ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​និទាន ​«​ជ្រូក​បានជា​ឈ្មោះ​ឆ្នាំកុរ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

«​ជ្រូក​បានជា​ឈ្មោះ​ឆ្នាំកុរ​» ជា​រឿងព្រេង​និទាន​ដ៏​ជក់ចិត្ត​មួយ​ក្នុង​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ ។ រឿង​នេះ​ដើម​ឡើយ​មាន​សេចក្ដី​និទាន ៖ មាន​សេចក្ដី​កុដុម្ពី​ម្នាក់​មានសម្បត្តិ​ទ្រព្យ​ស្ដុកស្ដម្ភ ហើយ​មានកូន​មួយ តែ​អកុសល​កូន​នោះ​កើត​មក មានខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក ។​…

«​ជ្រូក​បានជា​ឈ្មោះ​ឆ្នាំកុរ​» ជា​រឿងព្រេង​និទាន​ដ៏​ជក់ចិត្ត​មួយ​ក្នុង​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ ។ រឿង​នេះ​ដើម​ឡើយ​មាន​សេចក្ដី​និទាន ៖ មាន​សេចក្ដី​កុដុម្ពី​ម្នាក់​មានសម្បត្តិ​ទ្រព្យ​ស្ដុកស្ដម្ភ ហើយ​មានកូន​មួយ តែ​អកុសល​កូន​នោះ​កើត​មក មានខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក ។​ ឪពុក​ម្ដាយ​អន់ចិត្ត​ពន់ពេក ព្រោះ​កូន​មាន​ភាព​ជា​សត្វ កូន​នោះ​ឆាប់​ចេះ​ដើរ ចេះ​និយាយ​ភាសា​មនុស្ស ឧស្សាហ៍​ព្យាយាម មិន​មាន​ខ្ជិល ហើយ​មាន​ប្រាជ្ញា​ឈ្លាសវៃ ។ លុះ​ខ្លួន​កាន់តែ​ធំ ចេះ​ជួយ​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ឪពុក​ម្ដាយ ប្រើ​ការ ផ្សេង​ៗ ធ្វើ​បានការ​សព្វគ្រប់ ។

ចំណែក​វត្ថុ​ស្ងាត់កំបាំង ដែល​មាននៅ​ក្នុង​ខ្លួន​ជ្រូក​នេះ ឪពុក​ម្ដាយ​ពុំ​បានដឹង​សោះ ។ តាម​ពិត​ជ្រូក​មាន​ធ្នូ​ព្រះ​ខ័ន ជា​របស់​ទិព្វ​នៅ​ក្នុង​ខ្លួន​, លុះ​ជ្រូក​នេះ​មាន​វ័យ​កាន់តែ​ចម្រើន ធំ​ឡើង​ៗ​ឪពុក​ម្ដាយ​កាន់តែ​ពេញចិត្ត​អំពី​ចរិយា ដឹង​ខុស​-​ត្រូវ ទាស់​តែ​រូប​ជា​ជ្រូក​ប៉ុណ្ណោះ ។ ស្រាប់តែ​វេលា​ថ្ងៃមួយ​ជ្រូក​នោះ​និយាយ​ទៅ​កាន់​មាតាបិតា​ថា​៖ សូម​ឲ្យ​គិតគូរ​រកប្រពន្ធ​ឲ្យ​ខ្លួន ។ ឪពុក​ម្ដាយ​ឮ​ហើយ ទាល់គំនិត​សម្ងំ​ដកដង្ហើម​ធំ​គ្រប់​គ្នា ហើយ​ឆ្លើយ​ថា ៖

-​កូន​អើយ ! ឲ្យ​ម្ដាយ​ឪពុក ទៅ​និយាយ​ស្ដី​កូន​អ្នក​ឯណា​គេ​ព្រម​ឲ្យ គេ​ព្រមយក បើ​កូន​ឯង​មាន​ភាព​ជា​សត្វ​ដូច្នេះ ។ សព្វថ្ងៃ​ឪពុក​ម្ដាយ មាន​តែ​កូន​ឯង​មួយ ជាទី​អាណិត​ស្រឡាញ់​ស្មើ​ជីវិត ឯ​សម្បត្តិ​ឥត​ទាល់ក្រ​ទេ យើង​មាន​ឥត​ខ្វះ តែ​ត្រង់​រឿង​ដែល​កូន​ឲ្យ​ឪពុក​ម្ដាយ​ទៅ​រក​ស្ដីដណ្ដឹង​កូន​គេ​នេះ ឪពុក​ម្ដាយ​ទាល់​ហើយ​ត្រង់​រឿង​ហ្នឹង មិន​ហ៊ាន​ទៅ​និយាយ​ស្ដី​កូន​គេ​ទេ ។ បើ​គេ​និយាយ​ថា​ម៉េច​ឲ្យ​មក​វិញ​ឯង​គ្មាន​ផ្លូវ​ដោះ​ការ​នេះ​ឪពុក​ម្ដាយ​ខ្មាស​គេ​ណាស់ ។ បើ​កូន​យក​ជ្រូក​ដូច​គ្នា​នោះ មិន​ពិបាក​ទេ ៖

ជ្រូក​ឆ្លើយ​ថា ៖ ប្រពន្ធ​ស្រី​ជ្រូក ខ្ញុំ​មិន​យក​ទេ យក​តែ​ប្រពន្ធ​ស្រី​មនុស្ស ! បើ​រក​មិន​បាន​ទេ ខ្ញុំ​សុំ​ដើរ​រកប្រពន្ធ​ខ្លួនឯង​ហើយ ! មិនយូរ​ប៉ុន្មាន​ស្រាប់តែ​ជ្រូក​នោះ ឥត​ប្រាប់​អ្វី​ទៀត​ទេ ក៏​ដើរទៅ​បាត់​ពី​ផ្ទះ ។ កុដុម្ពី​ប្ដី​ប្រពន្ធ​ស្វែងរក​សព្វទិសទី​មិនឃើញ​សោះ ក៏​កើតការ​ក្រៀមក្រំ​អាណិតកូន ។ ចំណែក​ជ្រូក​នោះ​វិញ មុន​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ ក៏​ឈរ​សម្លឹង​ឧទ្ទិស​ក្នុង​ចិត្ត​ថា ៖

-​បើ​គូ​ភរិយា​ពី​បុព្វេ​មាននៅ​ទិស​ណា សូម​ទេវតា​ជួយ​នាំ​ចិត្ត​ឲ្យ​ខ្ញុំ​ដើរទៅ​ត្រង់​ទិស​ទីនោះ ។ ហើយ​ក៏​ដើរ​ចេញ​ទៅ ដំណើរ​ចូល​ព្រៃ​ជា​ដរាប​អស់​ជា​ច្រើន​ថ្ងៃ ទើបបាន​ជួប​យាយ​ម្នាក់​ដើរ​ជីក​ដំឡូង​តែ​ម្នាក់ឯង​ក្នុង​ព្រៃ​ស្ងាត់ ជ្រូក​ឃើញ​ក៏​ដើរ​ចូល​ទៅ​ជិត​សួរ​ថា ៖

លោកយាយ​ដើរ​រក​អ្វី ? បាន ឬទេ ?
យាយ​ឮ​ពាក្យ​ជ្រូក​ចេះ​ស្រដី កើត​ចិត្ត​រីករាយ​អាណិត​ស្រលាញ់​ហើយ​គាត់​ឆ្លើយ​ថា ៖
យាយ​រក​ជីក​ដំឡូង តែ​ឥឡូវ​គ្មាន​បាន​ទេ !
ជ្រូក​សួរ​ទៀត​ថា ៖
យាយ​នៅ​ដល់​ណា តើ​លោកតា​គាត់​នៅទេ ហើយ​យាយ​មានកូន​ប៉ុន្មាន​នាក់ ?
យាយ​ឆ្លើយ​ប្រាប់​ជ្រូក​ថា ៖

ចៅ​អើយ ផ្ទះ​យាយ​នៅ​ឯនោះ តា​នោះ​គាត់​ស្លាប់​យូរ​មក​ហើយ យាយ​នៅ​មេម៉ាយ ជាមួយ​កូនស្រី​ពីរ​នាក់ គ្មាន​កូនប្រុស​ទេ ឥឡូវ​កូនស្រី​នេះ​ពេញក្រមុំ​អស់ហើយ ។ ជ្រូក​ឮ​យាយ​ប្រាប់​ថា​មានកូន​ក្រមុំ​ពីរ​នាក់ នៅ​ទំនេរ​ដូច្នេះ ជ្រូក​ក៏​និយាយ​ដំណើរ​ខ្លួន​ឲ្យ​យាយ​ស្ដាប់​សព្វគ្រប់ ហើយ​សុំ​ទៅ​នៅ​ជាមួយ​យាយ​ផង ។

យាយ​នឹក​ក្នុង​ចិត្ត​ថា ជ្រូក​នេះ​ចេះ​និយាយ​ដឹង​ខុស​ត្រូវ​សព្វ ចេះ​ភាសា​មនុស្ស​ពីរោះ​ល្អ​ស្ដាប់​ណាស់ ហើយ​ថា​ឪពុក​-​ម្ដាយ​វា​ជា​សេដ្ឋី​ផង បើ​ជ្រូក​វា​ស្រឡាញ់​កូន​អញ ហើយ​បើ​កូន​អញ​ព្រម អញ​គួរតែ​ផ្សំផ្គុំ​វា​ហើយ ។ ទើប​គាត់​ប្រាប់​ជ្រូក​វិញ​ថា ៖

ចៅ​ឯង​ជួយ​រក​ដំឡូង​បន្តិច​ទៅ ។ ជ្រូក​ចូល​ព្រៃ​ភ្លាម ស្វែងរក​ដំឡូង ។ មិនយូរ​ប៉ុន្មាន​ជ្រូក​ឈ្មុស​ដី បាន​មើមដំឡូង​គរ​ជា​ច្រើន​គំនរ យាយ​ចេះ​តែ​តាម​រើស​ដាក់​កញ្ជើ មាន​ទាំង​ដំឡូង​ខ្មុ​ង អាខ្យាត អ​ខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀន​គ្រប់មុខ យាយ​ពេញចិត្ត​នឹង​ចៅ​ជ្រូក​ឥត​ឧបមា ព្រោះ​ឆ្លាត​ប៉ិន​ប្រសប់​រក​ដំឡូង​ពេញ​កញ្ជើ​ទាំង​ពីរ ។ ជ្រូក​បង្គាប់​យាយ​ឲ្យ​លើក​កញ្ជើ​ដំឡូង​ដាក់​លើ​ខ្នង ហើយ​ដើរទៅ​តាម​យាយ លុះត្រា​ទៅ​ដល់​ផ្ទះ ។

ឯ​កូនក្រមុំ​ទាំង​ពីរ​នាក់​បានឃើញ​ម្ដា​យមក​ពី​ព្រៃ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល ។ យាយ​ក៏​បង្ហាញ​ឲ្យ​ជ្រូក​ស្គាល់​កូន​ទាំង​ពីរ រួច​លើក​កញ្ជើ​ដំឡូង​ដាក់ចុះ​ពីលើ​ខ្នង​ជ្រូក ឯ​កូន​ទៅ​ជិត​ម្ដាយ​ក៏​ខ្សឹប​សួរ​ថា៖

ជ្រូក​ហ្នឹង​មកពីណា ចេះ​និយាយ​ផង ? ។ ម្ដាយ​ក៏​បាន​ប្រាប់​សព្វគ្រប់ ។ លុះ​នៅ​បន្តិច​ទៅ​នោះ កូនស្រី​យាយ​នេះ និង​ចៅ​ជ្រូក​ក៏​ដឹងចិត្ត​គ្នា​ស្និទ្ធស្នាល​ពេល​ទៅ​រក​ដំឡូង​ក៏​ទៅ​ជាមួយ​គ្នា ។ យាយ​ម្ដាយ​ដឹង​ថា​កូន​គាត់ និង​ចៅ​ជ្រូក ស្គាល់គ្នា​ជិត​ស្និទ្ធ ហើយ​ក៏​ផ្ដើម​សួរ​ចិត្ត​កូន ។ សួរ​ទៅ​នាង​បង នាង​ប្រកែក លុះ​សួរ​ទៅ​នាង​ប្អូន នាង​ឆ្លើយ​ថា ៖

ស្រេច​តែ​ម៉ែ ម៉ែ​ឲ្យ​ខ្ញុំ​ទៅ​នរណា ខ្ញុំ​ចេះ​តែ​តាម ។
យាយ​បានដឹង​ពាក្យ​នេះ ត្រេកអរ​ណាស់ ហើយ​ក៏​ឲ្យ​ដំណឹង​ទៅ​ចៅ​ជ្រូក​ដឹង​ពី​រឿង​នេះ ជ្រូក​ត្រេកអរ​ពន់ពេក ហើយ​ក៏​រួបរួម​ផ្សំផ្គុំ​កូនពៅ​ឲ្យ​ទៅ​ជា​គូ​ជាមួយ​ចៅ​ជ្រូក តាម​ប្រពៃណី​ស្រុក​សព្វគ្រប់ ។

យាយ​ក៏​ចាត់ចែង​ឲ្យ​បានជា​លំនៅ​ឋាន​ឲ្យ​កូន​នៅ​ដោយ​ខ្លួន​ជា​ដរាប​ទៅ ។ បាន​ប្រមាណ​ជា​កន្លះ​ខែ នៅ​ស្រុក​និគម​នោះ មាន​លេចឮ​ថា នឹង​មាន​ពួក​ភ្លេង របាំ គេ​នឹង​មក​លេង​នៅ​ជិត​នោះ អ្នក​ភូមិ​ជិតខាង​ទាំងចាស់ទាំងក្មេង ក៏​ស្រើបស្រាល​នាំ​គ្នា​ស្រស់ស្រូប​បាយ​ពេល​ព្រលប់ រួច​នាំ​គ្នា​ទៅ​មើល​ជា​ច្រើន​ឈូឆរ ។ នាង​ពៅ​ប្រពន្ធ​ចៅ​ជ្រូក ក៏​ចង់ទៅ​មើល​នឹង​គេ​ដែរ ក៏​បបួល​ចៅ​ជ្រូក​ជា​ប្ដី​ឲ្យ​ទៅ​ផង តែ​ជ្រូក​ថា «​ឲ្យ​ប្អូន​ឯង​ទៅ​មើលចុះ បង​នៅ​ចាំផ្ទះ​» ។

នាង​បាន​អនុញ្ញាត​ពី​ស្វាមី​ហើយ ក៏​ទៅ​ជាមួយនឹង​គេ ឯ​ចៅ​ជ្រូក​នេះ​វិញ​ដឹង​ថា​នាង​ភរិយា​ចេញ​ទៅ​ឆ្ងាយ​ហើយ ក៏​ទម្លាយ​ស្រោម​ចេញ​ទៅ​មើល​ដែរ ហើយ​ស្រូតរូត​ឲ្យ​លឿន​ទៅ​ដល់ទី​នោះ​មុន​នាង​ពៅ ។

ដល់​ហើយ​ក៏​ចូល​ទៅ​លេងភ្លេង​ជាមួយ​គេ ចេះ​បទ​បែប​ភ្លេង​យ៉ាង​ជំនាញ ដូច​ពួក​ភ្លេង​នោះ​ដែរ ។ លុះ​អស់​ពេល​ហើយ ដឹង​ថា​ពួក​អ្នកស្រុក និង​នាង​ពៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ឈប់​ភ្លាម ហើយ​ប្រញាប់​ភៀសខ្លួន​រូត​ដំណើរ​ទៅ​ឲ្យ​ដល់​ផ្ទះ​មុន​ប្រពន្ធ ហើយ​ចូល​ទៅ​ក្នុង​ស្រោម​ជ្រូក​វិញ​ដូច​ដើម។

លុះ​នាង​ពៅ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ ចៅ​ជ្រូក​ចាប់​សួរ​ទៅ​ភរិយា​ថា « អូន​ទៅ​មើល​របាំ​គេ​នោះ​ល្អមើល​ទេ គេ​លេង​ដូច​ម្ដេច​ខ្លះ ? » ។ នាង​ពៅ​ក៏​រ៉ាយរ៉ាប់​ប្រាប់​សព្វគ្រប់ ហើយ​នាង​ប្រាប់​ថា « មាន​អ្នកលេង​ភ្លេង​ម្នាក់​រូបរាង​ស្អាត​ល្អ​ណាស់ ច្រៀង​ក៏​ពីរោះ ហើយ​ចេះ​រាំ​ចាក់​ក្បាច់​ក៏​សម អ្នក​មើល​គេ​ចាប់ចិត្ត​លើ​បុរស​នោះ​គ្រប់​គ្នា »​។

ជ្រូក​សួរ​បញ្ជាក់​ថា « អ្នក​នោះ​ស្លៀកសំពត់​ខៀវ ពាក់អាវ​ក្រហម​មែន ឬទេ ? » ។ ប្រពន្ធ​ឆ្លើយ​ថា​« ហ្នឹងហើយ ហេតុ​ម៉េច​បានជា​បង​ដឹង ឬ ទៅ​មើល​នឹង​គេ​ដែរ ឬ »​? ចៅ​ជ្រូក​នៅ​ស្ងៀម​មិន​ចេញ​ស្ដី។

តាម​ពិត​ចៅ​ជ្រូក និង​នាង​ពៅ ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ត្រឹមតែ​សម្ដី​នឹង​សម្ដី​ប៉ុណ្ណោះ​ទេ ឯ​ខ្លួន​ប្រាណ​ពុំដែល​បាន​ប៉ះ​គ្នា​ឡើយ ។ លុះដល់​ល្ងាច​មួយទៀត​អ្នកស្រុក​ផ្អើល​អ៊ូអរ​ទៅ​មើល​ភ្លេង​របាំ​នោះ​ទៀត នាង​ភរិយា​ចៅ​ជ្រូក ក៏​សុំ​ប្ដី​ទៅ​មើល​ទៀត ចៅ​ជ្រូក​អនុញ្ញាត​ឥត​ថា​អ្វី​ឡើយ រួច​ក្រោយ​មក ខ្លួនឯង​ក៏​លួច​ចេញពី​ស្រោម ហើយ​ទៅ​ចូលរួម​ក្នុង​វង់​របាំ​នោះ ដូច​កាលពី​យប់​មុន​ទៀត ។ កាលណា​ដល់​ពេល​ឈប់​ភ្លាម ចៅ​ជ្រូក​ម្នីម្នា​ចូល​ស្រោម​ខ្លួន​វិញ ឲ្យ​ទាន់​មុន​ប្រពន្ធ​មក​ដល់​ផ្ទះ ។ លុះ​ប្រពន្ធ​មក​ដល់​ក៏​សួរ​ប្រពន្ធ​ទៀត​ថា ៖

ម៉េច អូន​មើល​ល្ងាច​នេះ ល្អមើល​ទៀត​ទេ ?
នាង​ភរិយា​តប​ថា ៖
ថ្ងៃនេះ​ល្អ​ប្លែក​ពី​ថ្ងៃមុន​ទៅ​ទៀត ។
ចៅ​ជ្រូក​សើច រួច​តប​បែប​ដូច​ព្រងើយ​ទៅ​វិញ​ថា ៖
អ្នក​ដែល​លេង​ល្អ​ជាងគេ​នោះ គឺ​បុរស​ស្លៀកសំពត់​ខៀវ ពាក់អាវ​ស មែន​ទេ ?
នាង​នោះ​ឆ្ងល់​ណាស់ ក៏​សួរ​ទៅ​ប្ដី​ថា ៖

ចុះ​ម៉េច​ក៏​បង​ដឹង ខ្ញុំ​ឆ្ងល់​ណាស់ ?
ពេល​ល្ងាច​ថ្ងៃ​ទី​៣ នាង​ពៅ​សុំ​ស្វាមី​ទៅ​មើល​ទៀត ស្វាមី​ក៏​អនុញ្ញាត​ដូច​ពី​យប់​មុន ។ ក្រោយ​ដែល​ដឹង​ថា​ប្រពន្ធ​ទៅ​ផុត​ហើយ ចៅ​ជ្រូក​ក៏​ប្រញាប់​ចេញពី​ស្រោម ប្រុងនឹងទៅ​លេងភ្លេង​ជាមួយ​គេ​ទៀត ។

ចំណែក​នាង​ភរិយា នាង​មិន​ទៅ​រហូត​ទេ ព្រោះ​នៅ​សង្ស័យ​ចំពោះ​ប្ដី​នេះ​ណាស់ នាង​ទៅ​បាន​តែ​បន្តិច ក៏​វិល​មក​លប​ចាំ​ឃ្លាំមើល​ប្ដី ស្រាប់តែ​ឃើញ​ប្ដី​ចេញពី​ស្រោម ហើយ​មាន​រូបឆោម​ល្អ​ប្រិម​ប្រិយ គឺជា​រូប​បុរស​លេង​របាំ​ដែល​នាង​សរសើរ​ថា​ល្អ​នោះ​។

នាង​ស្ទុះ​ប្រញាប់​ទៅ​ចាប់​ឃាត់​ប្ដី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ។ ប្ដី​ក៏​សុខចិត្ត​តាម​ពាក្យ​អង្វរ​របស់​ភរិយា តែ​សុំ​ឲ្យ​នាង​នោះ​រក្សា​ទុក​ស្រោម​នោះ​ឲ្យ​បាន​ស្រួលបួល ។ នាង​ពៅ​យក​ស្រោម​នោះ ទៅ​ទុកដាក់​នៅ​កន្លែង​សមរម្យ​តាម​បង្គាប់​ប្ដី ហើយ​ក៏​នៅ​សុខសាន្ត​ជាមួយ​គ្នា​រៀង​រហូត​មក។

ពេល​មួយ​នៅ​ប្រទេស​នោះ​ឥត​មាន​ស្ដេច​, ពួក​សេនា​សេវកាមាត្យ ក៏​នាំ​គ្នា​ធ្វើ​ពិធី​ផ្សង​រក​អ្នក​ដ៏​មានបុណ្យ ដើម្បី​ឡើង​គ្រងរាជ្យ ។ តែ​ពេល​នោះ​រឿង​អស្ចារ្យ​របស់​ចៅ​ជ្រូក​ឮ​រន្ទឺ​សុសសាយ​ទៅ​គ្រប់​ទិស​ទី ពពួក​សេវកាមាត្យ​ក៏​បាន​ទៅ​អញ្ជើញ​បុរស​អស្ចារ្យ​នេះ ឲ្យ​ឡើង​គ្រងរាជ្យ គ្រប់គ្រង​ប្រទេស​តទៅ ។

លុះ​បាន​ឡើង​គ្រងរាជ្យ​ហើយ ប្រមាណ​ជា​កន្លះ​ខែ ព្រះ​ចៅ​ឡើង​គ្រងរាជ្យ​ថ្មី​នេះ នាំ​មហេសី​ទៅ​រក​ផ្ទះ​កុដុម្ពិក​ជា​ឪពុក​-​ម្ដាយ ។ កុដុម្ពិក​រំភើប​ស្លុត​ក្នុង​ចិត្ត ហើយ​តាំង​រៀបចំ​កន្លែង​ទទួល​ព្រះរាជា​ស្ដេច​សួរ​អំពី​ដំណើរ​ដើម​មានកូន​ប្រុស​ស្រី​ប៉ុន្មាន​នាក់ ។

សេដ្ឋី​ក្រាបទូល​ថា ៖ «​ខ្ញុំព្រះអង្គ មាន​តែ​កូនប្រុស​មួយ​នាក់ ហើយ​ជា​ជ្រូក​ផង តែ​ចេះ​និយាយ​ភាសា​មនុស្ស​ច្បាស់លាស់​ណាស់ ។ ពេល​មួយ​កូន​នោះ​ទារ​រក​ដណ្ដឹងប្រពន្ធ លុះ​ខ្ញុំព្រះអង្គ​ប្រាប់​ថា​រក​ពុំ​បាន​ទេ កូន​នោះ​ក៏​ស្រាប់តែ​ដើរ​បាត់​រហូត​មិនដឹង​ជា​ទៅ​ណា​មក​ណា យូរ​មក​ហើយ » ។

ស្ដេច​ជ្រាប​ព័ត៌មាន​នេះ​ហើយ ក៏​ត្រាស់​អំពី​រឿង​ពិត​ឲ្យ​កុដុម្ពិក​ដឹង​សព្វគ្រប់ ។ កុដុម្ពិក​ត្រេកអរ​ណាស់ ក៏​នាំ​គ្នា​ឱប​ព្រះរាជា​សរសើរ​បុណ្យ​បារមី ។ ព្រះរាជា​ក៏​ត្រាស់​បញ្ជា​ឲ្យ​កុដុម្ពិក​ទាំង​ភរិយា​ស្វាមី​ទៅ​រស់នៅ​ឯ​រាជវាំង ។ ឯ​យាយ​ចាស់ ជា​ម្ដាយ​នាង​ពៅ​វិញ ក៏​ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​មក​នៅ​ក្នុង​រាជវាំង​ដែរ ។

ពិតមែនតែ​ព្រះ​អង្គ មាន​រូប​កាយ​ជា​មនុស្ស​ពេញ​បរិបូណ៌ ប៉ុន្តែ​ទ្រង់​នៅ​តែ​នឹក​សន្ដោស​ដល់​សត្វ​ជ្រូក ព្រោះតែ​ពី​ពេល​មុន​ធ្លាប់​រស់នៅ​ជា​សត្វ​នេះ ក៏​ព្រះ​អង្គ​ត្រាស់​បញ្ជា​ឲ្យ​ក្រុម​ហោរា​យក​នាម​សត្វ​ជ្រូក ទៅ​ដាក់​ឈ្មោះ​ឆ្នាំ​មួយ​ជា​ឆ្នាំ​ទី​១២ ឲ្យ​សម្គាល់ថា ឆ្នាំកុរ​នោះ​ជា​នាម​សត្វ​ជ្រូក ។ នេះ​ជា​រឿងព្រេង​ជ្រូក​បាន​ឡើងជា​ឈ្មោះ​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ