តើអ្នកចង់ប្តូរពីធ្វើការឲ្យអ្នកដទៃទៅជាធ្វើការឲ្យខ្លួនឯងវិញទេ ? វាជាក្តីសុបិនរបស់មនុស្សជាច្រើនជាពិសេសអ្នកដែលមិនចូលចិត្តនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ និងអ្នកដែលចង់ធ្វើជាចៅហ្វាយខ្លួនឯង ។ ប៉ុន្តែលោក Carlos Gil ដែលជាអ្នកនិពន្ធ និងទីប្រឹក្សាមួយរូបបានប្រាប់មកថា ប្រសិនបើអ្នកជាបុគ្គលិកមិនល្អនោះអ្នកក៏អាចជាសហគ្រិនមិនល្អមួយរូបដែរ ព្រោះតែមូលហេតុខាងក្រោមនេះ ៖
១. អ្នកតែងតែមានអ្នកគ្រប់គ្រងពីលើ ៖ ពេលដែលអ្នកក្លាយជាសហគ្រិនមួយរូបហើយ អ្នកមិនត្រឹមតែធ្វើការឲ្យខ្លួនឯងទេ ។ អ្នកក៏មានអ្នកគ្រប់គ្រង ឬចៅហ្វាយជាច្រើនទៀតដែរដូចជា អតិថិជនរបស់អ្នកដៃគូសហការ ឬក្រុមហ៊ុនដទៃជាដើម ។ ប្រសិនបើអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ទេនោះពួកគេអាចជ្រើសរើសឈប់ធ្វើការជាមួយអ្នក ឬគាំទ្រអាជីវកម្មរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកមិនមានទម្លាប់បំពេញការងារដែលចៅហ្វាយដាក់ឲ្យទេនោះអ្នកអាចនឹងជួបបញ្ហាច្រើនពេលដែលក្លាយជាសហគ្រិន ជាពិសេសនៅពេលដែលអ្នកទើបតែចាប់ផ្តើមដំបូង ។
២. ពិភពអាជីវកម្មមិនផ្លាស់ប្តូរសម្របតាមពេលវេលាអ្នកទេ ៖ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនព្រោះមិនចង់អង្គុយធ្វើការពីម៉ោង៨ដល់៥ល្ងាចនោះ អ្នកគួរដឹងថា ម៉ោងធ្វើការប្រហែលជាមិនផ្លាស់ប្តូរច្រើនទេ ពេលអ្នកក្លាយជាសហគ្រិនព្រោះអាជីវកម្មដទៃក៏មានម៉ោងធ្វើការស្រដៀងគ្នាដែរ ។ លើសពីនេះទៀតនោះ ប្រសិនបើអតិថិជនរបស់អ្នកហៅជួបនៅម៉ោងណា អ្នកក៏ត្រូវសម្របតាមការណាត់ដែរ ប្រសិនបើអ្នកមិនចង់បាត់បង់ភ្ញៀវ ។
៣. រង្វាន់លើកទឹកចិត្ត ៖ ចំណុចវិជ្ជមានមួយដែលបានពីការធ្វើជាសហគ្រិន គឺភាពសប្បាយរីករាយពេលដែលអតិថិជនរបស់អ្នកពេញចិត្តនិងទំនិញ ឬសេវាកម្មដែលអ្នកផ្គត់ផ្គង់ ។ ដូច្នេះវាប្រៀបបានជាកត្តាជំរុញមួយដែលធ្វើឲ្យសហគ្រិនខិតខំបន្ថែមឡើង ។ ប៉ុន្តែ ដើម្បីទៅដល់ចំណុចនេះអ្នកត្រូវមានទម្លាប់ធ្វើការល្អ ជំនាញដែលត្រឹមត្រូវ និងស្គាល់មនុស្សច្រើនដែលគាំទ្រ និងជួយអ្នកពេលដែលមានបញ្ហា ។ ដូច្នេះមិនថា អ្នកជាអ្នកឆុងកាហ្វេ ឬមេធាវីឡើយ អ្នកគួរតែមើលឃើញការងាររបស់អ្នកជាការហ្វឹកហាត់ដែលផ្តល់ប្រាក់បៀវត្ស ដើម្បីសន្សំបទពិសោធន៍សម្រាប់ក្តីសុបិនក្នុងការក្លាយជាសហគ្រិន ។
អ្នកគួរតែសាកល្បងកិច្ចការដែលអ្នកមិនធ្លាប់ធ្វើពីមុនមករៀនសូត្រពីអ្នកដែលមានបទពិសោធន៍ច្រើន និងបង្កើតទំនាក់ទំនងល្អៗជាមួយអ្នកដទៃ ព្រោះអ្នកមិនដឹងឡើយថា អ្នកនឹងត្រូវការនរណាសម្រាប់អាជីវកម្មនាថ្ងៃមុខ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ