រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសចិនបានអះអាងថា រដ្ឋាភិបាលចិនចង់បើកអគ្គកុងស៊ុលចិន នៅក្នុងខេត្តព្រះសីហនុ ហើយអរគុណកម្ពុជាដែលបានបិទល្បែងអនឡាយ ដែលបញ្ហានេះមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីឡើយ ។ ការបញ្ជាក់របស់ភាគីចិននេះ ខណៈលោក ឆួយ អៃមីន CUI AIMIN អគ្គនាយកនៃនាយកដ្ឋានកុងស៊ុលក្រសួងការបរទេសចិន ក្នុងជំនួបពិភាក្សការងារជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១១ ខែកញ្ញានេះ ។ នេះបើយោងតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងជំនួបលោក ឆួយ អៃមីន CUI AIMIN អគ្គនាយកនៃនាយកដ្ឋានកុងស៊ុលក្រសួងការ បរទេសចិនបានលើកឡើងថា គោលបំណងរបស់គណប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវជនជាតិចិននៅខេត្តព្រះសីហនុ ពិសេសការចង់បើកស្ថានកុងស៊ុលចិននៅខេត្តព្រះសីហនុ ។ លោកបន្តថា មានប្រទេសមួយចំនួនបានបើករួចមកហើយ នៅខេត្តព្រះសីហនុតាមរយៈកិច្ចប្រតិបត្តិការជំរុញការលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចកិច្ចធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានលក្ខណៈល្អប្រសើរ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុដែលបានជួយដោះស្រាយបញ្ហាជនជាតិចិនកន្លងមក ជាពិសេសការបិទល្បែងអនឡាញមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ហើយសកម្មភាពបិទល្បែងអនឡាញនេះមិនប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះទេ ។
លោកបានបញ្ជាក់ថា នៅពេលអនាគតខេត្តព្រះសីហនុនឹងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ី ។ ចំណែកលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្វាគមន៍ប្រតិភូក្រសួងការបរទេសចិនមកធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងបន្តមកក្រុងព្រះសីហនុ ដែលមានអ្នកវិនិយោគចិនវិនិយោគលើវិស័យជាច្រើនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ហើយសកម្មភាពនេះរួមចំណែកដោះស្រាយការងារជូនយុវជនកម្ពុជាជាង៩ម៉ឺននាក់ ។
លោកអភិបាលខេត្តថា នៅក្រុងព្រះសីហនុមានប្រជាពលរដ្ឋចិន៥០ភាគរយ និងកម្ពុជា ៥០ភាគរយ ម្យ៉ាងទៀតលំហូរអ្នកវិនិយោគគិនចិន និងទេសចរណ៍ចិនយ៉ាងកំហុកមកកាន់ខេត្តព្រះសីហនុធ្វើឱ្យខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ។ លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យបញ្ឈប់បិទល្បែងភ្នាល់តាមអនឡាញបញ្ចប់ នៅចុងឆ្នាំ២០១៩ ព្រោះវិស័យ online មិនមែនប្រកបដោយចីរភាពនោះទេយើងមានវិស័យជាច្រើនទៀតមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដឹកជញ្ជូន សំណង់ជាផ្នែកមួយក្នុងការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្ត ក៏បានសំណូមពរឱ្យក្រសួងការបរទេសចិនជួយជំរុញនិងការវិនិយោគលើវិស័យសុខាភិបាលសម្រាប់ខេត្តព្រះសីហនុព្រោះបច្ចុប្បន្ននៅពេលឈឺប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនចិនតែងតែចេញទៅក្រៅប្រទេសព្យាបាលជំងឺ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ