ខេត្តកំពត ៖ កម្លាំងរបស់អធិការនគរបាលស្រុកកំពង់ត្រាចសហការជាមួយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការខេត្ត បានចុះបង្ក្រាបកន្លែងទីតាំងលាក់ខ្លួនជួញដូរ និងប្រើប្រាស់គ្រឿងញៀនបីកន្លែ ងផ្សេងគ្នាក្នុងស្រុកកំពង់ត្រាចក្នុងថ្ងៃតែមួយ ។
តាមប្រភពពីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបាន ឲ្យដឹងថា នៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងប្រើប្រាស់ថ្នាំញៀន និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច ។
ប្រភពបានបន្តថា បន្ទាប់ពីឃាត់ ខ្លួនជនសង្ស័យបីនាក់ខាងលើរួចមក នៅវេលាម៉ោង ២និង០០នាទីរសៀលកម្លាំងសមត្ថកិច្ចបានបន្តចុះបង្ក្រាបទីតាំងប្រើប្រាស់មួយកន្លែងទៀតក្នុងឃុំកំពង់ត្រាចខាងកើត និងបានឃាត់ខ្លួនជនសង្ស័យបាន០២នាក់ទៀត រួមនិងវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្ត និងកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចដដែលបានបន្តចុះទៅបង្ក្រាបទីតាំងថ្នាំញៀនមួយកន្លែងទៀត នៅចំណុចភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងរឹបអូសវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច និងឧបករណ៍សំរាប់ជក់មួយឈុត ។
ជនសង្ស័យទាំង៧នាក់រួម និងវត្ថុតាងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ