ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​មន​-​ខ្មែរ​ នៅ​ឧត្ដរ​រាជធានី ប្រទេស​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

នោះ​គឺជា​ទីក្រុង​មន​-​ខ្មែរ សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ជា​ឫសកែវ​នៃ​វប្បធម៌​ខ្មែរ រួម​មាន​វិស័យ​ស្ថាបត្យកម្ម​មុន​សម័យ​បុរេប្រវត្តិសាស្ត្រ ពោល​គឺ​មុន​ការ​លេចធ្លោ​ឡើង​នៃ​ទីក្រុង​បែប​ឥណ្ឌា​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​វា​បាន​គូសបញ្ជាក់​តាម​របកគំហើញ​ខាង​បុរាណវិទ្យា ដែល​អ្នក​បុរាណ​វិទូ​បាន​ជួប​ប្រទះ ។ ដូច្នេះ​ហើយ​បានជា​បុព្វបុរស​ខ្មែរ​មុន​ការ​មក​ដល់​នៃ​ជនជាតិ​ថៃ និង​លាវ…

នោះ​គឺជា​ទីក្រុង​មន​-​ខ្មែរ សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ជា​ឫសកែវ​នៃ​វប្បធម៌​ខ្មែរ រួម​មាន​វិស័យ​ស្ថាបត្យកម្ម​មុន​សម័យ​បុរេប្រវត្តិសាស្ត្រ ពោល​គឺ​មុន​ការ​លេចធ្លោ​ឡើង​នៃ​ទីក្រុង​បែប​ឥណ្ឌា​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​វា​បាន​គូសបញ្ជាក់​តាម​របកគំហើញ​ខាង​បុរាណវិទ្យា ដែល​អ្នក​បុរាណ​វិទូ​បាន​ជួប​ប្រទះ ។

ដូច្នេះ​ហើយ​បានជា​បុព្វបុរស​ខ្មែរ​មុន​ការ​មក​ដល់​នៃ​ជនជាតិ​ថៃ និង​លាវ គឺ​លោក​បាន​បង្កើត​នូវ​វប្បធម៌​មួយ​ដ៏​រុងរឿង មាន​ដូច​ជាទី​ក្រុង​រាង​មូល ឬ​ជា​ពងក្រពើ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ឧត្ត​ន​រ៉ាត​ថា​នី (​ឧត្តរ​រាជធានី​) បច្ចុប្បន្ន ។ នេះ​បើ​តាម​ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ។

ឯកសារ​ដដែល​ពណ៌នា​ថា ក្នុង​ខេត្ត​នោះ នៅ​ត្រង់​ភូមិ​បាន​ឈៀង ស្រុក​ណុ​ង​ហាន បច្ចុប្បន្ន គេ​បាន​រក​ឃើញ​ទីប្រជុំជន​មួយ នា​សម័យ​មុន​ឥណ្ឌា​ចូល​ស្រុក​ដ៏​សំខាន់​ជាងគេ​បំផុត​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ។ សូម​ជម្រាប​ថា ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​សម័យ​នោះ មនុស្ស​ខ្មែរ​នៅ​ភូមិ​បាន​ឈៀង មានការ​រីក​ចម្រើន​គ្រប់​វិស័យ​រួច​ទៅ​ហើយ​ក្នុង​សហគមន៍​របស់​ខ្លួន ។

ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​សម័យ​ចេ​ន​ឡា​ទើប​មានការ​លេចធ្លោ​ឡើង​នូវ​មូលនិធិ​សាសនា​បែប​ឥណ្ឌា រួម​មាន​វប្បធម៌​រូបី និង អរូបី ។ ករណី​ភូមិ​បាន​ឈៀង គឺជា​ភ័ស្តុតាង​វប្បធម៌​សម័យ​បុរេ​ប្រវត្តិ​សាស្ត្រ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដី​លើក មិន​គ្រាន់តែ​ជា​និមិត្ត​រូបសណ្ឋាន​នៃ​នគរ​រាម​និ​យ​កម្ម​វិទ្យា​ដំបូង​បង្អស់​ទេ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ជា​សក្ខីកម្ម​នៃ​ការ​លេចធ្លោ​ឡើង​ក្នុង​សញ្ញាណ​នៃ​អំណាច​កណ្តាល ដែល​ជា​សណ្ឋាន​នៃ​រដ្ឋ​ខ្មែរ​ដំបូង​បង្អស់​ថែម​ទៀត​ផង ។ បើ​និយាយ​ម្យ៉ាងទៀត​គឺ​ការ​ប្រមូលផ្តុំ​នូវ​អំណាច​ជុំវិញ​ប្រមុខ​ដឹកនាំ​ស្រុកភូមិ​ដែល​ជា​មេកន្ទ្រាញ ។

សូម​រំលឹក​ថា ទីក្រុង​ខាងលើ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នោះ​គឺ​ត្រូវ​បាន​ផ្តើម​ឡើង​តាំងពី​ចុង​សម័យ​ថ្ម​ថ្មី ឬ​ថ្ម​រំលីង ប្រមាណ​ជា​២៦០០​ឆ្នាំ មុន​គ​.​ស ហើយ​ត្រូវ​បន្ត​រហូត​ដល់​សម័យ​លោហៈធាតុ (​សំរឹទ្ធិ​, ជើ​ក​) ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ស​.​វ​ទី​២​នៃ​គ​.​ស ។ ដូច​នៅ​លើ​ទឹកដី​ខ្មែរ​បច្ចុប្បន្ន ខេត្តកំពង់​ចាម​ជាដើម បុព្វបុរស​ដែល​រស់នៅ​ក្នុងភូមិ​បាន​ឈៀង មាន​វប្បធម៌​ស្រ​ដៀង​នឹង​ស្ថានីយ ផ្សេង​ៗ​ឯទៀត ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែនដី​គោក រួម​មាន​សំណង់​ស្ថាបត្យកម្ម (​ផ្ទះសម្បែង​ខ្ពស់​ពី​ដី​) កសិកម្ម សិប្បកម្ម (​តម្បាញ​, ភាជន៍ និង​គ្រឿងអលង្ការ​) តូរ្យតន្ត្រី ការ​ផ្សាំង​សត្វ និង​ពាណិជ្ជកម្ម​ជិត​ឆ្ងាយ​ជាដើម​។ ម្យ៉ាងវិញទៀត​ខុស​ពី​សម័យ​ប្រវត្តិសាស្ត្រ មនុស្ស​នា​សម័យ​នោះ​និយម​ការ​កប់​សព ពោល​គឺ​មិន​បាន​បូជា ឬ​ដុត​សព ដោយ​ភ្លើង​នោះ​ទេ ។

សូម​ជម្រាប​ថា ភូមិ​បាន​ឈៀង​ខាងលើ​នេះ គឺជា​កន្លែង​កប់​សព​ធំ​ជាងគេ​បង្អស់​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ហើយ​មាន​លក្ខណៈ​ត្រចះត្រចង់ រុងរឿង​ថ្កើងថ្កាន​ជាង​វប្បធម៌​នៅ​ភូមិ​ស្នាយ ក្នុង​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន មាន​អាយុ​តិច​ជាង​បន្តិច ព្រោះ​ស្ថិត​ក្នុង​យុគ​លោហៈធាតុ (​ដែក​) បើ​សំអាង​លើ​ការ​វិភាគ​នៃ​សមិទ្ធផល​សង្គម ដែល​គេ​បាន​បន្សល់​ទុក​ក្នុង​ផ្នូរ​សព ដែល​មាន​ចំនួន​ដ៏​លើសលប់​ឥត​គណនា ។

តាម​រយៈ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​បុរាណ​វិទូ​ថៃ បាន​បង្ហាញ​ពី​ឫសកែវ​នៃ​វប្បធម៌​មុន​សម័យ​ឥណ្ឌូ​រូប​និ​យ​កម្ម ដែល​មាន​វឌ្ឍនភាព​ដ៏​ឧត្តុង្គឧត្តម​រួច​ទៅ​ហើយ ហើយ​ទន្ទឹម​នឹ​នេះ​ដែរ​វា​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ទាក់ទង​វប្បធម៌ សេដ្ឋកិច្ច រវាង​សហគមន៍​មន​-​ខ្មែរ​ទាំងនោះ​ក្នុង​ភូមិភាគ​នេះ និង​សហគមន៍​មនុស្ស​ជិត​ឆ្ងាយ ដូច​ជា​ចិន និង​ម៉ា​ឡេ​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ