រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញសារាចរណែនាំពីការ ត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ដោយសារឥទ្ធិពលខ្យល់ព្យុះទី១៤ ។ យោងតាមសារាចរណ៍ណែនាំរបស់សម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញានេះ ។
ដោយបានលើកឡើងថាយោងតាមការពិនិត្យសង្កេតតាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបគួបផ្សំ នឹងឥទ្ធិពលរបស់ព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី (KAJIKI) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបាន បង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុកនៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ។
ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះនឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួនដែលស្ថិតនៅអមសងខាងទន្លេ មេគង្គផ្នែកខាងលើ ។
យោងតាមការព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ៖ ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់១២,៣៥ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន១២,០០ ម៉ែត្រ) ។ ស្ថានីយជលសាស្ត្រខេត្តក្រចេះនៅថ្ងៃទី០៩ ខែកញ្ញាទឹកអាចកើនឡើងដល់កម្ពស់២៣,២០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន២៣,០០ ម៉ែត្រ) ។
ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់១៥ ,៧០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៥,២០ ម៉ែត្រ) ។ ស្ថានីយជលសាស្ត្របាសាក់ចតុមុខ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់៩,៤៥ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ) ។
ដោយឡែកចំពោះកម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាបក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ។ ទន្ទឹមនោះទឹកនៅតាមបណ្តាស្ទឹងមួយចំនួនក៏បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ ។ ប្រភពបានបន្តថា យោងលើស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកដូចបានបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានាត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយ ឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ