​ដើរ​​ជួប​បង​ប្អូន​ខ្មែរ ។ ខ្ញុំ​ជម្រាប​សួរ​ និង​សួរ​ថា «បង​សុខ​សប្បាយ​ទេ» ។ ឥឡូវ​​ខ្ញុំ​អាច​សម្រប​​ខ្លួន​បាន​ហើយ​ ។

លោក​​កុសល​មាន​បង​ប្អូន​​មួយ​ចំនួន​នៅ​បាត់​ដំបង​ ។ បន្ទាប់​ពី​និរទេស​​មក​​ដល់​ស្រុ​ក​ខ្មែរ​​ដំបូង​ លោក​បាន​ទៅ​រស់​​នៅ​ជាមួយ​ពួក​គេ​មួយ​រយៈ​ ​។ សាច់​ញាតិ​បង្ខំ​ឱ្យ​​លោក​កុសល រៀប​ការ​ តែ​លោក​បដិសេធ​ថា «ការអី… ខ្ញុំ​មាន​អី… មាន​តែ​ខ្លួន​ហ្នឹង» ។ លោក​កុសល​​ធ្លាប់​​គិត​ថា​នឹង​នៅ​​បាត់​ដំបង​រហូត ទោះ​ធ្វើ​អី​ក៏​ធ្វើ​ដែរ តែ​ចុង​ក្រោយ​​នៅ​អត់​កើត ក៏​ទៅ​ភ្នំពេញ​​ ។

​​មក​ដល់​ភ្នំពេញ​​នៅ​ពេល​យប់​​លើក​ដំបូង ​លោក​​ខៀវ កុសល ​ភ្ញាក់​ផ្អើល​​​ខ្លាំង​​ ដោយ​សារ​​តែ​​ឃើញ​ភ្លើង​ពណ៌​​ កន្លែង​កម្សាន្ត​​នានា និង​កន្លែង​អភិ​វឌ្ឍន៍​ជា​​ច្រើន​ទៀត ដែល​រូប​លោក​នឹក​ស្មាន​មិន​ដល់​ ។ កន្លង​មក​​​លោក​មក​ភ្នំពេញ​តែ​​ពេល​ថ្ងៃ​​ មិន​បាន​មក​ពេល​យប់​ឡើយ​ លោក​ស្ទើរ​តែ​មិន​ជឿ​​ថា​ប្រទេស​​កម្ពុជា​​​មាន​ការ​រីក​ចម្រើន​​ដូច្នេះ​សោះ ។

​កន្លង​មក​លោក​​កុសល មិន​ដែល​គិត​ថា ប្រទេស​ខ្មែរ​​បាន​​រីក​ចម្រើន​ដល់​ប៉ុណ្ណឹង​ទេ ដោយ​សារ​តែ​​ប្រទេស​​នេះ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ហើយ​នៅ​បរទេស​​រូប​លោក​​​ស្គាល់​ប្រទេស​​ខ្លួន​​ឯង​តាម​រយៈ​​វីដេអូ​ឃ្លីប​ ខ្លីៗ​ប៉ុណ្ណោះ ហើយ​វីដេអូ​​ទាំង​នោះ​​ភាគ​ច្រើន​មិន​បាន​បង្ហាញ​ពី​ការ​រីក​ច​ម្រើន​របស់​ស្រុក​ខ្មែរ​​​ឡើយ ។
កាល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​នៅ​អាមេរិក​​ លោក​​ខៀវ កុសល មាន​ក្តី​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​​លោក​នឹង​មក​ស្រុក​ខ្មែរ​​ ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ និង​ជួយ​អ្វី​មួយ​សម្រាប់​ប្រទេស​ និង​ប្រជា​ជន​  កម្ពុជា ។

​នៅ​ស្រុក​ខ្មែរ​​ លោក​​ខៀវ កុសល ធ្លាប់​​ធ្វើ​ការ​ជា​គ្រូ​នៅ​តាម​អង្គ​ការ​មួយ​ចំនួន​​ ដើម្បី​​អប់​រំ​អូស​ទាញ​កុមារ​​​កុំ​ឱ្យ​ដើរ​ផ្លូវ​ខុស​​ ហើយ​ឥឡូវ​​លោក​ធ្វើ​ការ​​​នៅ Studio Revolt ។ ការងារ​នៅ​ក្នុង​ ​Studio Revolt លោក​​ចាប់​ផ្តើម​សរសេរ​រឿង​​មួយ​និយាយ​​ពី​ជីវិត​ខ្លួន​ឯង គឺ​ភាព​យន្ត​ឯក​សារ​រឿង​ «កូន​ខ្មែរ» ​។ រឿង​នេះ​​ លោក​ចង់​បញ្ជាក់​​ទៅ​​កាន់​​បរទេស​ថា​ ខ្មែរ​ក៏​អាច​បង្កើត​ស្នា​ដៃ​​មួយ​ដ៏​ល្អ​​ដែរ​ ។ រឿង​នេះ​​​ដែរ លោក​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ទាំង​អស់​ចាត់​​ទុក​ជា​រឿង​​របស់​ខ្មែរ​ទាំង​អស់​គ្នា​ ពោល​គឺ​មិន​មែន​ជា​​រឿង​ផ្តាច់​មុខ​​របស់​លោក​ឡើយ ។

ថ្វី​ដ្បិត​​តែ​​​ធ្លាប់​ដើរ​ផ្លូវ​ខុស​ក៏​ដោយ​ ប៉ុន្តែ​លោក​​កុសល​ មិនដែល​​បំផុស​គំនិត​អាក្រក់​​ណា​មួយ​ដល់​កូន​ខ្មែរ​​ជំនាន់​ក្រោយ​​នេះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​​លោក​​​អំពាវ​នាវ​​ដល់​កូន​ខ្មែរ​​គ្រប់​រូប​ឱ្យ​​ខិត​ខំ​រៀន​សូត្រ​ ជា​ពិសេស​​សិក្សា​ភាសា​អង់​គ្លេស​ឱ្យ​បាន​ស្ទាត់​ដើម្បី​​ការងារ​ ហើយ​ខិត​ខំ​បង្កើត​​ស្នា​ដៃ​ណា​មួយ​របស់​ខ្លួន​ឱ្យបាន​ល្អ ដើម្បី​បង្ហាញ​អន្តរ​ជាតិ​ឱ្យ​បាន​ស្គាល់​ពី​ទេព​​កោសល្យ​របស់​ខ្មែរ ។

​បុរស​ដែល​មាន​ជីវិត​រសាត់​អណ្តែត​រូប​នេះ មាន​បំណង​​ធ្វើ​អ្វី​មួយ​ដើម្បី​ឱ្យ​បរទេស​​បាន​ស្គាល់​ពី​ភាព​រីក​ចម្រើន​របស់​ខ្មែរ​​​ មិន​មែន​ឱ្យ​គេ​ស្គាល់​ខ្មែរ​ ត្រឹម​តែ​ស្នាក​ស្នាម​សល់​ពី​សម័យ​សង្គ្រាម​​​ឡើយ ខណៈ​ពេល​ដែល​កម្ពុជា​​បាន​ និង​កំពុង​អភិ​វឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នោះ ៕