រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការតែងតាំងជាប្រធានគណៈកម្មការចំរុះខណ្ឌសីមាព្រំដែនគោកថៃ-កម្ពុជាថ្មីៗនេះ លោកអាស្តា ឆាយ៉ាណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកបានចូលជួបលោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចំរុះកិច្ចការព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី១១ មករា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសំដែងការគួរសមមុននឹងឈានទៅដល់ដំណាក់កាលធ្វើកិច្ចការព្រំដែនជាមួយគ្នានៅពេលខាងមុខ។
បន្ទាប់ពីចប់ជំនួបនោះមកលោកវ៉ា គឹមហុង បានផ្តល់កិច្ចសំភាសន៍ដល់អ្នកកាសែតថា បន្ទាប់ពីបានជួបពិភាក្សាគ្នាមកគណៈកម្មការព្រំដែនរបស់ប្រទេសទាំងពីរមានគំរោងជួបពិភាក្សាគ្នានៅពេលក្រោយៗទៀតនៅភ្នំពេញ ឬនៅបាងកកតាមភាពជាក់ស្តែង ។ នៅក្នុងកិច្ចពិភាក្សានេះគណៈកម្មការព្រំដែនប្រទេសទាំងពីរបានពិភាក្សាលើបញ្ហាធម្មតាៗ ដូចជាបញ្ហាដែលត្រូវបញ្ជូនក្រុមអ្នកបច្ចេកទេសរុករកបង្គោលព្រំដែននៅបង្គោលលេខ១ និងបង្គោលលេខ២៣ជាដើម ហើយបើសិនជាភាគីថៃអាចធ្វើទៅបានជាមួយភាគីកម្ពុជាយើងនឹងចាប់ផ្តើមរុករកភ្លាម ។ ភាគីថៃកំពុងធ្វើការលើបញ្ហានេះដែរ ហើយគេនឹងជូនដំណឹងនៅពេលក្រោយទៀត។
លោកវ៉ា គឹមហុង យល់ថា លោកអាស្តា ឆា យ៉ាណាម មកជួបពិភាក្សាសំដែងការគួរសមចំពោះគណៈកម្មការព្រំដែនកម្ពុជានៅពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលគាត់ចង់តភ្ជាប់ទំនាក់ទំនងការងារព្រំដែនឡើងវិញ បន្ទាប់ពីការងារនេះត្រូវកាត់ផ្តាច់មួយរយៈកាលកន្លងមក។ នេះគឺជាការល្អមួយដែលសង្ឃឹមថា ការងារនេះនឹងអាចដំណើរការឈានទៅមុខតទៅទៀត។ មុននេះលោកបានមានប្រតិកម្មតបចំពោះព័ត៌មានដែលថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បញ្ជាការកងទ័ពជើងគោកថៃចង់ឱ្យមានការវាស់វែងបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើងវិញតាមបច្ចេកទេសថ្មី។ លោកបានតបទៅវិញថា ការវាស់វែងបន្ទាត់ព្រំដែនបារាំង-សៀមនោះ គឺធ្វើទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលស្គាល់ជាអន្តរជាតិផងដែរ។ ការចរចាព្រំដែនត្រូវបានជាប់គាំងមិនមានដំណើរការទៅមុខទេ ដោយសារតែកម្ពុជាត្រូវការសភាថៃផ្តល់ការអនុម័តលើកំណត់ហេតុរបស់ JBC ចំនួន៣ដែលបានធ្វើឡើងរួចហើយ។ កម្ពុជាបានពន្យល់ហេតុផលទៅខាងថៃថា តើបន្តការចរចាធ្វើអ្វីបើការព្រមព្រៀងគ្នាទាំងឡាយនៅតែមិនអាចប្រើការបានដោយសារតែធម្មនុញ្ញថៃមាត្រា១៩០ដាច់ខាតត្រូវឆ្លងសភាអនុម័តសិន តែមកដល់ពេលនេះសភាមិនទាន់បានអនុម័តនៅឡើយលើកំណត់ហេតុរបស់ JBC នោះ។
- ព្រឹកនេះតុលាការឱ្យអនុរក្សពន្ធនាគារនាំខ្លួនសៀម២នាក់មកសាកសួរ
ប្រភពព័ត៌មានពីមេធាវីការពារក្តីឱ្យជនជាតិសៀម៧នាក់ ដែលឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ មករានេះ លោកស្រីចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទសៀម២នាក់មកសាកសួររឿងថ្មីមួយទៀតដែលលោកព្រះរាជអាជ្ញារងតំណាងអយ្យការទើបនឹងធ្វើការចោទប្រកាន់ពីបទប៉ុនប៉ងប្រមូលផ្តុំព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចការពារជាតិតាមមាត្រា២៧ និងមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌថ្មីនេះ។ ជនដែលត្រូវចោទ២នាក់ គឺម្នាក់ឈ្មោះវីរៈ ស៊ុមខ្វាមឃីត ភេទប្រុស ជាអគ្គេលខាធិការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ និងម្នាក់ទៀតឈ្មោះរ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃបូន ភេទស្រី ជាអ្នកលក់គ្រឿងទេស និងជាអ្នកសារព័ត៌មាន។
ការនាំជនសង្ស័យសៀម២នាក់ខាងលើមកសាកសួរនេះ ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី៧ មករា លោកស្រីចាំង ស៊ីណាត ចៅក្រមស៊ើបអង្កេតជាអ្នកសួរចំលើយលើករណីជនជាតិសៀមទាំង៧នាក់។ ការសាកសួរជនសង្ស័យទាំង៧នាក់លើរឿងឆ្លងចូលទីតាំងយោធា និងជនអន្តោប្រវេសន៍ខុសច្បាប់នោះ លោកស្រីចៅក្រមបានរកឃើញបទល្មើសថ្មីមួយទៀតគឺប៉ុនប៉ងប្រមូលផ្តុំព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចការពារជាតិ បទល្មើសនេះតាមមាត្រា២៧ និងមាត្រា៤៤៦ ក្រមព្រហ្មទណ្ឌថ្មី។ បន្ទាប់ពីលោកស្រីចៅក្រមរកឃើញបទល្មើសនេះហើយ លោកស្រីបានធ្វើសំណើដាក់ទៅតំណាងអយ្យការ ដើម្បីសំរេចធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ ប្រភពបន្តថា លោកសុខ រឿន ព្រះរាជអាជ្ញារងក៏បានឯកភាព និងយល់ព្រមតាមការស្នើសុំរបស់លោកស្រីចៅក្រមទើបមានការចោទប្រកាន់បន្ថែមលើជនជាតិសៀម២នាក់នេះជាផ្លូវការនៅថ្ងៃនេះ។
- បញ្ហាជនជាតិសៀម៧នៅតែដុតរោលក្រុងបាងកក
កាសែតថៃកាលពីថ្ងៃទី១១ មករា បានផ្សាយថា លោកឆាវ៉ានុន អ៊ីនថាហ្គោ ម៉ាលស៊ុត អនុរដ្ឋលេខាធិការក្រសួងការបរទេសបានបង្ហើបឱ្យដឹងពីដំណឹងដែលបញ្ជាក់ថា អាចមានការចោទប្រកាន់ពីបទស៊ើបការណ៍ (ចារកម្ម) បន្ថែមទៅលើលោកវីរ៉ា ស៊ុមខ្វាមឃីត និងលោកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃបូន ដែលអ្នកទាំង២នាក់ស្ថិតក្នុងចំណោមជនជាតិថៃទាំង៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួន។
កាសែតថៃដដែលបន្តថា ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះក្រសួងការបរទេសកំពុងធ្វើការតាមដានយ៉ាងដិតដល់។ មានការព្យាករណ៍ទុកថា នៅថ្ងៃទី១២ មករា តុលាការកម្ពុជាអាចមានគោលការណ៍ច្បាស់លាស់មួយឆ្លើយតបជុំវិញការសុំធានាឱ្យនៅក្រៅឃុំរបស់ជនជាតិថៃទាំង៧នាក់ ដែលបានស្នើសុំកាលពីថ្ងៃទី១០ មករា កន្លងទៅ។ គួរបញ្ជាក់ថា ការសុំព្រះរាជទានអភ័យទោសពីព្រះមហាក្សត្រកម្ពុជា គឺជាយុទ្ធសាស្ត្រមួយក្នុងការជួយជនជាតិថៃត្រឡប់ទៅប្រទេសវិញ ប៉ុន្តែត្រូវធ្វើការពិភាក្សាជាមួយផ្នែកច្បាប់ជាថ្មីទៀត តើមធ្យោបាយណាមួយដែលជាជម្រើសដ៏ល្អនោះ។
លោកឆាវ៉ានុន បានគូសបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងថ្ងៃទី១១ មករា កន្លងមក ក្រៅពីពិភាក្សាលើរឿងជួយជនជាតិថៃទាំង៧នាក់ និងមាននិន្នាការបង្កើតគណៈកម្មការជួយសង្គ្រោះជនជាតិថៃទាំង៧នាក់ដែរ ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានកំណត់តួនាទីធ្វើការយ៉ាងច្បាស់លាស់ថា ក្រសួងការបរទេសនឹងទទួលខុសត្រូវបន្ទុកនេះទាំងស្រុង ដោយមានកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរាជទូតប្រចាំនៅក្រុងភ្នំពេញ និងជាមួយផ្នែកច្បាប់របស់ក្រសួង។
- រឿងក្តីទុកឱ្យតុលាការអនុវត្តតាមច្បាប់
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ហើយ ទាក់ទិនទៅនឹងជនជាតិថៃ៧នាក់ ដែលត្រូវបានចាប់ខ្លួនពីបទបំពានចូលទឹកដីកម្ពុជាខុសច្បាប់នោះថានេះជាសមត្ថកិច្ចរបស់តុលាការ គ្មានអ្នកណាមួយអាចលូកដៃបានទេ។ មិនថារដ្ឋាភិបាល ឬជនបរទេស មិនថារាជរដ្ឋាភិបាល ឬជនជាតិកម្ពុជាគឺដំណើរការតាមច្បាប់។ ទាក់ទិននឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅហើយ រឿងនេះជាសមត្ថកិច្ចតុលាការ។ មិនត្រូវធ្វើសេចក្តីថ្លែងការណ៍ណាមួយនាំទៅដល់ផលប៉ះពាល់ការកាត់ក្តីដែលឯករាជ្យរបស់តុលាការនោះទេ។ ត្រូវគោរពភាពឯករាជ្យរបស់តុលាការ។ តុលាការគេចោទប្រកាន់យ៉ាងណា គេកាត់យ៉ាងណាត្រូវទុកឱ្យតុលាការ។ បន្ទាប់ពីនោះ នីតិវិធីយ៉ាងណា រយៈពេលប្តឹងឧទ្ធរណ៍ប៉ុន្មាន… ហើយគេប្តឹងឧទ្ធរណ៍យ៉ាងណា ឧទ្ធរណ៍ត្រូវកាត់ កាត់ហើយគេមិនសុខចិត្ត គេប្តឹងទៅកំពូលយ៉ាងណាទុកឱ្យតុលាការ កុំធ្វើសេចក្តីថ្លែងការណ៍ច្រើនពេក។ ខ្ញុំសូមផ្តាំប៉ុណ្ណឹង ព្រោះរឿងនេះទាក់ទងនឹងប្រព័ន្ធច្បាប់ សង្ឃឹមថា អ្នកទាំងអស់ដែលយកចិត្តទុក ដាក់លើរឿងនេះនឹងយល់។
រឿងនេះគឺរឿងតុលាការ ហើយបន្ទាប់ពីនោះចាំនិយាយគ្នាទៀត។ ប៉ុន្តែច្បាប់គឺច្បាប់តុលាការគឺតុលាការ មិនអាចរដ្ឋាភិបាលទៅបង្គាប់បញ្ជាបានទេ។
ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោសង្កត់ធ្ងន់ថា សូមប្រាប់ថា អត់បានទេ មកពីជ្រុងណាក៏អត់បានដែរ មកពីអង្គការសហប្រជាជាតិក៏អត់បានដែរ ព្រោះរឿងនេះជារឿងរបស់តុលាការ ដូច្នេះហើយបានជាខ្ញុំគ្មានការឆ្លងឆ្លើយ ទោះបីអ្នកនោះ និយាយបំពានតាមរបៀបថា ដោះដោយឥតលក្ខខណ្ឌ ដោះបន្ទាន់ដោយឥតលក្ខខណ្ឌក៏ដោយ។ បន្ទាន់ដោយឥតលក្ខខណ្ឌ ដូចម្តេច… ឱ្យតុលាការកាត់សិនទៅ… ហើយកាត់តាមផ្លូវច្បាប់។ ជួនកាលការធ្វើសេចក្តីថ្លែងការណ៍ខ្លះនាំទៅដល់ថ្ងៃក្រោយពិបាកសំរួល ព្រោះយើងត្រូវគោរពច្បាប់។ កាត់ហើយរយៈពេល៣០ថ្ងៃប្តឹងឧទ្ធរណ៍ ហើយសាលក្រមចូលស្ថាពរ ហើយត្រូវ២ភាគ៣ជាប់គុកសិន ទើបពិនិត្យទៅដល់ការលើកលែងទោសយ៉ាងណានោះ។
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់ធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលជះឥទ្ធិពលដល់ការកាត់ក្តីរបស់តុលាការទេ សូមមេត្តាយោគយល់ ហើយសូមកុំឱ្យមានបញ្ហាអ្វីដល់ទំនាក់ទំនងផ្សេងៗទៀត។ រឿងនេះគឺជារឿងបុគ្គលដែលបំពានតែប៉ុណ្ណោះ កុំឱ្យវាខូចខាតដល់ទំនាក់ទំនងដទៃទៀត។
- លោកស៊ូថេប ៖ អត្ថាធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន មិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី
យោងតាមគេហទំព័រ MCOT កាលពីថ្ងៃទី១១ មករា ថា លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ មករា នោះថ្លែងថា រូបលោកមានជំនឿថា អត្ថាធិប្បាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលថា គ្មានអ្នកណាម្នាក់ រួមទាំងអង្គការសហប្រជាជាតិផងមិនអាចធ្វើអន្តរាគមន៍ក្នុងដំណើរការកាត់ក្តីរបស់តុលាការកម្ពុជាចំពោះករណីជនជាតិសៀម៧នាក់ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្នក្នុងប្រទេសកម្ពុជានោះ មិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសថៃនិងប្រទេសកម្ពុជាទេ គឺសម្តេចតេជោធ្វើតាមគោលការណ៍នីតិវិធីច្បាប់ប៉ុណ្ណោះ។
គេហទំព័រថៃដដែលបានចេញផ្សាយព័ត៌មានដោយដកស្រង់សំដីលោកស៊ូថេប ដែលថ្លែងថា ឥឡូវនេះភាគីថៃមិនអាចធ្វើអ្វីបានឡើយក្រៅពីរង់ចាំការចេញសាលក្រមរបស់តុលាការ ហើយលោកស៊ូថេប ក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់កុំឱ្យធ្វើអ្វីដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ករណីពលរដ្ឋថៃ៧នាក់។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ មករា កន្លងមកថា ពុំមាននរណាម្នាក់អាចធ្វើអន្តរាគមន៍ក្នុងករណីរបស់ជនជាតិសៀមទាំង៧នាក់នោះបានឡើយ។
លោកស៊ូថេប ថ្លែងទទួលស្គាល់ថា នីតិវិធីរបស់តុលាការកម្ពុជាមិនខុសពីនីតិវិធីរបស់តុលាការថៃទេ គឺមិនត្រូវដាក់សម្ពាធលើតុលាការទេ ហើយអ្វីដែលសម្តេចតេជោហ៊ុន សែន បានថ្លែងនោះគឺគ្រាន់តែជាគោលការណ៍នីតិវិធីច្បាប់ប៉ុណ្ណោះ ដោយសម្តេចតេជោពុំមានចេតនាបង្កឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនោះទេ។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះអះអាងបញ្ជាក់សាជាថ្មីថា ពេលនេះអាជ្ញាធរថៃកំពុងប្រើប្រាស់ និងរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយពលរដ្ឋថៃទាំង៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោហ៊ុន សែន ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនស៊ីនហួដែលថ្លែងថា «វាមិនអាចឡើយ សូម្បីតែអង្គការសហប្រជាជាតិចំពោះការធ្វើអន្តរាគមន៍ក្នុងករណីនេះ។ ខ្ញុំគ្រាន់តែអះអាងបញ្ជាក់ថា គ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍ក្នុងប្រព័ន្ធតុលាការកម្ពុជាឡើយ»។ សម្តេចតេជោថ្លែងបន្តទៀតថា ក្រោយពីការកាត់ទោសជនជាប់ចោទទាំង៧នាក់ អាចប្តឹងឧទ្ធរណ៍ ប្រសិនបើពួកគេមិនឯកភាពចំពោះសាលក្រមនៃការកាត់ទោសពួកគេ។
ដោយឡែក កាលពីថ្ងៃទី១០ មករា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា បានកោះឱ្យមានកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ ដើម្បីរិះរកវិធានការ និងមធ្យោបាយជួយពលរដ្ឋថៃ៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃ.សរបស់កម្ពុជា។ កិច្ចប្រជុំនោះចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ធឿកស៊ូបាន់ លោកប្រាវីត វង្សស៊ូវុន រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេស។
នៅពេលថ្លែងទៅកាន់សារព័ត៌មានក្រោយពីកិច្ចប្រជុំនោះ លោកអាប់ភីស៊ីត ពោលថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីវិធានការ និងរិះរកមធ្យោបាយ ដើម្បីជួយពលរដ្ឋថៃទាំង៧នាក់ ក្រោយពីតុលាការកម្ពុជាចេញសាលក្រមរបស់ខ្លួន។ លោកអាប់ភីស៊ីត ថ្លែងដូច្នេះក្រោយពីសម្តេចតេជោហ៊ុន សែន ថ្លែងថា មានតែតុលាការប៉ុណ្ណោះដែលនឹងសំរេចពីជោគវាសនារបស់ជនជាប់ចោទសៀមទាំង៧នាក់នោះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកថានី ថុងភក្តី ថ្លែងអះអាងថា មេធាវី បានដាក់សំណើសុំការនៅក្រៅឃុំដោយការបង់ប្រាក់ធានាសំរាប់ពលរដ្ឋថៃ៧នាក់នោះរួចហើយ ហើយប្រសិនបើតុលាការកម្ពុជាយល់ព្រមចំពោះសំណើនេះ ហើយកំណត់លក្ខខណ្ឌពីការបង់ប្រាក់ធានានេះ ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ នឹងត្រៀមខ្លួនផ្តល់ជំនួយដល់ពួកគេ៕
( អ៊ុយសុង +ប៊ុនណាក់ +សេង )
ចែករំលែកព័តមាននេះ