ខេត្ដកំពង់ចាម ៖ អតីតពលករខ្មែរម្នាក់បម្រើការងារនៅប្រទេសកូរ៉េខាងត្បូងឈ្មោះ សេង សុធា អាយុ ៣៥ឆ្នាំ បានបង្កហិង្សាដោយកាប់ស្រ្ដីជាប្រពន្ធឈ្មោះ ថន សុខគាង អាយុ ៣២ឆ្នាំ ចំក្បាលចំនួន៤កាំបិតខ្វែវ និងដៃឆ្វេង២កាំបិតបាក់កដៃ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ខណៈពេលប្រពន្ធកំពុងរាប់លុយនៅលើផ្ទះ ។ ការកាប់ប្រហារយ៉ាងសាហាវនេះត្រូវបានគេដឹងថា ដោយសារតែកើតចេញពីភ្លើងប្រចណ្ឌ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ មីនា នៅក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ។ តាមប្រភពព័ត៌មានថា ក្រោយពីកាប់ប្រហារប្រពន្ធហើយនោះ បុរសជាប្ដីបានចុះទៅជាន់ក្រោមរួចចាក់សាំងអស់២ប៊ីដុងស្មើនឹង៦០លីត្រ បង្ហូរលើកម្រាលឥដ្ឋ និងបើកចង្ក្រានហ្គាសក្នុងចេតនាប៉ងធ្វើអត្ដឃាតតាមក្រោយ រួមជាមួយនឹងកូនស្រីតូចម្នាក់អាយុ ៩ឆ្នាំ តែសំណាងល្អរកដែកកេះមិនឃើញ ក៏មានការភ្ញាក់ផ្អើលពេញភូមិ ។ ភ្លាមនោះ ប្ដីចិត្ដអប្រិយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ទាំងយប់ ។ បុរសចំណាស់ឈ្មោះ ប៉ាន់ ផល អាយុ ៦៦ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្រ្ដីរងគ្រោះរៀបរាប់ថា កូនស្រីគាត់ឈ្មោះ ថន សុខគាង បានរៀបការតាមប្រពៃណីជាមួយឈ្មោះ សេង សុធា នៅភូមិចុងខ្ញូង ឃុំមហាខ្ញូង នេះអស់រយៈពេល១០ឆ្នាំមកហើយ រហូតមកដល់សព្វថ្ងៃនេះ ថែមទាំងមានកូនស្រីម្នាក់ឈ្មោះ សេង វួចលាង បច្ចុប្បន្ន អាយុ៩ឆ្នាំ រៀននៅថ្នាក់ទី៤«ខ» សាលាបឋមសិក្សាខ្ញូង ។
ដោយសារតែជីវភាពជួបការលំបាក កូនប្រសាប្រុសឈ្មោះ សុធា បានដាក់ពាក្យប្រលងទៅធ្វើការនៅប្រទេសកូរ៉េ និងបានប្រលងជាប់ទៅធ្វើការអស់រយៈពេល៣ឆ្នាំ ។ ការទៅធ្វើការនោះមិនសល់លុយប៉ុន្មានទេ និងបានត្រឡប់មកស្រុកកំណើតវិញ ក្រោយមកក៏ទៅម្ដងទៀតអស់រយៈពេល២ឆ្នាំ បានសល់លុយធ្វើផ្ទះមួយខ្នងឈើលើខាងក្រោមថ្ម ព្រមទាំងបានប្រពន្ធពង្រីកមុខរបរលក់គ្រឿងទេសគ្រាន់បានប្រាក់ដោះស្រាយជីវភាព ។ គាត់រៀបរាប់ទៀតថា ជាមួយនេះកូនប្រសាប្រុសតែងតែនិយាយតាមទូរស័ព្ទពីប្រទេសកូរ៉េ ចោទប្រកាន់ប្រពន្ធថាមានប្រុសទៀតផង ។ បុរសជាឪពុកបន្ដថា កូនប្រសាប្រុសនេះមកផ្ទះវិញ ទើបតែបានប្រហែលជាង៣ខែប៉ុណ្ណោះ ក៏ផ្ទុះហិង្សានឹកស្មានមិនដល់ ដោយគាត់អះអាងថា កើតចេញពីភ្លើងប្រចណ្ឌ ។ ចំណែកកុមារី សេង វួចលាង ប្រាប់ឱ្យដឹងថា ក្នុងពេលម្ដាយកំពុងអង្គុយរាប់លុយនៅលើផ្ទះនាយប់ថ្ងៃទី១៧ មីនានោះ ស្រាប់តែឃើញឪពុកកាន់កាំបិតខ្វែវក្នុងដៃ មកចាប់ម្ដាយនិងមានការប្រវាយប្រតប់គ្នាទៅវិញទៅមក ដែលឃើញបែបនេះនាងក៏រត់ចុះទៅជាន់ក្រោមតាមជណ្ដើរក្នុងផ្ទះទៅសំងំពួននៅកន្លែងដាក់លក់ខ្សែគោ ។
ពេលកាប់ម្ដាយស្លាប់ហើយ ឪពុកនាងបានចុះមកជាន់ក្រោមដោយយកប៊ីដុងសាំង២មកចាក់សាំងបង្ហូរទៅលើកម្រាលឥដ្ឋក្នុងផ្ទះ បន្ទាប់មកបានទៅបើកធុងហ្គាស ឱ្យភាយឧស្ម័នមកក្រៅធុំក្លិនឆួល រួចដើររកដែកកេះក្នុងគោលបំណងដុតទាំងខ្លួន និងផ្ទះបំផ្លាញចោលទៀត តែរកមិនឃើញ ។ ក្នុងពេលនោះរូបនាងបានស្ទុះចេញមកអង្វរឪពុកកុំឱ្យធ្វើបែបនេះ ហើយប្រញាប់ឡើងមកជាន់លើវិញបើកទ្វារខាងមុខហៅឱ្យបងប្អូនមកមើលម្តាយ តែម្ដាយនាងបានស្លាប់ទៅហើយ រីឯឪពុកនាងបើកទ្វារក្រោមចេញទៅមុខផ្ទះ ។ លោក ដែក សាន់ នាយរងបុ៉ស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និយាយថា តាមប្រភពព័ត៌មានថា នៅល្ងាចថ្ងៃទី ១៧ មីនានោះបុរសជាប្តីបានឌុបប្រេងយកទៅលក់ឱ្យបងថ្លៃឈ្មោះ ឃាង លុះពេលមកផ្ទះវិញ ក៏បានទាញទ្វាររបងបិទ ហើយដើរចេញទៅផ្ទះអ្នកភូមិក្បែរគ្នាបាត់ទៅ ។ រហូតដល់ម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលពេលមកផ្ទះវិញ បុរសជាប្តីបានពន្លត់ម៉ាស៊ីនភ្លើងតូចដែលសម្រាប់បំភ្លឺផ្ទះ តែនៅលើផ្ទះមានចាប់អាគុយសម្រាប់បំភ្លឺជំនួស រួចចេញទៅក្រៅម្តងទៀត ។ លុះដល់ម៉ោងជាង៨យប់ត្រឡប់មកវិញត្រូវស្ត្រីប្រពន្ធស្តីបន្ទោសរឿងដើរទៅផ្ទះគេ ថែមទាំងជេរប្តីដោយពាក្យអសុរោះផងដែរ ។ ក្នុងពេលនោះមានការឈ្លោះប្រកែកគ្នាទៅវិញទៅមក ប្តីបានចុះទៅជាន់ក្រោមយកកាំបិតមកកាប់ប្រហារចំនួន៦កាំបិតខ្វែវបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់បំផុត និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង ។
បុរសជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅមុខផ្ទះពេលដេកនៅលើផ្លូវលំ ហាក់ដូចជាសតិមានវិបល្លាសទៅហើយ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ទាំងយប់ដើម្បីសួរនាំ ។ លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិនឱ្យដឹងថា នៅពេលសាកសួរបុរសជាប្តីដែលក្លាយជាឃាតករនេះឆ្លើយថា មូលហេតុដែលកាប់ប្រហារប្រពន្ធមកពីរូបគេស្រវឹង និងត្រូវប្រពន្ធស្តីបន្ទោស រួមផ្សំជាមួយនឹងគំនុំកាលពី២ខែមុនដែលប្រពន្ធបានចុះចោលខ្លួនជាប្តីបាត់រហូតដល់ទៅ១០ថ្ងៃ លួចមានប្រុសថ្មី ទើបស្រាយកំហឹងដូច្នេះតែម្តង ។
សូមបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ប្តីកាប់ប្រហារប្រពន្ធនេះកើតឡើង អ្នកភូមិបាននិយាយពីមាត់មួយទៅមាត់មួយថា កើតចេញមកពីប្រពន្ធលួចមានសហាយក្នុងពេលដែលប្តីទៅបម្រើការងារនៅប្រទេសកូរ៉េ ។ ជាក់ស្តែង ក្នុងពេលប្តីត្រឡប់មកវិញ ប្រពន្ធបានចុះចោលប្តីបាត់ជាច្រើនថ្ងៃទៀត ហើយប្តីបានសុំលែង តែបងប្អូនសុំឱ្យជានានឹងគ្នាវិញ និងមិនបានបុ៉ន្មានផងក៏កើតរឿងបែបនេះ ៕
ចែករំលែកព័តមាននេះ