Land Rover Defender ផ្លាស់​មុខមាត់​ថ្មី​ទាំងស្រុង​សម្រាប់​ឆ្នាំ​២០២០


ក្នុង​នាម​ជា​អ្នក​ស្នង​តំណែង​របស់​រថយន្ត Land Rover Defender សេ​រ៊ី​ចាស់ Defender សេ​រ៊ី​ឆ្នាំ​២០២០ មានការ​ផ្លាស់​ប្តូរ​ប្លែក ដែល​ខុស​ពី​ម៉ូ​ដែល​មុន​ស្ទើរតែ​ទាំងស្រុង​។ ក្រោយ​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជា​ច្រើន​ដំណាក់កាល និង ការ​បើកបរ​សាកល្បង​លើ​គ្រប់​ស្ថានភាព​ផ្លូវ រថយន្ត​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ឱ្យ​ឃើញ​ជា​ផ្លូវការ​។

រូបរាង​ខាងក្រៅ​របស់ Defender សេ​រ៊ី​ថ្មី​នេះ នៅ​រក្សា​រាង​ជា​លក្ខណៈ​ប្រអប់​ជ្រុង​ៗ និង សំប៉ែត​ៗ​។ ក្រៅពី​នេះ វា​មានការ​ផ្លាស់​ប្តូរ​ច្រើន ដូច​ជា​កញ្ចក់​បង្អួច​ជាប់​ទៅ​ជាមួយនឹង​ដំបូល និង ភ្លើង LED ទំនើប​ស្អាត បែប​ទាន់សម័យ​។ វា​នៅ​មាន​កង់​សា​គួរ​ខាងក្រោយ​ជាប់​ទៅ​នឹង​រថយន្ត ដូច​ម៉ូ​ដែល​មុន​ដែរ តែ​វា​មើលទៅ​គួរ​ជាទី​គាប់​ភ្នែក​ជាង​។

លោក Gerry McGovern ប្រធាន​ផ្នែក​ឌី​ហ្សា​ញ​នៅ Land Rover មាន​ប្រសាសន៍​ថា​៖ “​យើង​បាន​បង្កើត​រថយន្ត Defender ថ្មី​មួយ​ដែល​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ជាមួយនឹង​ការ​ឌី​ហ្សា​ញ​ដែល​យក​ម៉ូត​តាម​ម៉ូ​ដែល​មុន តែ​កែ​ច្នៃ​ជា​លក្ខណៈ​ទំនើប​សម័យ​បច្ចុប្បន្ន​។​”

យោង​តាម Land Rover ស្ថាបត្យកម្ម D7x ថ្មី​របស់​ឆ្នាំ​២០២០ គឺ​ថ្មី​៩៥% ជាមួយនឹង​ការ​ផលិត​ឡើង​ពី​អាលុយមីញ៉ូម ដែល​មាន​ទម្ងន់​ស្រាល និង មា​នភា​បរឹង​មាំ​ជាង​លោហៈ​ធម្មតា​។ បើ​ធៀប​ទៅ​នឹង​ម៉ូ​ដែល​ជំនាន់​មុន រថយន្ត​នេះ​មាន​ភាពរឹងមាំ​ជាង​ដល់​ទៅ​៣​ដង ​។ បាត​ក្រោម​របស់​រថយន្ត​មាន​កម្ពស់​ខ្ពស់​ដល់​ទៅ​១១.៥​អ៊ី​ញ ដែល​អាច​ឱ្យ​រថយន្ត​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។ វា​ក៏​អាច​សណ្តោង​របស់​នៅ​ពីក្រោយ​ដល់​ទៅ​៨២០១​ផោន បាន​ផង​ដែរ​។ ក្រៅពី​នេះ វា​ក៏​អាច​បើក​កាត់ទឹក​ជ្រៅ ដោយ​គ្មាន​បញ្ហា​ជាមួយនឹង​បច្ចេកវិទ្យា Terrain Response 2​។

ផ្នែក​ខាងក្នុង​មាន​លក្ខណៈ​ទំនើប​ជាង Defender ម៉ូ​ដែល​មុន ដែល​មាន​មក​ជាមួយ​នូវ​អេ​ក្រង់​បញ្ជា​ដោយ​ប៉ះ​ទំហំ​១០​អ៊ី​ញ​នៅ​ចំ​កណ្តាល់ បន្ទះ​សាក​ថ្ម​ទូរស័ព្ទ​ដោយ​គ្មាន​ខ្សែ Apple CarPlay និង Android Auto​។ តម្លៃ​របស់​វា​នឹង​ចាប់ផ្តើម​ពី ៤៩៩០០​ដុល្លារ មិន​ទាន់​គិត​ពន្ធ​នាំ​ចូល​ ៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ